ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលីបានបង្ហាញជំហរជាថ្មី ក្នុងការជួយបណ្តុះបណ្តាល សមត្ថភាព ដល់នាយទាហានជាន់ខ្ពស់កម្ពុជា ដើម្បីការពារសន្តិសុខលំហរសមុទ្រ និង ប្រឆាំងភេរវកម្ម។ ការបង្ហាញនូវជំហរបែបបនេះបានធ្វើឡើងនៅថ្ងៃទី៣០សីហាឆ្នាំ២០១៣ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រីទៀបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិនិងគណៈប្រតិភូឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជានាទីស្តីការក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ទោផាតវិបុលសុភ័ក្ត្រនាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបនោះថាលោកឧបនាយករដ្ឋមន្ត្រីទៀបាញ់ជាមួយលោកជំទាវA lison Bur ron ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជាបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការជាមួយគ្នាលើផ្នែកបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់កម្ពុជាហើយកន្លងមកនេះរដ្ឋាភិបាលប្រទេសអូស្ត្រាលីបានជួយបង្កើនសមត្ថភាពដល់កងយោធពលខេមរភូមិន្ទកម្ពុជាផ្នែកភាសាអង់គ្លេសនៅសាលាACE និងកិច្ចសហការផ្នែកលំហរសមុទ្រព្រមទាំងហ្វឹកហ្វឺនដល់យោធាកម្ពុជានូវសមត្ថភាពផ្នែកប្រឆាំងអំពើភេរកម្មផងដែរ។
លោកបានបន្តថា នៅក្នុងជំនួបលោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ដល់កិច្ចសហការរបស់រដ្ឋាភិបាលអូស្ត្រាលីផ្នែកបណ្តុះបណ្តាលភាសានិងការបង្កើនសមត្ថភាពដល់យោធិនក៏ដូចជាកិច្ចសហការពង្រឹងសន្តិសុខលំហរសមុទ្រព្រមទាំងការចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនផ្នែកសន្តិសុខលំហរសមុទ្រក៏ដូចជាកិច្ចការប្រឆាំងអំពើភេរវកម្មនៅកម្ពុជាផងដែរ៕
ដោយ៖ សស្អាត