ភ្នំពេញៈ កម្មករ-កម្មការិនី ប្រមាណ១ម៉ឺននាក់ បានទៅត្រួតពិនិត្យសុខភាព នៅអគ្គនាយកដ្ឋានបេឡា និងសន្តិសុខសង្គម របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារៀងរាល់ខែ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីសិក្ខាសាលាមួយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានមានប្រសាសន៍ថា «អ្នកពិនិត្យសុខភាព ១ខែៗ មានប្រមាណជា១ម៉ឺននាក់ ពីព្រោះការពិនិត្យសុខភាព របស់យើងសព្វថ្ងៃនេះ គឺពិនិត្យតែកម្មករគាត់ចូលបំពេញការងារ កំពុងបំពេញការងារ» ។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់លោក ឡែង តុង បានធ្វើឡើងចំពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញផ្សព្វផ្សាយដល់ក្រុមហ៊ុន សហគ្រាស និងបណ្តារោងចក្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការងារនៅក្នុងប្រទេសកម្ពុជា ។ ហើយបើយោងតាមតួលេខ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ(ពីឆ្នាំ២០០៩-២០១៣) គ្រោះថ្នាក់ការងារនៅកម្ពុជាយ៉ាងខ្លាំង ដែលមានរហូតដល់ ៤៥.៦១៤ ករណី និង បណ្តាលឱ្យកម្មករស្លាប់ ២៥៧នាក់ ក្នុងនោះគ្រោះថ្នាក់ការងារលើ វិស័យកាត់ដេរសម្លៀកបំពាក់ មានចំនួន ៣៦.៣៩៦នាក់ និង ផលិតស្បែកជើងចំនួន ៥.៥៩២នាក់ ។ របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ការងារ នៅឆ្នាំ២០១៣ បានកើតឡើងចំនួន ១៦៧៧៥ករណី និង មាន អ្នកស្លាប់បាត់បង់ជីវិតចំនួន ៩៦នាក់ ខណៈដែល ឆ្នាំ២០១២ កើតឡើង ១៤.២៣៣ករណី និងមានអ្នកស្លាប់ ៥៩នាក់ ដែលមូលហេតុភាគច្រើន បណ្តាលមកពី ការប៉ះពាល់ ទៅនឹង ម៉ាស៊ីន សារធាតគីមី ដែលប្រើប្រាស់ ក្នុងផលិតកម្ម សំឡេង ធូលី បរិស្ថាន និងបរិយាកាស នៅកន្លែងធ្វើការ មិនមានអនាម័យ ជាដើម ។
ដោយឡែក លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ធ្លាប់បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីមូលដ្ឋានគ្រឹះ នៃសុខភាព និងសុវត្ថិភាពការងារ គ្រោះថ្នាក់មិនសូន្យ និងការកំណត់ហានិភ័យនៅកន្លែងធ្វើការ នាពេលកន្លងមកទៅថ្មីៗ ថា គ្រោះថ្នាក់ការងារ នៅកម្ពុជា នៅតែបន្តកើនឡើង ដែលជាបញ្ហាប្រឈមសម្រាប់កម្ពុជា ។ លោកក៏បានបញ្ចាក់ដែរថា «បើយើងគិតពីសមមាត្រ ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការកើនឡើង។ ឆ្នាំ២០១៣ (គ្រោះថ្នាក់ការងារ) មានជាង១៦០០០ករណី ។ បើយើងយកមកចែកនឹង ៣៦៥ថ្ងៃទៅ ឃើញថា កើតឡើងជាង ៤០ករណី ក្នុងមួយថ្ងៃ៕
ដោយ៖ ភីនរ៉ា