ភ្នំពេញ ៖ ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភរបស់ពិភពលោក។ហើយការរីកចម្រើននៃវិទ្យាសាស្ត្របានរួមចំណែកក្នុងការបំផ្លាញពិភពលោកដ៏ខ្លាំងក្លាដែរដែលបានបង្ករផលប៉ះពាល់អវិជ្ជមានជាច្រើនដូចជាការកើនឡើងនៃកម្តៅផែនដីកំណើននីវ៉ូទឹកសមុទ្រការកើនឡើងគ្រោះមហន្តរាយធម្មជាតិ ដូចជាខ្យល់ព្យុះទឹកជំនន់គ្រោះរាំងស្ងួតរញ្ជួយដីដែលបណ្តាលឱ្យបះពាល់ដល់ការដំណើរនៃការនៃអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យកសិកម្ម។
នេះជាការលើកឡើងរបស់លោកបណ្ឌិតង៉ោប៊ុនថាសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្មចម្ការដូងថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍អំពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ស្ថាប័នពាក់ព័ន្ធនិងសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជានាថ្ងៃម្សិលមិញនេះ។
ជាមួយគ្នានេះវិស័យកសិកម្មក៏បានរួមចំណែកធ្វើឱ្យមានការប្រែប្រួលអាកាសធាតុដូចជាការកាប់បំផ្លាញព្រៃឈើការប្រើថ្នាំកសិកម្មការប្រើជីកសិកម្មការប្រើប្រាស់ទឹកក្នុងការស្រោចស្រពជាដើម។លើពីនេះវិស័យឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍ជាប្រភពចំបងនាំឱ្យមានការប្រែប្រួលអាកាសធាតុប្រសិនបើគ្រប់គ្រងមិនបាននិងត្រួតពិនិត្យឱ្យសមស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវទេនោះ។
លោកបន្តថាដើម្បីធ្វើឱ្យវិស័យកសិកម្មមាននិរន្តភាពយើងត្រូវគិតគូរការជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចំពោះវិស័យកសិកម្មនិងគិតពីសកម្មភាពក្នុងវិស័យផ្សេងៗដែលរួមចំណែកធ្វើឱ្យមានការប្រែលប្រួលអាកាសធាតុ។
សួមបញ្ជាក់ថាមានមូលនិធិនៃអង្គការUNDP, EU, SIDA និងDANIDAបានផ្តល់ជំនួយតាមរយៈក្រសួងបរិស្ថានលើគម្រោងបៀលហ្វាមដេប(Build Farm Dapt)ដែលមានសាកលវិទ្យាល័យភូមិន្ទកសិកម្មសាកលវិទ្យាជាស៊ីមកំចាយមារនិងសកលវិទ្យាល័យQueenlands ជាអ្នកអនុវត្តការស្រាវជ្រាវ។គម្រោងផ្តោតលើកសិករដែលកំពុងទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ៕
ដោយ៖ ស.ស្អាត