គណបក្សសង្គ្រោះជាតិ បានអះអាងថា បក្សខ្លួនបានរក្សាជំហរប្រមូលផ្តុំសមាជិកគាំទ្រ និងដើរហែក្បួនធ្វើ
មហាបាតុកម្មអហិង្សាមួយ នៅទីក្រុងភ្នំពេញ ទាមទារកែទម្រង់ស្ថាប័នបោះឆ្នោត (គ.ជ.ប) តាមការគ្រោងទុក
នៅព្រឹកថ្ងៃទី២៤ ខែមេសា។ សំណើដើរហែក្បួននេះ ត្រូវមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានព្រមានថាបើសិន
ជាគណបក្សសង្គ្រោះជាតិ នៅតែរឹងទទឹងដង្ហែក្បួនធ្វើបាតុកម្មនេះទៀត ក្រសួងមហាផ្ទៃ នឹងចាត់វិធានការ
តាមផ្លូវច្បាប់។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍នៅថ្ងៃទី
២៣ ខែមេសា ថាក្បួនដង្ហែធ្វើបាតុកម្មនេះ នឹងមានមនុស្សប្រមាណ ៤ពាន់នាក់ចូលរួម។ លោកថាជាកិច្ច
ចាប់ផ្ដើម អ្នកចូលរួមត្រូវជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៤ ខែមេសា មុននឹងបន្តដើរហែ
ក្បួនពីទីលានប្រជាធិបតេយ្យ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបន្តថា គណបក្សសង្គ្រោះជាតិ បានជូនដំណឹង និងជួបពិភាក្សាជាមួយមន្ត្រីសាលារាជធានីភ្នំពេញរួច
ហើយ ចំពោះការធ្វើមហាបាតុកម្មនេះ តែសាលាក្រុងបានសុំឲ្យលើកសំណើនេះទៅក្រសួងមហាផ្ទៃ តែក្រ
សួងមហាផ្ទៃ មិនអនុញ្ញាតឲ្យហែក្បួនទេ តែអនុញ្ញាតឲ្យធ្វើបាតុកម្មនៅក្នុងតែបរិវេណទីលានប្រជាធិបតេយ្យនៅ ក្បែរផ្សារចាស់តែប៉ុណ្ណោះ។
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានឲ្យដឹងក្នុងកំណត់ហេតុប្រជុំថា សំណើជួបជុំឬដើរ
ហែក្បួនទៅស្ថាប័ន គ.ជ.ប របស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ទាល់តែក្រសួងមហាផ្ទៃ
ទើបមានសិទ្ធិសម្រេច។
លោក គួយ ប៊ុនរឿន ដែលជាអ្នកតំណាងរាស្ត្រផងនោះ បានបញ្ជាក់ពីគោលបំណងនៃមហាបាតុកម្មនោះ គឺ
ដើម្បីទាមទារឲ្យ គ.ជ.ប ទទួលយកអនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ និងអង្គការក្រៅ
រដ្ឋាភិបាល ជុំវិញកំណែទម្រង់បោះឆ្នោត៖ «សមាសភាព របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់
លំដាប់ថ្នាក់ហ្នឹង ត្រូវតែមានគោលជំហរអព្យាក្រិតពិតប្រាកដ។ ទី១ ត្រូវរៀបចំធានាអំពីសិទ្ធិជូនប្រជាពលរដ្ឋ
ស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងឲ្យមានឈ្មោះ ហើយទទួលបានសិទ្ធិបោះឆ្នោត។ ទី៣ ធ្វើម៉េច
ត្រូវធានាឲ្យមានការនូវប្រព័ន្ធផ្សព្វផ្សាយក្នុងគោលដៅ ស្មើភាពគ្នាទៅលើវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ចំពោះ
គណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ហើយដោយឡែកមួយទៀត យើងស្នើសុំឲ្យមានវត្តមានប្រធាន
គណបក្សប្រឆាំង ស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហ្នឹង ពិនិត្យឡើងវិញដើម្បីកែសម្រួលនីតិវិធី
របស់ខ្លួន»។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះ
ជាតិ ដើរហែក្បួនតាមផ្លូវសាធារណៈទេ ព្រោះបារម្ភពីការកកស្ទះចរាចរណ៍ ប៉ុន្តែអនុញ្ញាតឲ្យជួបជុំនៅទីលាន
ប្រជាធិបតេយ្យ៖ «ក្រសួងមហាផ្ទៃ បានឯកភាពតាមយោបល់របស់សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យធ្វើនៅ
ទីលានប្រជាធិបតេយ្យ គឺអនុញ្ញាតឲ្យធ្វើចុះ ប៉ុន្តែមិនអនុញ្ញាតឲ្យដើរហែក្បួនទេ មូលហេតុគឺការកកស្ទះ
ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ វាជាសិទ្ធិសេរីភាពរបស់គាត់ក្នុងការបញ្ចេញមតិ»។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនលោក កែប ជុតិមា អភិបាល
រាជធានីភ្នំពេញ ស្ដីពីគម្រោងប្រមូលផ្តុំសមាជិកធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងដង្ហែ
ក្បួនទៅកាន់ទីស្ដីការ គ.ជ.ប ដោយសន្តិវិធី។
សេចក្តីជូនដំណឹងគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការធ្វើមហាបាតុកម្ម គឺចង់ទាមទារឲ្យស្ថាប័ន គ.ជ.ប កែ
ទម្រង់បោះឆ្នោតនាខែកក្កដា ឲ្យមានលក្ខណៈសេរី និងយុត្តិធម៌ ដែលអាចឲ្យគ្រប់គណបក្សនយោបាយទទួល
យកបានទាំងអស់គ្នា៕