ភ្នំពេញ៖ គ្រាប់ផ្លោងធុន១២០មីលីម៉ែត្រចំនួន១០៨គ្រាប់ត្រូវបានរកឃើញនៅក្នុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនៅថ្ងៃច័ន្ទនេះដោយក្រុមហ៊ុនសាងសង់ផ្លូវមួយ។
នេះបើយោងតាមមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងប៉ូលិសខេត្ត។
ក្រុមហ៊ុនឯកជននេះបានប្រទះឃើញគ្រាប់ទាំងនេះនៅពេលដែលកំពុងឈូសឆាយ ដីដើម្បីសាងសង់ផ្លូវលំមួយកំណាត់ក្នុងឃុំត្រពាំងជោរ។
លោកកែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺឲ្យដឹងថាអាជ្ញាធរបានជូនដំណឹងនេះទៅCMAC ដើម្បីរៀបចំធ្វើការកម្ចេចចោល។
«ខ្ញុំបានទាក់ទងទៅស៊ីម៉ាក់ហើយ។ រកឃើញនៅឆ្ងាយណាស់។ នៅជិតភ្នំឱរ៉ាល់»។
លោក ហេង រតនា អគ្គនាយកCMACមានប្រសាសន៍ថាបន្ទាប់ពីបានប្រទះឃើញគ្រាប់នេះស៊ីម៉ាក់ បានសម្រេចស្នើឲ្យផ្អាកសកម្មភាពធ្វើផ្លូវមួយរយៈ។
ហើយក្នុងពេលនេះគ្រាប់ដែលបានរកឃើញសរុបទាំងអស់ចំនួន១០៨គ្រាប់។ ហើយនៅក្នុងនោះគ្រាប់ចំនួន១០៧គ្រាប់ត្រូវបានយកចេញពីរណ្តៅ។
លោកបញ្ជាក់ថាគ្រាប់ទាំងនេះគឺជាគ្រាប់ដែលត្រូវកប់ដូចជាឃ្លាំងចល័តក្នុងអំឡុងសម័យសង្គ្រាម។
លោក ហេង រតនា អធិប្បាយថាការរកឃើញគ្រាប់នេះបានជួយកាត់បន្ថយគ្រោះថ្នាក់ដល់ពលរដ្ឋនៅតំបន់អតីតមានការប្រយុទ្ធគ្នានោះ។
«ការរកឃើញនេះ អាចមិនមានគ្រោះថ្នាក់នេះជាឱកាសល្អមួយសម្រាប់យើងយកគ្រាប់ ទាំងអស់នេះ យកទៅកម្ចេចចោល។ អញ្ចឹង វាជាសំណាងមួយដែរ។ ពីព្រោះថា យើងចេះតែរកឃើញគ្រាប់គ្រប់ប្រភេទហ្នឹង វាជាការជួយបង្កើននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏ដូចជាសន្តិសុខជាតិរបស់យើងផង»។
កាលពីថ្ងៃទី២៥ខែមិនា គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៨០គ្រាប់ ត្រូវបានរកឃើញដោយប្រជាពលរដ្ឋមួយរូបនៅភូមិគោកចាន់ សង្កាត់គោកចក ខេត្តសៀមរាប។
គ្រាប់ទាំងនេះស្ថិតក្នុងគំនរកប់ក្នុងដីក្នុងរណ្តៅតែមួយនៅវាលស្រែជិតផ្ទះអ្នកភូមិ។
លោកហេង រតនា បន្ថែមថាជនរងគ្រោះទាំងរបួសទាំងស្លាប់ដោយសារគ្រាប់មីននិងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះបានធ្លាក់ចុះពីជាង៤.០០០នាក់កាលពីអំឡុង ឆ្នាំ១៩៩៦-៩៧មកត្រឹម១៨៥នាក់នៅឆ្នាំ២០១២។
ដោយឡែកផ្ទៃដីដែលនៅគ្របដណ្តប់ដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា១.៧៥០គីឡូម៉ែត្រការេ។
អគ្គនាយកCMACលោក ហេង រតនា បញ្ជាក់ថាកម្ពុជាត្រូវការថវិកាយ៉ាងតិច៥០០លានដុល្លារអាមេរិកទៀត ដើម្បីបោសសម្អាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ នៅកម្ពុជាក្នុងនោះក្នុងមួយឆ្នាំៗCMAC ត្រូវការជំនួយប្រមាណជា៥០លានដុល្លារយ៉ាងតិចដើម្បីបំពេញបេសកកម្ម របស់ខ្លួនស្របពេលដែលកម្ពុជាប្តេជ្ញាថានឹងបោសសម្អាតគ្រាប់មីន ប្រឆាំងមនុស្សឲ្យអស់នៅត្រឹមឆ្នាំ២០២០៕
ប្រភព៖ VOA