ភ្នំពេញ៖ ដោយសំឡឹងឃើញលទ្ធភាពថាអាចស្រូបយកសន្លឹកឆ្នោតនឹងទទួលបានកៅអីនៅក្នុងរដ្ឋសភានាអាណត្តិទី៥នៃការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តនៅរាជធានីភ្នំពេញគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានបន្តយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្ររបស់ខ្លួនជាលើកទី២បន្ទាប់ពីថ្ងៃបើកយុទ្ធនាឃោសនាចាប់ផ្តើមមានរយៈពេល១០ថ្ងៃមកហើយនោះ។បើទោះជាព្រះអង្គឈរជាបេក្ខជនលំដាប់លេខរៀងទី១នៅខេត្តកំពង់ចាមក៏ដោយក៏សម្តេចព្រះអនុជនរោត្តម អរុណរស្មី បេក្ខភាពនាយករដ្ឋមន្រ្តីបានប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងយុទ្ធនាការនេះ។
នៅវេលាម៉ោង៨;០០ព្រឹកថ្ងៃសៅរ៍ទី៦ខែកក្កដានេះគេឃើញសមាជិកសមាជិកាគណបក្សហ៊្វុនស៊ិនបប៉ិចប្រមាណជា៥០០នាក់រួមទាំងរថយន្តនិងម៉ូតូជាច្រើនគ្រឿងបានមកជួបជុំគ្នានៅតាមបណ្តោយផ្លូវខាងក្រោយសហគមន៍បុរីកីឡាដើម្បីដង្ហែរក្បួនឃោសនារបស់ខ្លួនទៅតាមគោលដៅឬទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ។ រហូតដល់ម៉ោង១០និង៣៥នាទីក្បួនឃោសនារបស់គណបក្សនេះបានបន្តឆ្លងស្ពានជ្រោយចង្វារឆ្ពោះទៅសង្កាត់ក្បាលកោះក្នុងខណ្ឌឬស្សីកែវ។
បើតាមមន្រ្តីនៃនាយកដ្ឋានព័តមានរបស់គណបក្សលោកធៀងវណ្ណដារ៉ុងបានឲ្យដឹងថាក្បួនឃោសនារបស់គណបក្សហ៊្វុនស៊ិនបប៉ិចនឹងបន្តដង្ហែរជុំវិញសង្កាត់ក្បាល់កោះនិងសង្កាត់កោះដាច់ទើបត្រលប់ចូលមកក្រុងវិញបន្តទៅខណ្ឌមានជ័យនៅវេលាម៉ោង២រសៀល។
សូមបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនបប៉ិចបានចាប់ផ្ដើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងទ្រង់ទ្រាយធំដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនៅក្នុងខេត្តកំពង់ចាមនិងមានពិធីដង្ហែក្បួនតាមបណ្ដាស្រុកនានាក្នុងខេត្ត និងដោយមានអ្នកឈរតាមដងផ្លូវចាំទទួលអបអរសាទរដែលជាថ្នាក់ដឹកនាំសមាជិកសមាជិកានៃគណបក្សហ៊្វុនស៊ិនបប៉ិចនិងបន្តការឃោសនាជាបន្តបន្ទាប់រហូតដល់ថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៣នេះ។
នៅតាមក្បួនហែរគេឮសម្តេចព្រះអនុជនរោត្តមអរុណរស្មីមានសុវនីយ៍អំពីគោលនយោបាយចំនួន១៨ចំណុចរបស់បក្សក្នុងការដឹកនាំនៅពេលដែលទទួលបានជ័យជន្នះ។ក្រៅពីនោះព្រះអង្គមានអំពាវនាវឲ្យពលរដ្ឋនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនបប៉ិចដែលមានរូបវិមានឯករាជ្យនិងមានលេខរៀងទី២នៅក្នុងសន្លឹកឆ្នោត៕
ដោយ៖សុវណ្ណរ័ត្ន