ភ្នំពេញៈ កំណើនភ្ញៀវជាតិធ្វើដំណើរទៅក្រៅប្រទេសតាមយន្តហោះនៅតែច្រើនគួរឱ្យកត់សម្គាល់ ពុំមានអ្វីប្រែប្រួលនោះទេ បើទោះបីជាមានការបាត់យន្តហោះរបស់ម៉ាឡេស៊ីអស់ពេលជាច្រើនថ្ងៃមកនេះ។ នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ World Express និងជាសហប្រធានក្រុមការងារវិស័យទេសចរណ៍ផ្នែកឯកជន លោក ហូ វណ្ណី បានប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ មានភ្ញៀវជាតិធ្វើដំណើរទៅក្រៅប្រទេសនៅតែច្រើនដដែល ពោលគឺពុំមានអ្វីប្រែប្រួលនោះទេ បើទោះ បីជា មានការបាត់យន្តហោះរបស់ម៉ាឡេស៊ីជាច្រើនថ្ងៃក៏ដោយ។ លោកបញ្ជាក់ថា យើងមិនមានអ្វីជាការភ្ញាក់ផ្អើលខ្លាំងនោះទេ ដោយសារបញ្ហាធ្លាក់យន្តហោះនោះ វា ជាឧបទ្ទវហេតុ ១លានមានតែមួយលើកតែ ប៉ុណ្ណោះ អញ្ជឹងហើយវាមិនមានផលប៉ះពាល់ខ្លាំងទេ ពី ព្រោះអ្នកដែលនៅតែប្រកបអាជីវកម្ម ក៏ដូចជាអ្នកធ្វើដំណើរទៅទស្សនកិច្ចនៅឯក្រៅប្រទេស ពួកគាត់ នៅតែរក្សា គោលបំណង ឬគម្រោងរបស់គាត់ដដែល។ លោកបានបន្ថែមថា ការណ៍ដែលបារម្ភតែងតែមានហើយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា យើងត្រូវតែថែ រក្សាការពារនូវសុវត្ថិភាព និងមានភាពប្រុងប្រយ័ត្នជាងមុនផងដែរ។
ជុំវិញបញ្ហានេះដែរ លោកស្រី ចាន់ អេឡែន នាយិកាក្រុមហ៊ុនទេសចរណ៍ ហុង ឈីន ក៏ បានលើកឡើងដែរថា វាមានផលប៉ះពាល់តិចតួចតែប៉ុណ្ណោះ ដោយសារ តែមានភ្ញៀវជាតិមួយចំនួន ពួកគាត់បានបង្វែរទៅកម្សាន្តនៅកន្លែងផ្សេង ក្រៅពីម៉ាឡេស៊ីនោះ ពោលគឺធ្លាក់ចុះប្រមាណ ១០ ភាគរយ រីឯភ្ញៀវជាតិទៅកម្សាន្តនៅកន្លែងផ្សេងវិញ កើនឡើងប្រមាណ ៥ ភាគរយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដែលអ្នកសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ក្រសួងការពារជាតិ ក្រោមការបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន ៤ គ្រឿង និងនាវាចំនួន ២ គ្រឿង ទៅកាន់តំបន់ ព្រំដែនសមុទ្រកម្ពុជា-វៀតណាម ដើម្បីចុះជួយរុករកយន្តហោះ ប្រភេទ MH-370 របស់ម៉ាឡេស៊ី ដែល បានបាត់កាលពី២ សប្តាហ៍មុន។
សេចក្តីប្រកាសដដែលបានបន្តថា ក្រសួងការជាតិការពារជាតិកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់ខ្លួនយន្តហោះរបស់ម៉ាឡេស៊ី កាលពីពេលកន្លងទៅនោះ មិនតែប៉ុណ្ណោះក្រសួង ក៏បានចូលរួមរំលែក ទុក្ខចំពោះគ្រួសារ ដែលជនរងគ្រោះបានបាត់បង់នោះដែរ។ គួររំម្លឹកដែរថា យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីប្រភេទ MH-370 បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា កន្លងទៅនេះ ហើយការបាត់បង់នេះកំពុងតែមានការសង្ស័យជាច្រើនដោយមូលដ្ឋានខ្លះថា ធ្លាក់ចូលក្នុងសមុទ្រចិនខាងត្បូង និងខ្លះទៀតថា ដែនសមុទ្រឥណ្ឌា ខ្លះទៀតថា ជាករណីប្លន់ និងភេរវកម្មជាដើម៕
ដោយ៖ ភីនរ៉ា