ភ្នំពេញ ៖ ជំងឺផ្ដាសាយបក្សី(H5N1) បាន ឆ្លងនិងសម្លាប់កុមារីអាយុ២ឆ្នាំម្នាក់ទៀតរស់នៅ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី១៤ ខែមីនានៅមន្ទីរពេទ្យគន្ធបុប្ផា ដែលនេះជាករណីទី៩ ហើយសម្រាប់ឆ្នាំ២០១៤។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO) ដែលបានប្រកាសកាលពីថ្ងៃច័ន្ទកន្លងមកនេះ។ យោងតាម សេចក្តីជួនដំណឹងដដែលបន្តថា ករណីទី៩នេះ កើតលើកុមារីម្នាក់ អាយុ២ឆ្នាំ ដែលរស់នៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ កុមារីនេះត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៤ខែមីនាថាមានជំងឺផ្ដាសាយបក្សី។ សេចក្តី ប្រកាសព័ត៌មានបន្តថា បច្ចុប្បន្នកុមារីរូបនេះបានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៤ ខែមីនា។ ករណីផ្ដាសាយបក្សីនេះ ជាករណីទី៩ នៅក្នុងឆ្នាំ២០១៤ និងជាករណីទី៥៦ហើយ នៃជំងឺផ្តាសាយបក្សីនៅប្រទេសកម្ពុជា ក្នុងនោះ ៤៤ករណី កើតឡើងលើកុមារអាយុក្រោម១៤ឆ្នាំ និង៣០ករណីក្នុងចំណោម៥៦ករណី កើតលើនារី។ ១៩ករណីក្នុងចំណោម៥៦ករណី អ្នកជំងឺនៅមានជីវិត ចាប់តាំងពីជំងឺនេះ បានកើតមាននៅកម្ពុជាលើកដំបូងក្នុងឆ្នាំ២០០៥។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ជំងឺផ្តាសាយបក្សី H5N1 នៅតែ បន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាអ្នកមានភាពរងគ្រោះច្រើន និងមានហានិភ័យខ្ពស់។ ភាគច្រើនកើតមានលើ កុមារ ដែលជាអ្នកមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ហើយនេះជាផ្តាសាយ បក្សីទី ៥៦ ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ មក។ ជានិច្ចកាលកុមារតែងតែជា អ្នកមើលថែទាំ និងឲ្យចំណីបសុបក្សីក្នុងស្រុក បោសសម្អាតទ្រុង និងប្រមូលស៊ុតមាន់ទា ជាង នេះទៅទៀត កុមារអាចប៉ះពាល់ជិតស្និទ្ធជាបសុបក្សី ដោយសារពួកគេចាត់ទុកថា វាជាសត្វ ដែលចិញ្ចឹមលេង និងមានភាពងាយរងគ្រោះច្រើន និងមានហានិភ័យខ្ពស់ ពីព្រោះពួកគេចូល ចិត្តលេងកន្លែងដែលមានបសុបក្សី ។ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវឲ្យឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬ ងាប់ និងព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីមាន់ និងទា។ ឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ត្រូវប្រាកដថា កុមារលាងដៃជាមួយសាប៊ូនឹងទឹកមុនពេលបរិភោគ និងបន្ទាប់ពីបានប៉ះពាល់ជាមួយបសុបក្សី។ ដៃអាចប្រឡាក់ដោយវីរុស ដែលវីរុសនេះមិនអាចមើលឃើញដោយ ភ្នែកទទេដឹងទេ។ សាប៊ូលាងសម្អាតវីរុសដែលជាប់នៅដៃ។ សូមជម្រាបថា ក្នុងអំឡុងដើមឆ្នាំ២០១៤នេះ ករណីជំងឺគ្រុនផ្ដាសាយបក្សីបានកើតឡើងលើពលរដ្ឋកម្ពុជាចំនួន ០៩ករណីហើយ។ បើគិតចាប់តាំងពីឆ្នាំ២០០៥មក ករណីជំងឺផ្ដាសាយបក្សីកើតលើពលរដ្ឋកម្ពុជាចំនួន៥ករណីហើយ ក្នុងនោះ១៩ករណីអាចរួចផុតពីសេចក្ដីស្លាប់៕
ដោយ៖ ភីនរ៉ា