ភ្នំពេញ៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជាបានបង្ហាញថា ស្ថានភាពគ្រឿងញៀនសម្រាប់ឆ្នាំ២០១៣ បើប្រៀបធៀបទៅនិងឆ្នាំ២០១២មានការកើនឡើង ហើយបរិមាណនៃការរឹបអូសសារធាតុញៀនក៏មានការកើនឡើងផងដែរ។ លោកឧត្តមសេនីយ៍ឯក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញនៅក្រៅកម្មវីធីបណ្តុះបណ្តាល ស្តីពីការបញ្ជ្រៀបវិធានការ និហានិភ័យ ក្នុងការសេពគ្រឿងញៀន ដល់ពីធីករ ពីធីការរនី វិទ្យុ ទូរទស្សន៍ ក្រុមអ្នកកម្លែង សិស្ស និស្សិត ប្រមាណជាង១០០នាក់នាព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មាននេះថា ស្ថានភាពគ្រឿងញៀនសម្រាប់ឆ្នាំ២០១៣ បើប្រៀបធៀបទៅនិងឆ្នាំ២០១២មានការកើនឡើង ទាំងបទល្មើសនិងការរឹបអូសសារធាតុញៀន ។ លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា ករណីបង្រ្កាបមានការកើនឡើងនេះ បណ្តាលមកពី ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងមានការចូលរួមពីភាគីពាក់ព័ន្ធពិសេប្រជាពលរដ្ឋ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការ ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សំដៅបំរើឲ្យលទ្ធផលនៃការបោះឆ្នោតដែលបានបញ្ចប់កាលពីពេលកន្លងទៅថ្មីនេះ និងការផ្លាស់ប្តូរព័ត៌មាន ជាមួយនិងបណ្តារប្រទេសដែលមានការពាក់ព័ន្ធទៅនិងគ្រឿងញៀន ដើម្បីឈានទៅធ្វើការបង្រ្កាបក្រុមឈ្មួញជួញដូរទី៣ ដោយ មានប្រសិទ្ធិភាព។
ទាក់ទិនទៅនិងឧបសគ្គនៃការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងករជួញដូរគ្រឿងញៀននេះ លោក មាន វិរិទ្ធ បានបញ្ជាក់ថា ការមិនទាន់បានចូលរួមឲ្យបានទូលំទូលាយពីស្រទាប់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិលនិងសមត្ថកិច្ច ។ តែយ៉ាងណាក៏ដោយលទ្ធផលនៃឆ្នាំកន្លងទៅបានបង្ហាញថា ទាំងកម្លាំង កងទ័ព ប៉ូលីស កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានធ្វើ ឲ្យបញ្ហាគ្រឿងញៀននៅកម្ពុជា ឈានទៅប្រមូលផ្តុំ មានការទប់ស្កាត់និងមានការត្រួតត្រាបាន យ៉ាងមានប្រសិទ្ធិភាព។ លោកបានបង្ហាញផងដែរអំពីចំណុចប្រឈមដែលបានគិតទុកជាមុន គឺ ដៃគូរអភិវឌ្ឍន៍មួយចំនួនពុំបានចាត់ទុកកម្ពុជា ជាប្រទេសដែលប្រឈមនិងគ្រឿងញៀន ធ្វើឲ្យការចូលរួមបរិច្ចាក និងការផ្តល់ថវិកាដើម្បីធ្វើការគាំទ្រមិនបានពេញទំហឹង។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរនៅតែបន្តសកម្មភាព គៀងគរថវិកា ទាំងប្រភពធនធាន ថវិកាជាតិ និងថវិកាអន្តរជាតិរួមចំណែក អនុវត្តនូវយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឆ្លើយតបនិងគោលនយោបាយរបស់ រាជរដ្ឋាភិបាល។
ដោយឡែកចំពោះករណីបង្រ្កាបស៊ីសានៅចំពោះមុខនេះវិញ លោកបានលើកឡើងថា ក្រោយពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់ និងទប់ស្កាត់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូល រហូតដល់ពេលនេះ លែងជាឧបសគ្គចំបងទៀតហើយ ពិសេសនៅតាមខេត្តគោលដៅមួយចំនួន មានដូចជា រាជធានីភ្នំពេញ កណ្តាល បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះសីហនុ ស្វាយរៀងជាដើម។ លោកបានសង្កត់ធ្ងន់ថា កន្លងមកការអនុវត្តការបង្រ្កាប ពុំបានលើកលែងណាមួយចំពោះអ្នកជាប់ពាក់ព័ន្ធ បើទោះជាអ្នកនោះមានតួនាទី បុណ្យសក្តិ ឬមន្ត្រីក្នុងជួររដ្ឋាភិបាលក៏ដោយ ឲ្យតែមានព័ត៌មានជាក់លាក់ មានភស្តុតាងគ្រប់គ្រាន់ ត្រូវតែបង្រ្កាបតាមគោលការច្បាប់រួមទាំងតុលាការផងដែរ។ សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រុមគ្រូពេទ្យបង្ហាញថា អ្នកប្រើប្រាស់គ្រឿងញៀនម្នាក់បានចំណាយវថិកា១៩ដុល្លារអាមេរិកក្នុងមួយថ្ងៃ ហើយពួកគេអាចទៅប្រព្រឹត្តិបទល្មើសបាន៩ដងក្នុង១ខែ ទាំងបទល្មើសព្រហ្មទ័ណ្ឌ បទល្មើសឆបោក លួច ឆក់ ប្លន់ នៅពេលដែលគេអត់លុយ សម្រាប់ប្រើប្រាស់គ្រឿងញៀន៕
ដោយ៖ ស.ស្អាត