រដ្ឋាភិបាលកម្ពុជា ​គ្រោងនឹងស្ថាបនា​ផ្លូវល្បឿនលឿន ​ដើម្បីសម្រួលដល់​ចរាចរពាណិជ្ជកម្ម ​និងទេសចរណ៍ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

     ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវគម្រោងស្ថាបនាផ្លូវល្បឿនលឿន ដើម្បី​សម្រួល​ដល់​ការ​ធ្វើការ​​​ចរា​ចរ​ណ៍ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ ព្រោះថា ការតភ្ជាប់បណ្តាញផ្លូវដឹកជញ្ជូនផ្ទៃ​ក្នុង​​​​ទូទាំងប្រទេសនេះ គឺជា​​កត្តា​​​សំខាន់មួយលើការកាត់បន្ថយ​ភាពស្ថិតនៅដាច់ស្រយាលរបស់​សហ​គមន៍ និងចូលរួមក្នុង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច។

      នេះជាការលើកឡើងរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ថ្លែង​​ឱ្យ​ដឹង​នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នេះ នៅសណ្ឋាគារ សាន់វេ ក្នុងសិក្ខាសាលា​មួយ​«ស្តីពីផែន​ការ​​មេ​សាង​សង់ផ្លូវល្បឿង​លឿន នៅ​ព្រះរាជាណាចក្រកម្ពុជា» ដោយមានការសហ​ការជាមួយវិទ្យា​ស្ថាន​​​​ផែន​​ការសិក្សាគម្រោងប្លង់គមនាគមន៍ ខេត្តហឺណាន ប្រទេសចិន។

      លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានបន្តថា ការសាងសង់ និងអភិវឌ្ឍន៍​ផ្លូវ​ល្បឿនលឿននេះ អាចត្រូវចាប់ផ្តើមនៅឆ្នាំ២០២០ ខាងមុខ ដោយសាងសង់ដំបូងលើចម្ងាយផ្លូវ ៣០០​គីឡូម៉ែត្រ ក្នុងនោះផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលមានចម្ងាយ២០០គីឡូម៉ែត្រ នឹងត្រូវ​ចាប់​ផ្តើមមុខគេ ហើយផ្លូវដែលសាងសង់នោះគឺជាផ្លូវថ្មី មិនមែនផ្លូវជាតិលេខ៤នោះទេ។ លើសពីនេះ​នៅ​សល់ ១០០គីឡូម៉ែត្រទៀត រាជរដ្ឋាភិបាលនឹងពិចារណាផ្លូវអាទិភាពផ្សេងទៀត។

      លោកត្រាំ អ៊ីវតឹក បន្ថែមថា «ផ្លូវល្បឿនលឿនវាមានសារៈសំខាន់ណាស់ គឺផ្លូវដែលយើង​គ្រោង​ធ្វើ​២​គន្លងទៅ ២គន្លងមក និងមានសួនច្បារកណ្តាល។ ផលប្រយោជន៍នៃផ្លូវនេះ គឺអាចដឹកជញ្ជូន​បាន​ច្រើន​​លឿនមានសុវត្ថិភាពរួមទាំងជួយដល់បរិស្ថានទៀតផង និងម្យ៉ាងទៀតវាជួយក្នុងការអភិវឌ្ឍន៍​សេដ្ឋ​​កិច្ច ពិសេសខាងវិស័យឧស្សាហកម្ម។ ឥឡូវនេះ វិទ្យាស្ថានផែនការ សិក្សាគម្រោងប្លង់គមនា​គ​មន៍ ខេត្តហឺណាន គេជួយដល់យើងពីផែនការមេក្នុងការសាងសង់ផ្លូវល្បឿនលឿននេះ ដែលជាត្រី​វិស័យ​របស់យើង»។

      លោកបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលរបស់យើង អត់មានជាថវិកាដើម្បីធ្វើវានោះទេ ប៉ុន្តែយើង​ទាក់​​​​ទាញអ្នកវិនិយោគ ឲ្យគេមកវិនិយោគ អីចឹងគេអាចថាយកទុនគេមកវិនិយោគទៅហើយបន្ទាប់មក​គេយក​លុយថ្លៃឆ្លងកាត។ យើងចង់ឲ្យក្រុមហ៊ុនចិន មកវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿន​នៅ​កម្ពុជានេះ»។

