កំពង់ចាម ៖ ការចុះបង្ក្រាបបទល្មើសការជួញដូរឈើខុសច្បាប់តាមជួរមាត់ទន្លេមេង្គ ក្នុងភូមិសាស្ត្រស្រុកកំពង់សៀមរបស់សមត្ថកិច្ចនាពេលថ្មីៗកន្លងមកនេះ បានបង្ហាញភាពមិនប្រក្រតីពោលគឺនៅសល់ក្បូនឈើជាងដប់កន្លែងទៀត និង ដេប៉ូឈើមួយកន្លែងទៀតកំពុងដឹកលក់បន្តឳ្យឈ្មួញដោយរលូនហើយសមត្ថកិច្ចមិនបង្ក្រាបទៀតទេឬមួយទីទាំងនោះវាជាឆ្នាំងបាយរបស់សមត្ថកិច្ច។
ភាពមិនប្រក្រតីដែលក្រុមអ្នកតាមដានសំណុំរឿងបង្ក្រាបបទល្មើសខាងលើនេះគឺភស្តុតាង មានគ្រប់គ្រាន់ហើយបែរជាបង្ក្រាបតែម្ចាស់ក្បូនឈ្មោះ រ័ត្ន និង ឈ្មោះ ឆក នៅភូមិថ្មីឃុំរំចេក ស្រុកកំពង់សៀម បានរកឃើញ និង រឹបអូសឈើប្រភេទធ្នង់ប្រមាណជាង១០០ កំណាត់ ក៏ឈប់បង្ក្រាបបន្តពោលបានទុកបណ្តោយឳ្យឈ្មួញជម្លៀសឈើចេញពីកន្លែងដើមយកទៅលាក់ និង លក់បន្តឳ្យឈ្មួញមុនការបង្ក្រាប។
ក្នុងនោះក្បូនឈើបង្កប់ក្រោមអុសសំណាត់ដែលសមត្ថកិច្ចមិនទាន់បានបង្ក្រាបមានម្ចាស់ចំនួន១០នាក់ដែលមានឈ្មោះ កុក ហេងនៅឃុំហាន់ជ័យស្រុកកំពង់សៀម,ស៊ាង លី , ប្រុស ,ច្រឹង , ហ៊ន់ ,ខៀវ ,ចាន់នី ,រិទ្ធ ។ អ្នកទាំង៨នាក់នេះនៅឃុំរអាង ស្រុកកំពង់សៀម , ម៉េង ហ៊ាង នៅឃុំរំចេក និងសុខឃុំកៀនជ្រៃ ស្រុកកំពង់សៀម។ ជាមួយនោះដេប៉ូឈើឈ្មោះ គានៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀមបើកអាជីវកម្មអត់ច្បាប់ប្រមាណដប់ឆ្នាំនោះក៏នៅមិនទាន់មានការបង្ក្រាបនៅឡើយដែរ។
ដោយឡែកប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានចូលរួមការបង្ក្រាបបាននិយាយថាគ្មានការបង្ក្រាបក្រៅពីក្បូនឈើរបស់ឈ្មោះ រ័ត្ន និង ឈ្មោះ ឆកបានឈើប្រមាណជាង១០០ កំណាត់បន្តទៀតទេ។ករណីមិនបង្ក្រាបក្បូនឈើនៅសល់ប្រហែលដប់ម្ចាស់នោះគឺសមត្ថកិច្ចបានចុះពិនិត្យរួចហើយ ជាប្រភេទឈើស្រឡៅ មិនមែនធ្នង់ទេនិងម្យ៉ាងឈើនោះឈ្មួញបានលក់បន្តឳ្យអ្នកស្រុកនៅតំបន់នោះសង់ផ្ទះអស់ហើយ។ មួយវិញទៀតអាជ្ញាធរបានចេញមុខសុំទុកមិនឳ្យរឹបអូស។រីឯដេប៉ូឈើរបស់ឈ្មោះ គា ក៏មិនបង្ក្រាបដែរ ដោយសារឈ្មួញឈើនេះបើកអាជីវកម្មអត់ច្បាប់យូរឆ្នាំហើយនោះ លក់ឈើមានពែកមី(ទិញឈើមានច្បាប់)៕
ដោយ ៖ សស្អាត