បន្ទាយមានជ័យ៖ បុរសជាកម្មករខ្មែរចំនួន៣នាក់ដែលត្រូវក្រុមហ៊ុនCDM,TRADINGMANPOWER.CO.LTD បញ្ជូនឲ្យទៅធ្វើការនៅប្រទេសថៃ ត្រូវបាននគរបាលថៃចាប់ខ្លួន ដោយសារតែកាន់លិខិតឆ្លងដែន ទេសចរណ៍ ។
បុរស២នាក់ ជាតំណាងឲ្យបុរស៣នាក់ដែលនគរបាលថៃបានចាប់ឃុំខ្លួន ព្រោះតែកាន់លិខិតឆ្លងដែនទេសចរណ៏ពេលនេះកំពុងស្វះស្វែង រកកិច្ចអន្តរាគមន៏ពីស្ថានកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្ត ស្រះកែវ ។
បុរសជាជនរងគ្រោះខាងលើត្រូវបានបញ្ជូនតាមរយៈក្រុមហ៊ុនបញ្ជូនពលករក្នុងស្រុកមួយ ឈ្មោះCDM,TRADINGMANPOWER.CO.LTD ។ ពួកគេត្រូវបានចាប់ឃុំខ្លួននៅក្នុងខេត្ត ផាត់ចាប៊ូនប្រទេសថៃ បន្ទាប់ពីត្រូវបានបញ្ជូនចូលទៅក្នុងប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។
បុរស២នាក់ជាតំណាងឲ្យជនរងគ្រោះខាងលើ មានឈ្មោះ ១. អ៊ូច ប្រុស អាយុ២៩ឆ្នាំ មកពីភូមិ គោកវែង ឃុំ ត្នោតចុងស្រល់ ស្រុក ទូកមាសខេត្ត កំពតនិង២. ឈ្មោះ ម៉ោញ ភឿន អាយុ ៣៩ឆ្នាំ មកពីភូមិ ជូស ឃុំ ជីខ្មារ ស្រុកទ្រាំងខេត្តតាកែវ ពួកគេបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែ កក្កដាឆ្នាំ២០១៣ បានស្វះស្វែងរកអន្តរាគមន៏ពីស្ថានកុងស៊ុលខ្មែរ នៅស្រុកអារញ្ញ តែមិនបានសម្រេច ដោយខាងស្ថានទូតបានជម្រុញឲ្យទៅសុំលិខិតបញ្ជាក់ ពីអាជ្ញាធមូលដ្ឋានវិញ ។បច្ចុប្បន្នតំណាងជនរងគ្រោះក៏ដូចជាក្រុមគ្រួសារជនរងគ្រោះគ្រោងដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃដើម្បីឲ្យជួយធ្វើអន្តរាគមន៏។
គួរបញ្ជាក់ថា ជនរងគ្រោះដែលកំពុងជាប់ឃុំនៅប្រទេសថៃមាន ឈ្មោះ ពៅខែម៉ា ភេទ ប្រុសអាយុ២១ឆ្នាំ , ឈ្មោះ ឈួន ភួង និងឈ្មោះ សុន សុខហេង ។ពួកគេត្រូវបានបញ្ជូនពីប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនខាងលើកាលពីថ្ងៃទី ២២ មិនា ឆ្នាំ២០១៣ និងត្រូវបាននគរបាលថៃចាប់ខ្លួនដាក់គុកកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៣ ៕
ដោយ៖ សុវណ្ណរ័ត្ន