      នាយករងវិទ្យាស្ថានផែនការសិក្សាគម្រោងប្លង់ លោក ទូ ថានជីង ផ្លូវល្បឿនលឿន​បានមាន​ប្រាប់​ឱ្យ​ដឹងដែរ​ថា រយៈពេល១០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសកម្ពុជាមានសន្ទុះអភិវឌ្ឍន៍យ៉ាងលឿន ទាំង​វិស័យពា​ណិជ្ជកម្ម ឧស្សាហកម្មមានការរីកចម្រើនជាលំដាប់ ជាពិសេសចំនួនយានយន្តក៏កើន​ឡើង​​​​យ៉ាងខ្លាំង តម្រូវការផ្លូវគមនាគមន៍កាន់តែធំទូលាយ និងជាពេលដលត្រូវគិតពីបញ្ហាដឹកជញ្ជូន។

      លោក ទូ ថានជីង បន្តថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ និងចាប់យកឱកាស​ដើម្បី​​ធ្វើការ​​សិក្សា​ផែនការមេ លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនដោយចាំបាច់ និងទាន់ពេលវេលា។ ការងារ​សាង​សងផ្លូវ​ល្បឿនលឿន​នៅ​កម្ពុជា គឺកាតព្វកិច្ចសំខាន់មួយក្នុងអំឡុងពេល១០ឆ្នាំខាងមុខ មួយវិញ​ទៀត ការកសាងសង់​ផ្លូវនេះជាកត្តា​ជំរុញ​ដល់​សេដ្ឋកិច្ច ក៏ដូចជាសង្គមឲ្យកាន់តែអភិវឌ្ឍន៍ឈានឡើង ហើយធានាបាននូវសន្តិសុខជាតិ និងបង្កើន​ការទំនាក់​ទំនង​​​ល្អជាមួយប្រទេសជិតខាង។

      សូមបញ្ជាក់ដែរថា មកដលពេលនេះមានក្រុមហ៊ុនចិនចំនួន៣ រួចមកហើយ ដែលស្នើសុំការសាង​សង់​​ផ្លូវ​ល្បឿន​លឿ​ននៅប្រទេសកម្ពុជា រីឯក្រសួងសាធារណការ និងនិងដឹកជញ្ជូន ​កំពុងតែពិភាក្សា​ការ​​​​​​​​​ងារឲ្យបានច្បាស់លាស់​ជាមួយ​ក្រុមហ៊ុនទាំងនោះជា​មុន​សិន។ គម្រោងសិក្សា​ផែនការមេ​ផ្លូវដែក​ល្បឿន​​​​​លឿនដែរ​នេះ គឺបានចាប់ផ្តើម​ពី​ខែ​មីនា ឆ្នាំ​២០១៣ បញ្ចប់​នៅ​ខែ មេសា ឆ្នាំ​២០១៤។ ចំពោះ​កិច្ច​ដំណើរការ​នៃ​ការសាងសង់​ផ្លូវដែក​នេះ​អាស្រ័យ​លើ​ស្ថាន​ភាព​ជាក់ស្តែង​របស់​កម្ពុជា។ ការសាងសង់​ផ្លូវ​​​​ដែក​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​កម្ពុជា នឹង​ធ្វើ​ឡើង​នៅពេល​ដ៏​ខ្លី​ខាងមុខ៕ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ឈិន​ កុសល​ បង​ប្រុស​ ​ឈិន ​សុរ៉ាវី ​ស្នើ​ឲ្យ​​នគរបាល​​ឈប់​​ស៊ើប​​អង្កេត​!​

ភ្នំពេញ៖ លោក ឈិន កុសល បង​ប្រុស​របស់​អ្នក​នាង ឈិន ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [519]


ការធ្លាក់​បាឡុង​ខ្យល់​នៅប្រទេស​នូវែល​ហ្ស៊េឡង់​ឆក់យកជីវិតមនុស្ស​ ១១នាក់​

ប្រទេសនូវែលហ្ស៊េឡង់៖ មន្រ្តីប៉ូលីសនូវែលហ្ស៊េឡង់បាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [480]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 428 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 734 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230833​ នាក់