បាត់ដំបង៖ ប្រជានេសាទ ដែលរស់នៅ ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើការរិះគន់ចំៗទៅលើមន្ត្រីជលផល និង ប្រធានសហគមន៍នេសាទភូមិព្រៃចាស់ថា បានឃុបឃិតគ្នាទទួលលាភសក្ការៈពីពួកឈ្មួញជាថ្នូរនិងការបើកដៃឲ្យពួកគេប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ នៅតំបន់អភិរក្សពូជត្រី ក្នុងដែននេសាទឡូត៍លេខ៩ និងឡូត៍លេខ១២ ដែលរាជរដ្ឋាភិបាលបានព្រលែងពូជត្រីដើម្បីរក្សាក្នុងរដូវត្រីពងកូនមុននេះ។ប្រជានេសាទទាំងនោះបាននិយាយឲ្យដឹងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤នេះថា ចាប់ពីដើមខែមករាមក មានសកម្មភាពលបលួចចូលទៅនេសាទត្រី ក្នុងដែនអភិរក្សពូជត្រីខាងលើនេះជារៀងរាល់ថ្ងៃ ដោយគ្មានការបង្រ្កាបឬទប់ស្កាត់ពីមន្រ្តីជំនាញ និងសហគមន៍នេសាទឡើយ។ ពួកគាត់និយាយទៀតថា ក្រុមជនល្មើសទាំងនោះអាចប្រព្រឹត្តទង្វើលួចនេសាទទៅបានក៏ដោយសារមានការឃុបឃិតគ្នាពីមន្រ្តីជំនាញ និងប្រធានសហគមន៍នេសាទភូមិព្រៃចាស់ ឡូត៍លេខ៩ ឡូត៍លេខ១២នេះដែរ។ប្រជានេសាទបាននិយាយទៀតថា ប្រធានសហគមន៍ទាំង២ជាអ្នកទទួលយកសំណូកពីពួកក្រុមល្មើស និងយកទៅចែកចាយដល់មន្ត្រីជំនាញសង្កាត់រដ្ឋបាលជលផល (ជលផលតំបន់ទន្លេសាបប្រចាំការនៅភូមិព្រៃចាស់) ជាថ្នូរនឹងការជួយយាមកាម ឬ ផ្តល់លទ្ធភាពឲ្យពួកក្រុមឈ្មួញទាំងនោះធ្វើសកម្មភាពនេសាទខុសច្បាប់ គឺពួកគេបានធ្វើសកម្មភាព ឆក់ ប្រើថ្នាំបំពុលក្ដាមដាក់រ៉ាវទំនាបក្នុងដែនអភិរក្សពូជត្រីទាំងពីរយ៉ាងរលូន។ប្រភពខាងលើបានបន្តថា មកដល់ពេលនេះ ពួកឈ្មួញទាំងនោះគេកំពុងធ្វើសកម្មភាព រត់រ៉ាវទំនាប និងធ្វើសកម្មភាពចាក់ថ្នាំបំពុលក្ដាម និងឆក់តាមព្រៃរនាម (ព្រៃលិចទឹក) ដើម្បីបណ្តេញត្រីឲ្យចូលទៅក្នុងរ៉ាវទំនាប ឬដាយរបស់ពួកគេដោយគ្មានការព្រួយបភ័យ។ ពួកគាត់បញ្ជាក់ថាដែនអភិរក្សពូជត្រីទាំងពីរឡូតិ៍ខាងលើនេះ ស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ដែលកំពុងរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ចាប់តាំងពីដើមខែមករាមកដែលជារដូវត្រីចុះឬត្រីសម្បូរ។
ប្រជានេសាទនិយាយរិះគន់ចំៗទៅលើនាយសង្កាត់រដ្ឋបាលជលផល លោក នឹម សោម ដែលនៅប្រចាំការនៅក្នុងភូមិព្រៃចាស់នោះថា បានធ្វើមិនដឹងមិនលឺរួមទាំងជួយសហការណ៍ផ្តល់ ព័ត៌មានទៅក្រុមឈ្មួញនៅពេលមានមន្ត្រីពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យសកម្មភាព ឬ បង្ក្រាបបទល្មើសនេសាទម្តងៗឲ្យពួកឈ្មួញរើសម្ភារៈឬរត់គេចខ្លួនពីសមត្ថកិច្ចថ្នាក់ទៀតផង។ប្រភពបានបង្ហាញទៀតថា ក្រុមឈ្មួញដែលធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទទាំងនោះ ត្រូវបានពួកគាត់មានស្គាល់ឈ្មោះខ្លះៗដូចជាឈ្មោះ រ៉ាត់ គេដាក់រ៉ាវទំនាបនៅចំណុចអូរយីប ឈ្មោះ ហ៊ត ដាក់រ៉ាវនៅចំណុចអូរឯក ឈ្មោះ ស្រី ដាក់រ៉ាវទំនាបនៅចំណុចអូរឡាំង និងឈ្មោះ ម៉ៅ ឡី ដាក់រ៉ាវទំនាបនៅចំណុចអូរធាក់។ប្រជានេសាទខាងលើបានធ្វើការអំពាវនាវដល់ថ្នាក់លើ សុំមេត្តាជួយទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងដែនអភិរក្សពូជត្រីទាំងពីរឡូតិ៍នេះផង បើមិនដូច្នោះទេវានិងបង្កឲ្យបាត់បង់ពូជត្រី ដែលរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់រក្សានិងបង្កើតតំបន់អភិរក្សទាំងនោះមិនខានឡើយ។ ទាក់ទិននិងការរិះគន់ពីសំណាក់ប្រជានេសាទក្នុងសហគមន៍នេសាទខាងលើនេះ អ្នកយកព័ត៌មានយើង មិនអាចសុំការទំនាក់ទំនងបំភ្លឺបានតាមទូរស័ព្ទពីលោកនឹម សោម និងលោក ជួង សុភា នាយខ័ណ្ឌជលផលបានទេ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤នេះ ៕
ដោយ៖ ស.ស្អាត