ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានព្រមានកាលពីថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០១៣ថា រាជ រដ្ឋាភិបាល នឹងមិនអត់ឱនឲ្យមេដឹកនាំគណបក្សប្រឆាំងឡើយ ក្នុងករណីដែលពួកគេ ដឹកនាំមហាបាតុកម្ម ក្នុងបំណងផ្ដួលរំលំរាជរដ្ឋាភិបាល។លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកយកព័ត៌ មានថា រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បាននាំមកនូវសមិទ្ធផលជាច្រើន រួមទាំងស្ថិរភាពនយោបាយ និង សន្ដិភាពជូនប្រជាពលរដ្ឋ ។ លោកបាន បញ្ជាក់ថា លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ តែងតែប្រកាសថា នឹងជំរុញប្រជាពលរដ្ឋឲ្យធ្វើមហាបាតុកម្ម ដើម្បីផ្លាស់ប្ដូរនៅក្នុងឆ្នាំ២០១៣នេះឲ្យបានជាដាច់ខាត ប៉ុន្ដែរាជ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ បំផ្លាញសមិទ្ធផល ទាំងអស់នោះទេ ។ លោក ខៀវ សុភ័គ បាន សង្កត់ធ្ងន់ថា គ្រាន់តែធ្វើបាតុកម្មធម្មតាមិនអីទេ តែកុំធ្វើបាតុកម្ម ផ្ដួលរំលំរាជរដ្ឋាភិបាល យើងមិនអនុញ្ញាត ឲ្យជនណាម្នាក់ បំផ្លាញសមិទ្ធផល របស់ជាតិទេ ។
ក្រុមមេដឹកនាំ គណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈប្រាប់ទៅក្រុមអ្នកគាំទ្ររបស់ខ្លួនថា មហា បាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតនឹងកើតមាននៅមុនថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៣ គឺមុនពេលគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ ។ តាមគម្រោងរបស់ លោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាមេដឹកគណបក្សសង្គ្រោះជាតិ គឺមហា បាតុកម្ម ប្រឆាំង លទ្ធផល នៃការបោះឆ្នោត កើតឡើងនៅ ទូទាំង ប្រទេសតែម្ដង ក្រោយពេលគណបក្ស សង្គ្រោះ ជាតិ រកឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ ។ ការតាំងចិត្តរក្សាគោលជំហរធ្វើមហា បាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតរបស់ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យមានសេចក្ដី ព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដល់ស្ថិរភាពនយោបាយសន្ដិសុខសង្គមនិងសេចក្ដីសុខសាន្ដ របស់ ប្រជាពលរដ្ឋ ហេតុនេះ ហើយទើបរាជរដ្ឋាភិបាល ត្រៀមរួចជាស្រេច ដើម្បីថែរក្សាសន្ដិសុខសង្គម ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ថា លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបោះបង់គម្រោង ធ្វើមហាបាតុកម្មប្រឆាំង លទ្ធផល នៃការបោះឆ្នោតនោះទេ ។ ជំហររបស់ក្រុមមេដឹកនាំគណបក្សប្រឆាំងបែបនេះ អាចធ្វើឲ្យប៉ះដល់ស្ថិរភាព នយោបាយ សន្ដិសុខសង្គម សេចក្ដីសុខសាន្ដរបស់ប្រជាពលរដ្ឋនិងការរីកចម្រើនរបស់ប្រទេសជាតិ ព្រោះ នៅពេលមានបាតុកម្មកើតឡើងមិនប្រាកដថា គេអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនោះទេ ។ ដូច្នេះ ការដែលរាជរដ្ឋាភិបាលព្រមានពីការបង្រ្កាបមហាបាតុកម្មរបស់គណបក្សប្រឆាំងដើម្បីរក្សាសន្ដិភាពស្ថិរភាព នយោបាយ និងសន្ដិសុខសង្គមគឺជារឿងសមស្រប ។ ម្យ៉ាងទៀតក្រុមមេដឹកនាំគណបក្សប្រឆាំង មិនត្រូវគិត គូរតែរឿង អំណាច និងផលប្រយោជន៍ ផ្ទាល់ខ្លួននោះទេ គឺត្រូវគិតគូរដល់ផល ប្រយោជន៍ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ និងការរីក ចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យផងដែរ ។
ពាក់ព័ន្ធទៅនឹងជំហរធ្វើបាតុកម្ម ចង់ផ្តួលរំលំរាជរដ្ឋាភិបាល បច្ចុប្បន្ននេះក្រសួងមហាផ្ទៃបានចងក្រងឯកសារវីដេអូដែលទាក់ទងនឹងការជួបជុំរបស់មេគណបក្សសង្គ្រោះជាតិជាមួយសកម្មជនរបស់ខ្លួនក្នុងពេលកន្លងមក ហើយបានផ្ញើរទៅស្ថានទូតនិងអង្គការក្រៅរដ្ឋាភិបាល សរុបជាង ៥០ស្ថាប័នកាលពីពេលថ្មីៗនេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាចង់បង្ហាញថាខ្លឹមសារខ្លះនៃការជួបជុំរបស់មេគណបក្សប្រឆាំងគឺការអំពាវនាវធ្វើបាតុកម្មនិងផ្លាស់ប្តូរមេដឹកនាំនោះទៅបណ្តាប្រទេសមិត្តអោយបានឃើញច្បាស់។ លោក សមរង្ស៊ី បញ្ជាក់ថាគណបក្សសង្គ្រោះជាតិនឹងធ្វើតែសកម្មភាពអហិង្សា។
