ព្រះសីហនុ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាម៉េរិក រួមនឹងនិង្សិត បុគ្គលិកខ្មែរចំនួន៣៨នាក់ បានចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ រយៈពេល២ថ្ងៃ នៅមណ្ឌលសុខភាព ហ៊ុន សែន កែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ដែលជាតំបន់អភិវឌ្ឍន៍កំពង់ផែរបស់លោកឧកញា ម៉ុង ឬទ្ធី ។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះបានចុះព្យាបាលជំងឺនេះ បានធ្វើឡើងតប តាមការអញ្ជើញ របស់លោកឧកញា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា ទទួលបន្ទុកផែនការ វិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។មានរយៈពេល២ថ្ងៃគឺចាប់ផ្តើមពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤ ដឹកនាំដោយលោកស្រី សោនណា វ៉ុលម៊ឺរ ឃីង ប្រធានអង្គការគ្រូពេទ្យសង្រ្គោះអន្តរជាតិ (International Medical Relief) ព្រមទាំងមានការអញ្ជើញ ចូលរួមពី លោកឧកញ៉ា ម៉ុង ឫទ្ធី ផងដែរ ។
លោកស្រីវេជ្ជបណ្ឌិត សោនណា វ៉ុលម៊ឺរឃីង បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកស្រី មកព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនាពេលនេះ ផ្តោតលើការព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ការបង្រៀនពី សុខភាពសហគមន៍ និងផ្តល់ថ្នាំសម្រាប់ទ្រទ្រង់ដល់សេវាព្យាបាល ។សម្រាប់លោក ម៉ុង ឫទ្ធី បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាម៉េរិក រួមនឹងនិស្សិត បុគ្គលិកកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងនាមជាបុគ្គល និងផ្តល់ថវិកាយ៉ាងសន្ធឹកសន្ធាប់ ក្នុងការផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កំពុងប្រឈមបញ្ហាសុខភាព ។
ឧកញ៉ាបានស្នើឲ្យក្រុមគ្រូពេទ្យសង្រ្គោះអន្តរជាតិ បន្តបេសកកម្មរបស់ខ្លួនជួយព្យាបាលជំងឺ ឲ្យ បានទូលំទូលាយទូទាំប្រទេសដល់ប្រជាពលរដ្ឋកម្ពុជា ។ លោក ម៉ុង ឫទ្ធី បានហៅទង្វើមនុស្សធម៌នេះថាជាការរួមចំណែកកាត់បន្ថយការចំណាយលើសេវាសុខភាព របស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទ ដែលមានការខ្វះខាតក្នុងជីវភាពនៅទូទាំងប្រទេស និងមានបញ្ហាសុខភាព ពិសេសបញ្ហាសុខភាព មាត់ធ្មេញ ។
ជាមួយគ្នានោះ លោកឧកញា ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបណ្តាប្រទេសជឿនលឿន និង ប្រទេសអភិវឌ្ឍន៍ទាំងអស់នៅលើពិភពលោកដែលមានឆន្ទៈមនុស្សធម៌ សូមបន្តមកជួយព្យាបាលសុខភាពប្រជាពលរដ្ឋកម្ពុជាដែលមនជីវភាពខ្វះខាតនៅទូទាំងប្រទេសបន្តទៀត ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់គាត់ ក៏ដូចជាបានចូលរួមកាត់បន្ថយភាពក្រីក្រផងដែរ៕ ដោយ៖ ស.ស្អាត