ភ្នំពេញ៖ សាលា Global Vision Christian School (GVCS) របស់ប្រទេសកូរ៉េខាងត្បូងបានធ្វើការ សម្តែងនូវក្បាច់គុនតេក្វាន់ដូ និង ច្រៀង រាំ របាំវប្បធម៌ ជាក្រុម លើកដំបូងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូង ឲ្យកាន់តែប្រសើរឡើងថែមទៀត។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៦ កុម្ភៈ ម្សិលមិញនេះ លោក ញឹក ប៊ុនឆៃ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា នេះជាលើកដំបូងហើយសម្រាប់សាលា GVCSរបស់ប្រទេសកូរ៉េខាងត្បូង មកធ្វើការសម្តែងក្បាច់គុនតេក្វាន់ដូនិងរាំច្រៀងចំរៀងជាក្រុមនៅប្រទេសកម្ពុជា ដើម្បីធ្វើការពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព នៃប្រទេសទាំងពីរឲ្យកាន់តែខ្លាំង ។
លោកបានបន្តថា សម័យមុនពលរដ្ឋកម្ពុជាចូលចិត្តនាំគ្នាហាត់ក្បាច់គុនតេក្វាន់ដូខ្លាំងណាស់ ដូច្នេះការសម្តែងក្បាច់គុនតេក្វាន់ដូនាពេលនេះ គឺជាចំនុចចាប់ផ្តើម ដែលយើងនឹងយកទៅធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់ស្រទាប់យុវជន-យុវនារីកម្ពុជា ឲ្យនាំគ្នាចូលរួមក្នុងការហាត់ក្បាច់គុណដើម្បីឲ្យមានសុខភាពល្អ និងសម្រាប់ការពារខ្លួនឯងផង។
លោក ណាំ ឈីនសុង អគ្គនាយកសាលា GVCS បានឲ្យដឹងដែរថា លោកមានការសប្បាយរីករាយជាខ្លាំងដែលបានដឹកនាំក្រុមសិស្សសាលា GVCS មកបង្ហាញនូវក្បាច់គុនតេក្វាន់ដូ និងច្រៀងចំរៀងជាក្រុមជាលើកដំបូងក្នុងប្រទេសកម្ពុជា ។ ហើយលោកនឹងខិតខំប្រឹងប្រែងដើម្បីប្រារពពិធីបែបបនេះនៅក្នុងឱកាសក្រោយៗទៀត ដោយប្រកាសឲ្យបានទូលំទាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាបានដឹងនិងអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករជាងនេះថែមទៀត ។
គួរបញ្ជាក់ថា ក្រៅពីនាំមកនូវក្បាច់គុនតៃក្វាន់ដូរមកកម្ពុជាក្នុងពេលកន្លងមក កូរ៉េគឺជាប្រទេសមួយដែលមានប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់បានមកលំហែរកាយនិងកំសាន្ត នៅប្រទេសកម្ពុជា បើតាមតួរលេខ ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិដែលបានមកទស្សនា ប្រទេសកម្ពុជាមានចំនួន១០ប្រទេសដែលលេចធ្លោជាងគេ ក្នុងនោះកូរ៉េឈរលំដាប់ថ្នាក់លេខ៣ ដែលមានប្រជាជនប្រមាណជា៣៨២,៤៣៦នាក់មកទស្សនាកម្ពុជាបន្ទាប់ពីវៀតណាម និងចិន៕
ដោយ៖ ស.ស្អាត