ឯកសារវីដេអូដែលត្រូវបានបញ្ជូនកាលពីចុងសប្តាហ៍មុនពីក្រសួងមហាផ្ទៃបានបង្ហាញខ្លឹមនៃការប្រកាសអំពាវនាវរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យប្រជាជនចូលរួមធ្វើបាតុ កម្មប្រឆាំង លទ្ធផលបោះឆ្នោតហើយក៏មានការប្រើប្រាស់ពាក្យពេចន៍ដែលទាក់ទងនឹងការបះបោរផ្តួលរំលំមេដឹកនាំផងដែរ។
លោកឧត្តមសេនីយឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃបានបានបញ្ជាក់នៅថ្ងៃពុធនេះថាគោលបំណងនៃការចងក្រងឯកសារទាំងនេះហើយផ្ញើទៅបណ្តាលស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ គឺទី១រដ្ឋាភិបាលកម្ពុជាគ្រាន់តែចង់ប្រាប់ស្ថានទូតនិងអង្គការសំខាន់ៗទាំងនោះថាមេបក្សប្រឆាំងពិតជាបាននិយាយបំផុសអោយមានការផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន និងទី២គឺដើម្បីអោយមេបក្សប្រឆាំងបញ្ឈប់ការស្រែកអំពាវនាវបែបនេះតទៅមុខទៀត។
ប្រតិកម្មទៅនឹងសកម្មភាពរបស់ក្រសួងមហាផ្ទៃ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិយល់ថា នេះគឺជាការព្យាយាមរបស់គណបក្សកាន់អំណាចដើម្បីដាក់សំពាធមកលើរូបលោក។ លោកសម រង្ស៊ីបញ្ជាក់ថាគណបក្សរបស់លោកនឹងធ្វើអ្វីៗតាមផ្លូវសន្តិវិធី។មេគណបក្សប្រឆាំងរូបនេះបានរម្លឹកអំពីសកម្មភាពទាមទារឯករាជ្យភាពប្រទេសឥណ្ឌា របស់លោកម៉ាហាត់ត្មា ហ្កាន់ធី ពីប្រទេសអង់គ្លេស តាមរយៈសកម្មភាពអហិង្សាដូចជាការមិនទៅបំពេញការងារបម្រើរាជការការសម្តែងមតិមិនពេញចិត្តនានា ការមិនចូលរួបង់ពន្ធជាដើម។ទាំងអស់នេះដែលលោកសម រង្ស៊ីបញ្ជាក់ថាវាគឺជាការតវ៉ាដែលតាមរយៈការប្រើប្រាស់សិទ្ធិរបស់ពលរដ្ឋដែលមិនមែនជាការប្រើហិង្សា។យ៉ាងក៏ដោយ ប្រធានគណបក្សប្រឆាំងបញ្ជាក់ថា វាក៏នៅមិនទាន់ដល់ពេលដែលធ្វើសេចក្តីសម្រេចចិត្តណាមួយថាត្រូវធ្វើសកម្មភាពទាំងនោះនៅឡើយទេ។
ពាក់ព័ន្ធ ទៅនឹងបញ្ហាដោះ ស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត លោក ជាម យៀប សមាជិកសភា និងជាមន្ដ្រី ជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា បានមាន ប្រសាសន៍ កាលពីថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៣ថា ឥឡូវនេះ វាយឺតពេលហើយ សម្រាប់ការបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតពីភាព មិនប្រក្រតីអំឡុងការបោះ ឆ្នោតជាតិ កាលពីខែមុន ។ លោក ជាម យៀប បានលើកឡើងទៀតថា“វាយឺតពេលហើយ សម្រាប់ការបង្កើតគណៈកម្មការពិសេស ។ យើងគណបក្សប្រជាជនកម្ពុជា គឺជាអ្នកឈ្នះ យើងមិនអាចឱនលំទោនចំពោះអ្នកចាញ់បានទេ ។ ហេតុដូច្នេះអ្នកដែលចាញ់ គឺត្រូវតែចេះបត់បែន ក្នុងការរក្សាទំនាក់ទំនង របស់ខ្លួន ជាមួយអ្នកដែលទទួលបានជ័យជំនះ ។ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនជឿជាក់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញទេនោះ ហេតុអ្វី បានជានៅតែចូលរួម ក្នុងការបោះឆ្នោត?” ។
សម្រាប់ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានលើកឡើងថា ក្រុមប្រឹក្សាធម្មនុញ្ញកំពុងដោះស្រាយពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយប្រុងប្រយ័ត្ន ។ ហេតុនេះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសមិនត្រូវជឿតាមការញុះញង់របស់ក្រុមមេដឹកនាំ គណបក្សសង្គ្រោះជាតិឲ្យចូលរួមធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតនោះទេ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់ រង់ចាំស្ដាប់លទ្ធផលផ្លូវការ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវគិតគូរពីស្ថិរភាពនយោបាយ សន្ដិសុខសង្គម និងការរស់នៅ ដោយសុខសាន្ដ ហើយមិនត្រូវជឿតាមការអូសទាញរបស់គណបក្សប្រឆាំងឲ្យចូលរួមធ្វើមហាបាតុកម្ម នាពេលឆាប់ៗខាងមុខនោះទេ ។ ជាក់ស្ដែងរាជរដ្ឋាភិបាលបានត្រៀមរួចជាស្រេច ដើម្បីបង្ក្រាបមហាបាតុកម្ម ដើម្បីរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសង្គម យ៉ាងប្រុងប្រយ័ត្ន ដើម្បីបញ្ជៀសប្រទេសធ្លាក់ទៅក្នុងវិបត្តិនយោបាយ ដូចបណ្តាប្រទេសមួយចំនួនធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតនោះឡើយ៕ ដោយ ៖ សស្អាត