ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាថ្មីកាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ តាមទំព័រហ្វេសប៊ុករបស់ខ្លួនថា គណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមធ្វើបាតុកម្មជារៀងរាល់ថ្ងៃអត់ឈប់ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៤ ។ ខណៈក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យធ្វើបាតុកម្មជារៀងរាល់ថ្ងៃអាទិត្យ នៅលើទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ និងស្ថិតក្នុងលក្ខខណ្ឌជាច្រើន។
នៅរាត្រីថ្ងៃទី១៣ ខែធ្នូនេះលោក សមរង្ស៊ី បានប្រកាសតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ ទើបតែបានសម្រេចក្នុងកិច្ចប្រជុំ ដែលទើបតែបញ្ចប់កាលពីព្រលប់ថ្ងៃទី១៣ធ្នូ ដោយព្រមព្រៀងគ្នាថា គណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មរៀងរាល់ថ្ងៃ ទូទាំងប្រទេស ឥតឈប់ទេ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០១៤។ សេចក្តីសម្រេចធ្វើបាតុកម្មរៀងរាល់ថ្ងៃឥតឈប់នេះ នឹងត្រូវគណបក្សសង្គ្រោះជាតិ ប្រកាសនៅក្នុងបាតុកម្មនាថ្ងៃអាទិត្យទី១៥នេះ។
តាមការគ្រោងទុក នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះ ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី នឹង លោក កឹម សុខានោះ មានអ្នកចូលរួមយ៉ាងហោចណាស់២ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យនឹងដើរហែក្បួនតាមផ្លូវមួយចំនួន រយៈពេល២ម៉ោងនៅក្នុងរាជធានីភ្នំពេញ។
លោក សម រង្សីនូវបានបញ្ជាក់ថា ចំពោះការធ្វើបាតុកម្មអហិង្សានៅថ្ងៃទី១៥ ខែធ្នូ គឺគណបក្សសង្គ្រោះជាតិ នឹងធ្វើតាមប្រជាពលរដ្ឋ បើប្រជាពលរដ្ឋឲ្យធ្វើយ៉ាងដូចម្តេច គណបក្សនឹងធ្វើយ៉ាងដូច្នោះ ហើយនឹងស្តាប់យោបល់ប្រជាពលរដ្ឋហើយអ្វីដែលបានរៀបចំពីមុនវាអាចប្រែប្រួលតាមសំណើប្រជាពលរដ្ឋ។
ចំណែកលោក កឹម សុខា បានប្រកាសនៅថ្ងៃដដែលនេះថា គណបក្សសង្គ្រោះជាតិ បានបោះមួយជំហានទៀតហើយ ពីមុនទាមទាររកយុត្តិធម៌ ស្វែងរកការពិត ហើយនៅបាតុកម្មថ្ងៃទី១៥ នេះនឹងប្រកាសទាមទារឲ្យមានការបោះឆ្នោតឡើងវិញ បើមិនដូច្នោះទេនៅគាំងចឹងទៅ។
ការទាមទារឲ្យមានការបោះឆ្នោតឡើងវិញរបស់គណបក្សសង្រ្គោះជាតិនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា ការបោះឆ្នោតឡើងវិញមិនអាចទៅរួចទេ។ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា បញ្ហានេះស៊ីសងទៅលើថា តើមូលហេតុចម្បងនោះបញ្ហាអ្វីខ្លះ ដែលដល់នាំឲ្យឈានដល់ការបោះឆ្នោតឡើងវិញ ហើយកម្ពុជាយើងលោកគិតថា ប្រហែលជាមិនទាន់ដើរដល់ថៃថា ត្រូវបោះឆ្នោតពីរខែទៀតយើងរៀបចំទាន់ ប្រហែលជាទៅមិនទាន់រួចទេ។ បើថាត្រូវបោះឆ្នោតឡើងវិញ ក៏ត្រូវប្រើពេលវេលាយ៉ាងហោចណាស់មួយឆ្នាំឬពីរឆ្នាំដើម្បីយើងរៀបចំដែរ។
សម្រាប់លក្ខខណ្ឌមួយចំនួនដែលតម្រូវឲ្យគណបក្សសង្រ្គោះជាតិ អនុវត្តន៍នៅថ្ងៃទី១៥នេះ រួមមាន៖ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សា នៅលើទីលានប្រជា ធិបតេយ្យចំនួន១ថ្ងៃ គឺថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះ ចាប់ពីវេលាម៉ោង៦ព្រឹកដល់៦ល្ងាច ដោយមានអ្នកចូលរួមមិនឲ្យលើសពី១ម៉ឺននាក់ ដែលសមាមាត្រនឹងទំហំក្រឡាផ្ទៃនៃទីលានប្រជាធិបតេយ្យ។ ហើយចំពោះការធ្វើបាតុកម្មក្រោយៗទៀតគណបក្សសង្គ្រោះជាតិត្រូវជូនដំណឹងមក សាលារាជធានីភ្នំពេញ សារជាថ្មីតាមច្បាប់កំណត់ ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ឆ្លងតាមបាតុកម្មដែលកើតមានឡើង ក្នុងការដង្ហែក្បួន បាតុកម្មកន្លងមកបង្ហាញឲ្យឃើញថា គណបក្សសង្គ្រោះជាតិ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកម្លាំង ដូច្នេះដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការដង្ហែក្បួនបាតុកម្មពុំត្រូវអនុញ្ញាតឲ្យមានឡើយ។ ដូចនេះសាលារាជធានីភ្នំពេញ ត្រូវបន្តពិភាក្សាឲ្យបានលំអិតជាមួយ គណបក្សសង្គ្រោះជាតិ ដើម្បីធានាការប្រព្រឹត្តប្រកបដោយសន្តិវិធី និងស្ថិតក្នុងរង្វង់ច្បាប់។
សូមបញ្ជាក់ថា ក្រោយពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣រួចមក គណបក្សសង្រ្គោះជាតិបានធ្វើមហាបាតុកម្មជាច្រើនលើកច្រើនសារ ក្នុងគោលបំណងទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត ។ ប៉ុន្តែលទ្ធផលបោះឆ្នោតនៅតែបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ រីឯគណបក្ស សង្គ្រោះជាតិ ទទួលបាន៥៥អាសនៈដដែល៕ ដោយ៖ស.ស្អាត