ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្នេហ៍) ដែលជារឿងបែបមនោសញ្ចេតនា ដោយមានការថតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ពោធ បើកដំណើការថតហើយនៅថ្ងៃនេះ។លោកស្រី យន់ ហ៊ូយ ប្រធានផលិតកម្ម Beijing Jinyi Celebration Cultural Promotion បានមានប្រសាសន៏ថា ខ្សែភាពយន្តភាគចិនខ្នាតធំ រឿង (ឥទ្ធិពលនៃស្នេហ៍)នេះ មានចំនួន៣០ភាគ ដោយ ដឹកនាំសម្តែងដោយ អ្នកដឹកនាំផលិតខ្សែភាពយន្តដ៏ល្បីល្បាញប្រចាំ សាធារណរដ្ឋប្រជាមានិតចិន ។
ខ្សែភាពយន្តនេះបង្ហាញពីឥទ្ធិពលនៃស្នេហារវាងគូរស្នេហ៍នាទីក្រុងមួយគូ សម្តែងដោយលោក Huang Hai Boជាតួរឯកប្រុស និងអ្នកនាង Zhang Jing Chu ជាតួរឯកស្រី ។ លោកស្រីបញ្ជាក់ថា សាច់រឿងនេះ ក៏បានឆ្លុះបញ្ចាំងពីជីវិត យុវវ័យពោរពេញដោយឧបសគ្គនិងដំណោះស្រាយក្នុងការរស់នៅនិង ជីវិត ស្នេហា នៅក្នុងសង្គមដែលមានភាពអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។ នៅក្នុងរឿងនេះ ក្រុមផលិតខ្សែ ភាពយន្ត បានជ្រើស រើសយកព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសប្រកបដោយវប្បធម៌ដ៏ផូរផង់ ធ្វើជាទីកន្លែងដែល តួរ ឯកប្រុស និងតួរឯកស្រី ជួប និងចាប់ផ្តើមស្រឡាញ់គ្នា។ ខ្សែភាពយន្តនេះនឹងបញ្ចាំង ដោយ ស្ថានីយ៍ ទូរទស្សន៍Hunan ដ៏ពេញនិយម និងមានសេវាគ្របដណ្តប់ពេញប្រទេសចិន។
ឯ.ឧ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៏ថានៅក្នុងការថតខ្សែភាពយន្តនេះគឺក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលចិន អាស៊ាន បានគាំទ្រចំពោះការថតយកឈុតឆាកនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចំនួន១០ភាគ នៃចំនួនសរុប៣០ភាគ ។ នេះជាឱកាសមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ហាញ ពីប្រពៃណីវប្បធម៌ ប្រជាជន និងទស្សនីយភាពស្អាតៗ សម្រាប់ទាក់ទាញដល់ទេសចរណ៍ ដោយ ខ្សែ ភាពយន្តនេះនឹងត្រូវទស្សនាដោយប្រជាជនចិនដល់ទៅជាង១កោដ្ឋនាក់ និងប្រទេសផ្សេងៗទៀតក្នុងទ្វីបអាស៊ី។
ថ្លែងក្នុងពិធីសម្ពោធដំណើការថតខ្សែភាពយន្ត ឯ.ឧ ឧបនាយករដ្ឋមន្ត្រី សុខ អាន បានអបអរចំពោះការសម្រេចចិត្តរបស់អ្នកនិពន្ធ និងផលិតករនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ជាពិសេសរមណីយដ្ឋានអង្គរ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសរសេរពិព័រណ៍នារឿង និងសម្រាប់ការថតផ្តិតយកទិដ្ឋភាពប្រណិតៗជាច្រើន ដើម្បីធ្វើឲ្យខ្សែ ភាពយន្តរបស់ខ្លួនមានភាពរស់រវើក និងមានភាពទាក់ទាញសម្រាប់ទស្សនិកជន។
ឯ.ឧបានបញ្ជាក់ ថា កន្លងមករមណីយដ្ឋានអង្គរ ក៏ធ្លាប់ត្រូវបានក្រុមហ៊ុនផលិតខ្សែភាពយន្តបរទេសខ្នាតធំមួយចំនួនបានមកផ្តិតយកទេសភាពដ៏អស្ចារ្យសម្រាប់ខ្សែភាពយន្តរបស់ខ្លួនផងដែរ។ នៅឆ្នាំ២០១៤នេះ ទឹកដីអង្គរស្វាគមន៍ម្តងទៀតនូវការថតខ្សែភាពយន្តភាគរឿងឥទ្ធិពលនៃស្នេហ៍ ពីសាធារណរដ្ឋប្រជាមានិតចិន ដែលផលិតឡើងក្រោមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលចិន អាស៊ាន នៅក្នុងក្របខណ្ឌនៃឆ្នាំផ្លាស់ប្តូរវប្បធម៌អាស៊ាន ចិន ។
ដោយ៖ អភិរក្ស