ភ្នំពេញៈ ថ្លែងក្នុងបើកសិក្ខាសាលាមួយស្តីពីបច្ចេកវិទ្យាថាមពល និងបរិសា្ថន ក្រោមកិច្ចសហប្រតិបត្តិការ កសាងសមត្ថភាពក្នុងការរៀបចំ NAMA ក្នុងលក្ខណៈដែលអាចវាស់វែងរាយការណ៌និងផ្ទៀងផ្ទាត់កាលពីថ្ងៃទី ២១ មីនា លោក សបូ អូហ្សូណូ បានលើកឡើងថា ការប្រែប្រូលអាកាសធាតុកំពុងជះឥទ្ឋិពលអវិជ្ជមានលើប្រទេសទាំងអស់នៅក្នុងពិភពលោក ហើយបណ្តាប្រទេសអភិវឌ្ឍន៌តិចតូចដូចជាប្រទេសកម្ពុជា គឺជាប្រទេសដែលងាយរងគ្រោះបំផុតពីឥទ្ឋិពលនៃការប្រែប្រួលអាកាសធាតុ ដោយសាតែមានសមត្ថភាពបន្សុំា ចំណេះដឹង និងធនធាន នៅមានកម្រិតទាប។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពូជា បានយល់យ៉ាងច្បាស់ពីបញ្ហានេះ ហើយបានចាត់ទុកការប្រែប្រួលអាកាសធាតុ ថាជាការងារដែលមានអាទិភាពចំបងមួយក្នុងក្របខណ្ឌ័យុទ្ឋសាស្ត្រចតុកោណ និងអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រសួងបរិស្ថានក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រូលអាកាសធាតុ បាននិងកំពុងខិតខំយ៉ាងខ្លាំងក្នុងការសម្របសម្រួលការងារប្រែប្រូលអាកាសធាតុជាមួយសា្ថប័នពាក់ព័ន្ឋទាំងអស់ និងដៃគូអភិវឌ្ឍន៌ ក្នុងការគៀងគរ ស្វែងរកធនធាន និងជំនួយនានា ដើម្បីអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស័ន្មផ្ទះកញ្ចក់ និងបន្សាំ រៀបចំផែនការឆ្លើយតបនានា ការកសាងសមត្ថភាពសិក្សាស្រាវជ្រាវ អប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាដើម។ លោក Jiro Ogahara តំណាងមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន អន្តជាតិមកពីប្រទេសជប៉ុន បានមានប្រសាសន៍ថា លោកនិងខិតខំស្រាវជ្រាវ និងយកបច្ចេកវិទ្យាល្អៗដែលជប៉ុនមានមកចែករំលែកដល់កម្ពុជានិងលើកកម្ពស់សមត្ថភាពដល់មន្ត្រីជំនាញ។
លោកសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃអង្គសិក្ខាសាលានេះគឺដើម្បីណែនាំពីបច្ចេកវិទ្យាដែលជាមេត្រីភាពជាមួយបរិស្ថានក្នុងការកាត់បន្ថយឥទិ្ឋពលនៃការប្រែប្រូលអាកាសធាតុ និងសម្របសម្រូលការភ្ជាប់ទំនាក់ទំនង និងស្វែងរកដៃគូរវាងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យា។ គួរបញ្ជាក់ថា ដើម្បីជាការឆ្លើយ ក្នុងចក្ខុវិស័យដឹកនាំកម្ពុជា ក្នុងឆ្នាំ២០១៤-២០២៣ កម្ពុជាអភិវឌ្ឍន៌ឆ្ពោះទៅរកសង្គមមួយដែលបៃតង បញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៌ ចីរភាព និងពឹងផ្អែកលើចំណេះដឹងជាគោល៕ ដោយ៖ ភីនរ៉ា