ភ្នំពេញ៖ ដោយយល់ឃើញថា រយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៣នេះ ប្រជាប្រិយភាពរបស់ខ្លួនហាក់មានការស្រុតចុះនោះ តារាចម្រៀងស្រីដែលជ្រកក្រោមទ្រនំផលិតកម្មថោននាងសុគន្ធ និសា បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដើម្បីពង្រីកនូវប្រជាប្រិយភាពឡើងវិញនៅក្នុងឆ្នាំថ្មីឆ្នាំ២០១៤ខាងមុខនេះ។
គោលដៅសំខាន់ៗចំនួនពីរដែលត្រៀមដាក់ចេញដើម្បីស្តារនូវប្រជាប្រិយភាព ឡើងវិញនៅឆ្នាំ២០១៤ខាងមុខ ត្រូវបានតារាចម្រៀងនាង សុគន្ធ និសា បង្ហាញអោយដឹងថា គោលដៅទីមួយផ្អាកលើការចេញទៅច្រៀងនៅក្រៅប្រទេសពេញមួយឆ្នាំ និងគោលដៅទីពីរបង្កើនការផលិតនូវស្ទីលថ្មីៗ ប្លែកៗក្នុងពិភពបទចម្រៀងបន្ថែមទៀត។
មជ្ឈដ្ឋានអ្នកតាមដានសិល្បៈបានលើកឡើងថា ជាមួយនឹងការដាក់ចេញយុទ្ធសាស្ត្រសំខាន់ៗទាំងពីរចំណុចរបស់តារាចម្រៀងស្រីល្បីឈ្មោះនាង សុគន្ធ និសា គឺជាការឆ្លើយតបទៅនឹងការស្រុតចុះនូវឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពសិល្បៈចម្រៀងនាពេលបច្ចុប្បន្ននេះ ។ ប្រជាប្រិយភាពរបស់នាង សុគន្ធ និសា ត្រូវបានគេកត់សម្គាល់ឃើញថា បាននឹងកំពុងតែមានការធ្លាក់ចុះបន្តិចម្តងៗ គួរឲ្យកត់សម្គាល់នាប៉ុន្មានខែចុងឆ្នាំ២០១៣នេះ ដោយសារតែនាងបានចំណាយពេលច្រើនពេក ក្នុងការចេញទៅធ្វើការសម្តែងនិងច្រៀងនៅក្រៅស្រុកក៏ដូចជាការងារ មមាញឹកក្នុងការចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំលើកដំបូងរបស់ផលិតកម្មថោនគឺរឿង«ចងចាំ»។
ពាក់ព័ន្ធទៅនឹងកត្តាទាំងអស់នេះ បានធ្វើអោយតារាចម្រៀង សុគន្ធ និសា អវត្តមានជាច្រើនក្នុងការធ្វើបទចម្រៀងអោយផលិតកម្មថោន ដើម្បីធ្វើការប្រកួតប្រជែងជាមួយតារាចម្រៀងស្រីជួរមុខ ផ្សេងៗទៀតដូចជាកញ្ញា ឱក សុគន្ធកញ្ញា,មាស សុខសោភា ជាដើមដែលកំពុងមានសន្ទុះគាំទ្រកើនឡើងយ៉ាងជង្ហុកនៅក្នុងទីផ្សារសិល្បៈចម្រៀង។ សុគន្ធ និសា បានអះអាងថា ក្រៅពីយុទ្ធសាស្ត្រសំខាន់ៗទាំងពីរដែលបានដាក់ចេញដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងពិភពសិល្បៈនាឆ្នាំ២០១៤ ខាងមុខ ក៏នៅមានស្នាដៃសម្តែងរបស់នាងនៅក្នុងខ្សែភាពយន្តរបស់ផលិតកម្មថោនរឿង« ចងចាំ» ផងដែរដែលអាចឆ្លុះបញ្ចាំងពីការគាំទ្ររបស់ទស្សនិកជនមកលើរូបនាង។
គួរបញ្ជាក់ដែរថា នាង សុគន្ធ និសា គឺជាតារាចម្រៀងស្រីមួយរូបក្នុងចំណោមតារាចម្រៀងស្រីល្បីៗជាច្រើនរូប ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅកន្លងមក ។ ប៉ុន្តែមួយរយៈចុងក្រោយនេះប្រជាប្រិយភាពរបស់នាងបានថមថយទៅវិញគួរអោយ ព្រួយបារម្ភ បន្ទាប់ពីនាងខកខានក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីធំៗ ក្នុងស្រុកក៏ដូចជាមានពេលតិចតួចក្នុងការធ្វើបទចម្រៀងអោយផលិតកម្មថោន។
យ៉ាងណាក៏ដោយគេចាំមើលថា តើគោលដៅសំខាន់ៗទាំងពីរដែលតារាចម្រៀងស្រីសាច់សខ្ចីនាង សុគន្ធ និសា គ្រោងដាក់ចេញក្នុងការបង្កើនប្រជាប្រិយភាពឡើងវិញនៅក្នុងឆ្នាំថ្មី ខាងមុខអាចសម្រេចដូចការចង់បានរបស់នាងដែលឬទេ៕
ដោយ៖ ភីនរ៉ា