ភ្នំពេញ៖ មហោស្រពសិល្បៈមហាជនអភិវឌ្ឍន៍ថ្នាក់ភូមិភាគធ្វើនៅនៅក្នុងសាលប្រជុំមន្ទីរវប្បធម៌រាជធានីភ្នំពេញ ត្រូវបានចូលរួមសម្តែងដោយសិល្បៈករ-សិល្បៈការិនីចំនួន២៧២នាក់ មកពី៤រាជធានី-ខេត្ត រួមមាន ភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំងនិងតាកែវ ដែលស្ថិតក្នុងមណ្ឌលភូមិភាគមួយ។
ថ្លែងបើកមហោស្រពរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ នៅព្រឹកមិញនេះ លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងបរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការបើកមហោស្រពមហាជនគឺជាការជួបជុំគ្នាក្នុងភាពសប្បាយរីករាយ ស្និទិ្ធស្នាល ភាតរភាព។ដូច្នេះក្នុងនាមលោកស្រី ក៏ដូចជាអភិបាលរាជធានីភ្នំពេញសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីររាជធានីខេត្ត លោកគ្រូ អ្នកគ្រូសិល្បៈករ សិល្បៈការិនី ទាំងអស់ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងការហ្វឹកហាត់ស្រាវជ្រាវនូវទម្រង់សិល្បៈផ្សេងៗ ដើម្បីជួយថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ នូវវប្បធម៌ប្រពៃណីជាតិអោយបានគង់វង្ស និងរីកចម្រើន។
លោកស្រីបានបន្តថា យើងត្រូវរួមគ្នាជាធ្លុងមួយសំដៅថែលរក្សាការពារ និងអភិវឌ្ឍន៍វប្បធម៌លើកកម្ពស់កិត្យានុភាពនិងសេចក្តីថ្លៃថ្នូររបស់ជាតិ ដោយរៀបចំបើកមហោស្រពសិល្បៈមហាជនអោយបានទៀងទាត់តាមថ្នាក់នីមួយៗ ទាំងថ្នាក់មូលដ្ឋាន ខេត្ត ភូមិភាគ និងថ្នាក់ជាតិ ដើម្បីផ្តល់ឱកាសអោយសិល្បៈករ-សិល្បៈការិនីបានផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ទាំងការបង្កើតស្នាដៃថ្មី ទាំងការសម្តែង ដែលជាសមាសធាតុមួយដ៏សំខាន់ ក្នុងការលើកម្ពស់វឌ្ឍនភាពវប្បធម៌ជាតិ ប្រកបដោយចីរភាព។ផ្អែកតាមប្រវត្តិសាស្ត្រ និងប្រាង្គប្រសាទធំៗ ជាច្រើនបង្ហាញអោយឃើញថា កម្ពុជាមានសិល្បៈវប្បធម៌មួយពិតប្រាកដ និងសម្បូរណ៍បែប។ប៉ុន្តែទម្រង់សិល្បៈជាច្រើនត្រូវកបានបំផ្លាញក្នុងសម័យសង្គ្រាម ។នេះបើតាមលោកស្រី ម៉ក់ វណ្ណស៊ីថា។
លោក ជុំ វុទ្ឍី ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានភូមិភាគមួយរាជធានីភ្នំពេញបានមានប្រសាសន៍ថាមហោស្រពសិល្បៈមហាជនឆ្នាំ២០១៣នេះបានទទួលការឧបត្ថម្ភដោយមូលនិធិអន្តរជាតិដើម្បីសិល្បៈវប្បធម៌នៃទីក្រុងតូក្យូប្រទេសជប៉ុន។គួរបញ្ជាក់ថា ទម្រង់នៃការសម្តែងក្នុងមហោស្រពបីថ្ងៃនេះ មានល្ខោនបាសាក់ របាំសហសម័យ ល្ខោននិយាយអាយ៉ៃរឿង ល្ខោនមហោរី និងយីកេជាដើម៕ ដោយ ៖ រតនា