ព្រះវិហារ ៖ ការជួញដូរសាច់សត្វព្រៃនៅតែជាបញ្ហាក្តៅគគុកនៅក្នុងប្រទេសកម្ពុជា ដែលឈ្មួញបាននឹងកំពុងប្រើប្រាស់រូបភាព និងមធ្យោបាយផ្សេងៗសម្រាប់ការដឹកជញ្ជូនទៅលក់ពីតំបន់មួយទៅកាន់តំបន់មួយទាំងសាច់ស្រស់និងសាច់ក្រៀម ។
សាច់សត្វព្រៃស្រស់និងក្រៀមដូចជាឈ្លូសទន្សាយត្រកួតជ្រូកព្រៃក្ដាន់ញែង និងសត្វអាញីក្រៀមដែលគេមានជំនឿថាអាចព្យាបាលរោគ៌ាឲ្យជាបាន ដែលឆ្នាំមុនៗពួកឈ្មួញធ្លាប់ដាក់លក់ដូរយ៉ាងសេរីកណ្ដាលវាលតាមផ្លូវ ឬ តាមតូបដាក់លក់ដូចសាច់ជ្រូកសាច់គោ ក្នុងទីផ្សារក្នុងក្រុងព្រះវិហារ។ ប៉ុន្តែមកដល់ពេលនេះគេមិនសូវជាឃើញរូបភាពបែបនោះទៀតទេ ព្រោះដោយសារមានអង្គការការពារសត្វព្រៃ និងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសតាមឆ្មក់បង្ក្រាបរឹបអូសជាច្រើនលើកច្រើនសារ ព្រមទាំងបានចាប់ផាកពិន័យសម្រាប់អ្នកលក់ និងអ្នកទិញសត្វព្រៃមួយចំនួនធំកាលពីពេលថ្មីៗនេះ។
ការមិនឃើញដាក់លក់ជាសារធារណៈដូចពីមុននេះ មិនមែនមានន័យថាការជូញដូរសត្វព្រៃមានការថយចុះនោះទេ គឺពួកឈ្មួញបានផ្លាស់ប្តូររូបភាពពីដាក់លក់ជាសាធារណៈតាមទីវាល និងតាមផ្សារមកជាវេចខ្ចប់បែបស្តង់ដា ទាំងសាច់ស្រស់និងសាច់ក្រៀមអាចយកទៅលក់បាននៅទីឆ្ងាយជិតតាមបណ្តាខេត្តផ្សេងៗដោយបិទបាំងពីអាជ្ញាធរ ឬ អង្គការទាំងនោះបាន។
គួររំលឹក ថា កាលពីពេលថ្មីៗនេះមានករណីចុះបង្រ្កាបពីអង្គការការពារសត្វព្រៃ និងសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងបានធ្វើការព្រមានដោយបង់ប្រាក់ផាកពិន័យចំពោះស្ដ្រីអាជីវករលក់សាច់សត្វព្រៃខុសច្បាប់ដុះស្លែ៣នាក់នៅខេត្តព្រះវិហារ និងបានអោយធ្វើកិច្ចសន្យាបញ្ចប់សកម្មភាពលក់ដូរ សាច់សត្វព្រៃទាំងនោះតទៅទៀត។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលថ្មីៗនេះសកម្មភាពពួកឈ្មួញជួញដូរទិញលក់សត្វព្រៃខុសច្បាប់ ឬការកាប់សាច់ដាក់លក់នៅតាមទីផ្សារ ទាំងបោះដុំនិងលក់អោយតាមភោជនីយដ្ឋានមួយចំនួនក្នុងក្រុងព្រះវិហារ មានការលួចលាក់រៀងខ្លាចញញើតសមត្ថកិច្ចខុសប្លែកគ្នាខ្លាំងកាលពីឆ្នាំមុនៗ ដែលឈ្មួញទាំងនោះហ៊ានដឹកជញ្ជូន និងតាំងលក់នៅចំពោះមុខសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានទៀតក៏មាន។
ប្រភពខាងលើបាននិយាយថា សាច់សត្វព្រៃមួយចំនួនធំត្រូវបានឈ្មួញបង្វែរធ្វើការវេចខ្ចប់ បង្កប់តាមរថយន្ដតាក់ស៊ី និងរថយន្ដក្រុងដឹកយកទៅលក់អោយភោជនីយដ្ឋាននានានៅខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ យ៉ាងសុខស្រួល និងកើបលុយដាក់ហោប៉ៅពេញៗតែម្តង ដោយមិនទាន់មានសមត្ថកិច្ចជំនាញណាដឹង ឬ បង្ក្រាបករណីនោះបានទ្បើយ៕
ដោយ៖ ស.ស្អាត