ភ្នំពេញ៖ តបតាមការកំណត់របស់ក្រុមបប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃ ទី ២៨ ខែសីហា ឆ្នាំ២០១៣នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកកញ្ចប់សុវត្ថិភាព«ក»មណ្ឌលខេត្តបាត់ដំបងចំនួន៨ការិយាល័យ។
លោក គួយ ប៊ុនរឿន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការបើកកញ្ចប់សុវត្ថិភាព«ក»នៅមណ្ឌលខេត្តបាត់ដំបងនេះគណបក្សសង្គ្រោះជាតិទទួលយកបាន ។ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែទទូចបង្កើតគណៈកម្មការចម្រុះបន្តទៀតដើម្បីស៊ើបសង្កេត ភាពមិនប្រក្រតីឲ្យបានមុនថ្ងៃគ.ជ.ប.ប្រកាសជាផ្លូវការ។
ទាក់ទងទៅនឹងបញ្ហានេះ លោក អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បាននិយាយប្រាប់អ្នកកាសែត បន្ទាប់ពីពិនិត្យកញ្ចប់សុវត្ថិភាព "ក" ចំនួន ៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងយកកិច្ចការនេះ ទៅពិនិត្យ និងពិចារណាមើល និងសម្រេចតាមរូបភាពតុលាការ។ ក្រុមប្រឹក្សាធម្មនុញ្ញ និងយកកិច្ចការនេះ ទៅជម្រះ តាមផ្លូវច្បាប់ គឺធ្វើសវនាការ។ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងតែវិភាគ និងដាក់កម្មវិធី ធ្វើយ៉ាងណាមិនឲ្យលើសពីច្បាប់បានកំណត់ទេ។ ពោលគឺមិនឲ្យលើសថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលគ ជ ប ត្រូវប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។
លោក អ៊ុត ឈន បានមានប្រសាសន៍បន្តថា ក្រុមប្រឹក្សាធម្មនុញ្ញ អនុវត្តទៅតាមច្បា ប់ហើយការប្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញបានចប់ហើយ។ មកទល់នឹងថ្ងៃនេះមានបណ្តឹងបដិសេធលទ្ធផលបោះឆ្នោតមានតែ១៥ទេ ដែលក្រុមប្រឹក្សាធម្មនុញ្ញកំពុងតែដោះស្រាយ។ ក្នុងចំណោមបណ្តឹងទាំង១៥បនោះគឺអាចបញ្ចប់មុនថ្ងៃកំណត់។
សូមបញ្ជាក់ថាការបើកកញ្ចប់សុវត្ថិភាព«ក»នៅមណ្ឌលខេត្តបាត់ដំបងចំនួន៨ ការិយាល័យមានការិយាល័យ២មិនមានសសេរក្នុងទម្រង់១១០២ ប៉ុន្តែក្នុងប្រដាសទម្រង់ ១១០២មានការចុះហត្ថលេខាពីតំណាងគណបក្សនយោបាយដែលចូលរួមកំណត់ហេតុ។ ហើយការបើកកញ្ចប់«ក»នេះ ក៏មានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន៣រូប មានលោក មិន ស៊ាន លោក អ៊ុត ឈន និងសម្តេច សេរីវុឌ្ឍ អ្នកសារព័តមានជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាច្រើននាក់ចូលរួម៕
ដោយ ៖ សស្អាត