ភ្នំពេញៈ សាលារាជធានីភ្នំពេញចាប់ផ្តើមសា្ថបនាផ្លូវអ៊ុតកៅស៊ូឡើងវិញនៅតាមបណ្តោយច្រាំងទន្លេត្រើយខាងកើតរួមជាមួយនឹងគម្រោងសាងសង់ស្តូបរូបសំណាក់ព្រះនាងប្រាជ្ញបារមីដ៏ធំ ដើម្បីកែប្រែតំបន់សួនជ្រោយចង្វារនេះក្លាយជាតំបន់គោលដៅទេសចរណ៍ដ៏ទាក់ទាញ់សម្រាប់រាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញថ្លែងក្នុងពិធីបញ្ចុះបឋមសិក្សាសាងសង់ស្តូបរូបសំណាក់ព្រះនាងប្រាជ្ញបារមី និងបើកដ្ឋានសាងសង់ផ្លូវអ៊ុតកៅស៊ូស្របច្រាំងទន្លេសាបនាព្រឹកថ្ងៃទី១២ ខែ មីនាថា ការអភិវឌ្ឍនៅតំបន់នេះដើម្បីឲ្យប្រជាពលរដ្ឋកាន់តែទទួលបានការ រស់នៅក្នុងបរិស្ថានល្អប្រកដោយផាសុខភាព ពិសេសទាក់ទាញភ្ញៀវទេសមកលេងកម្សាន្តនៅតំបន់នេះបានរឹតតែច្រើនដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។
លោកអភិបាលបានបន្តថា នេះជាការដាក់ទុនវិនិយោគដ៏ធំក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលដោយមិនត្រឹមគិតពីសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែនៅពេលមានពិធីបុណ្យទានពិសេសព្រះរាជ ពិធីបុណ្យអ៊ុំទូកនាពេលខាងមុខនេះ ប្រជាពលរដ្ឋកាន់តែមានលក្ខណៈងាយស្រួលសម្រាប់រីករាយ ក្នុងការទស្សនាការប្រណាំងទូកងដូចនៅត្រើយខាងលិចដែរ។
ជាមួយនោះ លោកក៏បញ្ជាក់ថា ជំហានបន្ទាប់ពីការអភិវឌ្ឍតំបន់នេះរួចអាជ្ញាធរក្រុងនឹងអភិវឌ្ឍចាប់ពីគល់ស្ពាន ជ្រោយចង្វារឆ្ពោះទៅបែកខាងជើងបន្តទៀត ដោយស្ថាបនាច្រាំងទន្លេការពារទឹកជំជំនន់រួមជាមួយនឹងការស្ថាបនាសួនច្បារ ផ្លូវថ្នល់ បង្គោលភ្លើង ដើម្បីប្រែក្លាយតំបន់ជ្រោយចង្វារទាំងមូលឲ្យសោភ័ណ្ឌមានស្រសល់ស្អាត សម្រាប់បង្អូតភ្ញៀវទេសចរណ៍។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសំា ពិសិដ្ឋ បានឲ្យដឹងថា ការស្ថាបនាផ្លូវនេះឡើងវិញ ដោយពិនិត្យឃើញថា កំណាត់ផ្លូវស្របច្រាំងទន្លេសាត្រើយខាងកើត ចាប់ពីសួន ច្រមុះជ្រូកដល់វិថីកែវចិន្តា និងកំណាត់ផ្លូវចាប់ពីវិថីកែវចិន្តាដល់ចុះជ្រោយមានស្ថានភាពតូចចង្អៀត ដែលពិបាកក្នុងការធ្វើដំណើរ និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដែលត្រូវដោះស្រាយជាបន្ទាន់។
លោកបន្តថា ការរដ្ឋាននេះអនុវត្តដោយក្រុមហ៊ុនសូគីម៉ិច ដោយប្រើរយៈពេលស្ថាបនាចំនួន៤ ខែក្នុងរង្វង់ទឹកប្រាក់សរុបជាង52ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងនោះ រួមជាមួយនឹងការស្ថាបនាលូ នឹងការបង្គោលភ្លើងបំភ្លឺផ្លូវ។ ដោយឡែកសម្រាប់គម្រោងសាងសង់ស្តូបព្រះនាងប្រាជ្ញាបារមីវិញ មានកំពស់សរុប៩.៥០ម និង ទទឹង៩.៥២ម ក្នុងនោះ រូបព្រះនាងប្រាជ្ញបារមីធ្វើអំពីថ្មភក់មានកម្ពស់៥.៤០ម ក្នុងគោលដៅបង្ហាញពី វីរៈភាពរបស់ស្រ្តីខ្មែរក្នុងភាពជាអ្នកដឹកនាំកំពូល ប្រកបដោយប្រជាប្រិយភាព និងសប្បុរសធម៌ ជា មួយនឹងចំណេះដឹងខ្ពងខ្ពស់ រូបសម្រស់អកប្បកិរិយាសុភាពរាបសារទន់ភ្លន់ និងការប្រតិបត្តិក្នុងតួនាទីជាស្រ្តីខ្មែរ។
យោងតាមប្រវត្តិព្រះនាងប្រាជ្ញបារមី ជាតួអង្គពោធិសត្វដែលបង្ហាញឡើងក្នុងរូបភាពជាស្រ្តី ដែលជានិមិត្តរូបនៃចំណេះដឹងខ្ពងខ្ពស់ក្នុងវិស័យព្រះពុទ្ធសាសនានិកាយមហាយានដែលជាសាសនាមួយពេញនិយមក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧នាចន្លោះសតវត្សទី១២ និងទី១៣នៃគ្រឹះស្គសករាជ៕
ដោយ៖ ភីនរ៉ា