ភ្នំពេញ:សមាគមកម្ពុជាការពារអ្នកកាសែតបានបើកសិក្ខាសាលាមួយ បណ្តុះបណ្តាលដល់អ្នកកាសែតគ្រប់សា្ថប័ន ដោយមានអ្នកកាសែតជើងចាស់អូស្ត្រាលីជាអ្នកធ្វើបទបង្ហាញ ដើម្បីបង្កើនការយល់ដឹងដល់អ្នកកាសែតកម្ពុជា ពីសិទ្ធិសេរីភាព និងក្រមសីលធម៌ក្នុងការស្វែងរកព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ។
បញ្ហាសន្តិសុខ ការរើសអើងពីអ្នកនយោបាយ ប្រាក់ចំណូលទាប និងការពិបាកទទួលបានព័ត៌មានពីស្ថាប័ននានារបស់រដ្ឋ ទាំងនេះជា ការលើកឡើងរបស់អ្នកសារព័ត៌មានក្នុសិក្ខាសាលាមួយរៀបចំ ដោយសមាគមកម្ពុជាការពារអ្នកកាសែត CAPJ នៅព្រឹកថ្ងៃទី៤ខែមេសានេះ។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានថ្លែងថា ប្រជាធិបតេយ្យ អាស្រ័យសារព័ត៌មាន នេះជាបាវចនាមួយក្នុងសង្គមប្រជាធិបតេយ្យ។ដូច្នេះ សារព័ត៌មានមានតួនាទីសំខាន់ណាស់ បើមិនមានសារព័ត៌មានទេ ប្រជាធិបតេយ្យក៏មិនអាចដំណើរការបានល្អប្រសើរដែរ។លោកថា ជាពិតណាស់ប្រជាធិបតេយ្យគេត្រូវការពិនិត្យលើសារព័ត៌មាន ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីមួយៗ។ផ្ទុយទៅវិញប្រសិនបើសារព័ត៌មានត្រូវបានគេវាយប្រហារ ប្រជាធិតេយ្យក៏មិនដំណើរការល្អប្រសើរដែរ។
សង្គមប្រជាធិបតេយ្យត្រូវការអ្នកសារព័ត៌មានឃ្លាំមើលរដ្ឋាភិបាល ដើម្បីឱ្យដឹងថា តើរដ្ឋាភិបាលនោះបំពេញការងារទៅតាមរដ្ឋធម្មនុញ្ញដែរឬអត់ ហើយអ្នកសារព័ត៌មានគឺជាអ្នកនាំយកសម្លេងរបស់អ្នកគ្មានសម្លេងឱ្យគេបានដឹង ដូចជាប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លី និងប្រជាពលរដ្ឋរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗ។ក្រៅពៅនោះលោក បានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានគឺជាស្ពានរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការបញ្ជូនព័ត៌មានពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅរដ្ឋាភិបាលផងដែរ។ចំណែកអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា វិញ លោក បានថ្លែងថា កន្លងក៏ធ្លាប់រងការវាយប្រហាររាងកាយ និងវាយប្រហារតាមផ្លូវច្បាប់ ដោយប្តឹងឡើងតុលាការ ដោយការចោទប្រកាន់ពី បទបរិហារកេរ្តិ៍ ផ្សាយព័ត៌មានមិនពិតនិងបទញ៉ុះញង់ជាដើម។គួររំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ត្រូវបានជនមិនស្គាល់មុខសម្លាប់ជាង១០នាក់រួចមកហើយ។ចំណែក នៅពេលថ្មីៗនេះ អ្នកសារព័ត៌មាន វរៈជនខ្មែរមួយរូបត្រូវបានគេសម្លាប់ក្នុងខេត្តរតនគិរី រួចលាក់សាកសពទុកក្នុងគូថឡានជាដើមដែលទង្វើនេះ ជាអំពើមួយដែលអ្នកសារព័ត៌មានយើងមិនអាចទទួលយកបានទេ ហើយយើងត្រូវរួមគ្នាដោះស្រាយរឿងនេះ។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពីអ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមានអ្នកធ្វើបទបង្ហាញពីអ្នកសារព័ត៌មានជើងចាស់ប្រចាំនៅប្រទេសអូស្ត្រាលី សហការសមាគមអ្នកសារព័ត៌មានខ្មែរ ក្នុងគោលបំណងរកដំណោះស្រាយនូវបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ក្នុងតំបន់ និងពិភពលោកទាំងមូលឱ្យបានល្អប្រសើរ៕
ដោយ៖ រតនា