កំពង់ឆ្នាំង៖ ទីតាំងផលិតបាឡាស្មាច់អត់ច្បាប់ពីរកន្លែង នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំងត្រូវ បានគេ មើលឃើញថា កំពុងបំពុលបរិស្ថាន យ៉ាងធ្ងន់ធ្ងរ ហើយទីតាំងផលិតបាឡាស្មាច់នេះ នៅតែបន្តសកម្មភាពមិនព្រម បញ្ឈប់ឬប្តូរទីតាំង ទៅធ្វើនៅលើគោកឡើយ បើទោះជាអាជ្ញាធរខេត្ត បញ្ជារអោយបិទក៏ដោយ ។
ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ជាច្រើនគ្រួសារបានសំដែងនូវ ការមិនសប្បាយចិត្ត និង សំណូមពរសូមអោយអាជ្ញាធរ និង មន្រ្តីជំនាញពាក់ព័ន្ធ ជួយអន្តរាគមន៏និងមានវិធាន ការទប់ស្កាត់ចំពោះសិប្បកម្មផលិតបាឡាស្មាច់ ពីរកន្លែង ដែលកំពុងតែធ្វើសកម្មភាពបំពុល បរិស្ថានយ៉ាងធ្ងន់ធ្ងរ នេះ ។ ប្រជាពលរដ្ឋបានឲ្យដឹងថា សិប្បកម្មផលិតបាឡាស្មាច់ទាំងពីរកន្លែងនេះបានបង្ហូរ និងទម្លាក់កាកសំណល់ ដែលមានសារធាតុគីមី ចូលទៅក្នុងទឹក ដែលប្រជាពលរដ្ឋកំពុងតែប្រើប្រាស់រាល់ថ្ងៃ ។
ករណីនេះមានកើតមានជាច្រើនខែមកហើយ ហើយអាជ្ញាធរខេត្តក៏ធ្លាប់បានបញ្ជារអោយបិទផងដែរប៉ុន្តែមន្រ្តី
អាជ្ញាធរមូលដ្ឋាននិងមន្រ្តីជំនាញមិនបានអើពើរមានវិធានការទប់ ស្កាត់ឡើយ។ប្រជាពលរដ្ឋបាន អោយដឹង ទៀតថាម្ចាស់ទីតាំងផលិតបាឡាស្មាច់លើផ្ទៃទឹកទាំងពីរកន្លែងនេះ ជាជនជាតិវៀតណាមដោយមានការឃុបឃិតគ្នាជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន និង មានអ្នកមានឥទ្ធិពលម្នាក់នៅស្រុកបរិបូរណ៌ឈ្មោះ ឈិន គឹមឃន ជាអ្នកនៅកាងពីក្រោយខ្នងផងដែរ ។
ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង មេត្តាជួយចាត់វិធានការ ចំពោះបញ្ហានេះផង ពីព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសុខភាព ដោយសារពួកគាត់ប្រើប្រាស់ទឹកជាប្រចាំ ៕ដោយ៖ សស្អាត