ភ្នំពេញៈ ផ្លូវក្រោមដីមួយខ្សែដំបូងបង្អស់របស់កម្ពុជានឹងលេចរូបរាងឡើងនៅក្នុងរាជធានីភ្នំពេញ។ដំណឹងនៃគម្រោងសាងសង់ផ្លូវក្រោមដីនេះបានផ្សព្បផ្សាយឲ្យដឹងខណៈដែល សាលារាជធានីភ្នំពេញបានចាប់ផ្តើមសិក្សាពីគម្រោងជាបឋម សម្រាប់សាងសង់ផ្លូវក្រោមដី និងស្ពានអាកាស២បន្ថែមទៀតនៅក្នុងក្រុងភ្នំពេញ។នេះបើតាមការ បញ្ជាក់របស់លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។
លោកឡុង ឌីម៉ង់ បានបន្តទៀតថា ស្ពានអាកាស២កន្លែង និងផ្លូវក្រោមដី ដែលអ្នកជំនាញកំពុងសិក្សានៅពេលនេះ មាន៣កន្លែង ទី១នៅចំណុចប្រសព្វ រវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវក្រមួនស ទី២នៅភ្លើងស្តុបវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំណុចប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង និងទី៣ភ្លើងស្តុបចំណុចប្រសព្វ មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ។
មន្ត្រីអ្នកនាំពាក្យសាលាក្រុងរូបនេះ មិនបានបញ្ជាក់ថា គម្រោងនៃការសាងសង់ទាំងមូល ត្រូវចំនាយថវិកាអស់ ប៉ុនណ្ណានៅឡើយទេ ប៉ុន្តែលោកបាន អះអាងថា មិនទាន់ដឹងច្បាស់ ដោយសារតែយើងចាំបាច់ត្រូវតែសិក្សាសិន ថាតើអាចមានផលប៉ះព៉ាល់ដែរ ឬអត់?
គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមិនទាន់មាន ផ្លូវក្រោមដីទេតែនៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៣កន្លែង ដែលស្ថិតនៅលើផ្លូវ២៧១ មានស្ពានអាកាសក្បាលថ្នល់ស្ពានអាកាស៧មករានៅជិតមន្ទីរពេទ្យលោកសង្ឃ។បច្ចុប្បន្ននេះ ស្ពានអាកាសមួយទៀតនៅស្ទឹងមានជ័យ បានសាងសង់រួចរាល់ប្រមាណជា ជាង៧៥ភាគរយហើយ៕
ដោយ៖ ភីន រ៉ា