ភ្នំពេញ: ក្រុមសហជីព ដែលធ្លាប់ជំទាស់នឹងការសម្រេចរបស់ក្រសួងការងារសម្រេចតម្លើងប្រាក់ខែឱ្យកម្មករវិស័យកាត់ដេរ និងស្បែកជើង១០០ដុល្លារកន្លងមក បានផ្អាកធ្វើបាតុកម្ម ដែលខ្លួនបានគ្រោងថា ធ្វើនៅថ្ងៃទី១២ខែមិនាឆ្នាំ២០១៤នេះ។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បានថ្លែង តាមទូរស័ព្ទថា ការផ្អាកនេះ មានហេតុផលធំៗបីយ៉ាង ទី១.សមាជិករបស់សហជីពមិនចង់ធ្វើយុទ្ធនាការទាមទារនោះ មុនចូលឆ្នាំថ្មីទេ ព្រោះកាលណាមានឈ្លោះទាស់ទែងគ្នានាំឱ្យពិបាកដោះស្រាយគ្នា ទី២.ក្រុមសហជីពចង់ទុកពេលឱ្យរដ្ឋាភិបាល និងក្រុមនិយោជកធ្វើការពិភាក្សាគ្នាសិន និងទី៣.សហជីពអន្តរជាតិនិង អ្នកបញ្ជារទិញ គេកំពុងធ្វើការរឿងនឹងស្រាប់ហើយផង។ លោកបន្ថែមថា ហេតុផលមួយដែលសមរម្យបំផុតទៀតនោះ ក្រុមកម្មករ កម្មការិនី ភាគច្រើន ចង់ឱ្យធ្វើបាតុកម្មក្រោយពេលចូលឆ្នាំរួច។ យ៉ាងណាក៏ដោយ ក្រុមសហជីពនៅតែប្រកាន់ជំហក្នុងការធ្វើបាតុកម្មរបស់ខ្លួន ប្រសិនបើ រដ្ឋាភិបាល និងនិយោជក គ្មានដំណោះស្រាយសមរម្យសម្រាប់ពួគគេទេនោះ។
ក្រុមសហជីពចំនួន៦ក្នុងចំណោម៨ដែលចុះហត្ថលេខាផ្អាកបាតុកម្មសិននោះ ព្រមានថា បើគ្មានដំណោះស្រាយទេ ការទាមទារដំឡើងប្រាក់ខែដោយបាតុកម្មទ្រង់ទ្រាយធំ នឹងកើតមានចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២២ខែមេសាឆ្នាំ២០១៤ខាងមុខនេះ។ កាលពីល្ងាចម្សិលមិញ សហជីពសេរីកម្មកររបស់លោក ជា មុនី បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្រេចផ្អាក ធ្វើកូដកម្ម ដើម្បីទុកលទ្ធភាពឱ្យក្រុមអ្នកបញ្ជារទិញ និងរដ្ឋាភិបាលពិភាក្សាគ្នាពិភាក្សាប្រាក់ឈ្នួលរបស់កម្មករ និងកាត់បន្ថយការបង្ហូរឈាមគ្នាដោយការបង្រ្កាបរបស់កម្លាំង សមត្ថកិច្ច យ៉ាងសាហាវឃោរឃៅមកលើកម្មករកម្មការិនី។ សូមបញ្ជាក់ថា សហព័ន្ធសហជីព និងសមាគមមួយចំនួនដែលគាំទ្រសហជីពកាត់ដេរ និងស្បែកជើង៨ខាងលើ គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេសចាប់ពីថ្ងៃទី ១២ខែមិនា ដល់ថ្ងៃទី១៥ខែមិនា ឆ្នាំ២០១៤៕ ដោយ៖ រតនា