ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ដែលដាក់ ពាក្យប្តឹងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច និងលោក កែវ ពុទ្ធរស្មី ប្រធានឧត្តមក្រុមប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច ពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ឋការលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចអស់ជាច្រើនកន្លែងនោះ ឥឡូវបានដកពាក្យបណ្តឹងវិញហើយ។សូមរំលឹកថា កាលពីដើមខែកុម្ភៈនេះ សមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចម្នាក់ឈ្មោះ សុខ សាវណ្ណ មានទីលំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងលោក ញឹក ប៊ុនឆៃ និងលោក កែវ ពុទ្ធរស្មី ថា ចាប់តាំងពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦មក អ្នកទាំងពីរនេះបានលក់ដីគណបក្សហ៊្វុនស៊ិនប៉ិចទំហំ ១១ហិកតានៅក្នុងខណ្ឌដង្កោ រួចយកមកសាងសង់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចថ្មីនៅក្បែរក្រសួងមហាផ្ទៃ ហើយលក់ទីស្នាក់ការនេះដើម្បីយកប្រាក់ទៅសង់ទីស្នាក់ការមួយទៀតនៅតាមបណ្តោយផ្លូវលេខ៦អា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។លោក សុខ សាវណ្ណ បានអះអាងថា ការលក់ដូរនិងសាងសង់ទីស្នាក់ការខាងលើនេះ ពុំមានយុត្តិធម៌ និងតម្លាភាពឡើយ ដែលជាហេតុធ្វើឲ្យសមាជិកជាច្រើនមានការអាក់អន់ចិត្ត ប៉ុន្តែទោះជាមានប្រតិកម្មពីសមាជិកយ៉ាងនេះក្តី ក៏លោក ញឹក ប៊ុនឆៃ និង លោក កែវ ពុទ្ធរស្មី ពុំបានធ្វើដឹងធ្វើលឺឡើយ ហើយបានបន្តលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចតាមបណ្តាខេត្តមួយចំនួន មានដូចជាខេត្តសៀមរាប កំពង់ចាម កំពង់ធំ និង ខេត្តពោធិសាត់ ជាដើម។
តែទោះជាយ៉ាងណាពាក់ព័ន្ធនឹងការលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចនេះដែរ បើយោងតាមមន្រ្តីជាន់ខ្ពស់គណបក្សមួយរូបបានបង្ហើបឲ្យដឹងថា ទីស្នាក់ការធំរបស់គណបក្សបច្ចុប្បន្នដែលមានទីតាំងស្ថិតនៅភូមិក្តីចាស់ សង្កាត់បាក់ខែង តាមបណ្តោយផ្លូវជាតិលេខ៦អា នឹងត្រូវគេគ្រោង ធ្វើការដោះដូរនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីប្លង់ទីស្នាក់ការមួយនេះកំពុងស្ថិតនៅក្នុងដៃធនាគារ ក្រោយពីមេដឹកនាំគណបក្សបានយកទៅបញ្ចាំដើម្បីយកប្រាក់មកប្រើប្រាស់ក្នុងយុទ្ធនាការ នៃការបោះឆ្នោតនាពេលកន្លងមក។សម្រាប់ទីស្នាក់ការថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច បើតាមប្រភពថា គេអាចនឹងយកទៅដាក់នៅម្តុំផ្លូវ លោក ជា សុផារ៉ា ជាដីទិញទុករបស់ លោក ញឹក ប៊ុនឆៃ និងមានទំហំតូចជាងទីស្នាក់ការបច្ចុប្បន្ន តែមានចម្ងាយជិតជាងទីស្នាក់ការបច្ចុប្បន្ននេះដែរ។មានប្រភពខ្លះនិយាយថា ការដកពាក្សឈប់ប្តឹងផ្តល់របស់ លោក សុខ សាវណ្ណ នេះទំនងជា លទ្ធភាពរបស់គេទៅមិនរួច ព្រោះខ្លួនត្រឹមតែជាសមាជិកគណៈកម្មាធិការនាយកគណបក្សតែ ម្នាក់ឯងប៉ុណ្ណោះ ពុំមានការចូលរួមពីសមជិកដទៃ។ ហើយរឿងលក់ឬទិញទីស្នាក់ការថ្មី ទៀត សោតក៏មិនមែនជារឿងបុគ្គណាម្នាក់អាចធ្វើបាននោះដែរ គឺអាស្រ័យដោយមានការឯកភាពពី គណៈកម្មការនាយកទាំងអស់ ឬ ក៏គណៈកម្មការអចិន្ត្រៃយ៍គណបក្សទើបមានសិទ្ធិសម្រេច ឬ មានសិទ្ធជំទាស់បាន៕
ដោយ៖ ស.ស្អាត