ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធួយចំនួនទៀត ក្រោមកិច្ចឧបត្ថម្ភពី UNICEF និង ការិយាល័យ OHCHR នៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បានបើកកិច្ចពិភាក្សា ពីយុទ្ធសាស្រ្ត ដែល អាចមានដើម្បីឲ្យកាន់តែប្រសើរ ដល់សេវាកម្មជំនួយផ្នែក ច្បាប់ដល់ជនក្រីក្រ និងជនដែលងាយរងគ្រោះមានកុមារ និងស្ត្រីនៅកម្ពុជា ។
អ្នកតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) លោកស្រី វ៉ាន់ហ៊ី លី បានលើកឡើងថា តាម ទស្សនៈ វិស័យសិទ្ធិមនុស្ស ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ គឺសិទ្ធិជាមូលដ្ឋានមួយ វាគឺជាធាតុផ្សំដ៏យ៉ាងសំខាន់បំផុត នៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ត្រឹមត្រូវនិងមានប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននីតិរដ្ឋ ។
លោកស្រី Wan Hea Lee បន្តថា វាក៏មានសារ:សំខាន់ដល់ការទទួលបានសិទ្ធិមនុស្ស ដទៃទៀតរួមទាំងសិទ្ធិទទួលបានសវនាការ ដោយយុត្តិធមផងដែរ ជាពិសេសចំពោះអ្នកក្រីក្រ ដែលមិនមានលទ្ធភាពបង់ថ្លៃសេវាកម្មជំនួយផ្នែកច្បាប់ក្នុងការស្វែងរកយុត្តិធម៌។
អ្នកស្រីតំណាង OHCHCបញ្ជាក់ថា លើសពីនេះការទទួលបានសេវាកម្ម យុត្តិធម៌ កាន់តែកើនឡើង អាចបង្ការពីការប្រព្រឹត្តមិនគប្បីនៅប៉ុស្តិ៍នគរបាល ជួយសម្រាលដល់ភាព ចង្អៀតណែននៅពន្ធនាគារ និងជួយកាត់បន្ថយដល់ការផ្តន្ទាទោសដោយភាពមិនត្រឹមត្រូវ។
លោក ប៊ុន ហុន ប្រធានគណ:មេធាវី អាណត្តិទី៩ បានឲ្យដឹងថា បច្ចុប្បន្ននេះគណៈមេធាវី មានមេធាវីស្ម័គ្រចិត្តចំនួន៤៨រូប សម្រាប់ផ្តល់សេវាការពារក្តី ជូនជនក្រីក្រដោយ ឥតកម្រៃសេវានៅទូទាំងប្រទេស ដោយបានផ្តល់ជូន មេធាវីទាំងអស់នោះ ត្រឹមតែសោហ៊ុយ ធ្វើដំណើរ ហូបចុក ស្នាក់នៅ និងសោហ៊ុយ ថតចម្លងសំណុំរឿង ដ៏តិចតួចបំផុត ។
លោក ប៊ុន ហុន បន្តថា សម្រាប់ឆ្នាំ២០១៣គិតមកត្រឹមដំណាច់ខែតុលានេះ គណៈមេធាវីទទួលបានសំណុំរឿងចំនួន៧៩៨សំណុំរឿង ដែលមានកូនក្តីសរុបចំនួន១១៦២នាក់ ហើយក្នុងនោះ៨៨នាក់ ជាអនីតិជនគណៈមេធាវីក៏បានផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ ដោយឥតគិតកម្រៃបានចំនួន១៩៥ ករណីផងដែរ ។
តំណាងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការ បានថ្លែងឲ្យដឹងថា យុទ្ធសាស្រ្តកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៥ នេះ បានកំណត់គោលដៅចំនួន៧សំខាន់ៗ ដែលក្នុងនោះការការពារសិទ្ធិបុគ្គល ក៏មានវត្តមាន នៅក្នុងយុទ្ធសាស្រ្តនេះផងដែរ។
លោកអនុរដ្ឋលេខាធិការបានថ្លែងទៀតថា ការផ្តល់ជំនួយផ្នែកច្បាប់ ដែលអនុវត្តដោយគណៈមេធាវីក្តី ដែលអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាលក្តី ដោយស្ថាប័នរាជរដ្ឋាភិបាលក្តី ការងារទាំងនេះ គឺជាចលករយ៉ាងសំខាន់ដែលជួយជំរុញឲ្យការការពារសិទ្ធិ និងសេរីភាពរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ ។ លោកបានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល អាណត្តិទី៥នេះបានផ្ទេរកញ្ចប់ថវិការបស់គណៈមេធាវីដែលជួយដល់ជនក្រីក្រមកស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួង។
សូមបញ្ជាក់ថា នេះជាលើកទី១ ហើយដែលមន្រ្តីរាជរដ្ឋាភិបាល ជាពិសេសក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានតុលាការ ព្រះរាជអាជ្ញា មេធាវីការពារក្តី ជនក្រីក្រ អង្គការផ្តល់ជំនួយផ្នែកច្បាប់ និងម្ចាស់ជំនួយ (ក្នុងអាណត្តិថ្មីរបស់ខ្លួន) មកជួបជុំគ្នា ពិភាក្សាពីយុទ្ធសាស្រ្ត ដែលអាចមានដើម្បី ធ្វើឲ្យកាន់តែប្រសើរ ដល់សេវាកម្មជំនួយផ្នែកច្បាប់ ដល់ជនក្រីក្រ និងជនដែលងាយរងគ្រោះនៅកម្ពុជា ៕ ដោយ ៖សស្អាត