ភ្នំពេញៈ វិទ្យុសំឡេងជនពិការ គ្រោងនឹងដាក់ឱ្យដំណើរការផ្សាយសាកល្បងនៅខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះហើយ ដោយធ្វើការផ្សាយចេញពីស្ថានីយនៅរាជធានីភ្នំពេញ និងបន្តទៅខេត្តចំនួន៣ទៀត គឺខេត្តសៀមរាប ព្រះសីហនុ និងខេត្តស្វាយរៀង។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាមានប្រសាសន៍ព្រឹកថ្ងៃទី៧ ខែមីនា ថាគណៈកម្មការពិគ្រោះយោបល់ថ្នាក់ជាតិនេះ បានរៀបចំសិក្ខាសាលានៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវបានចំនួន៣ ដងរួចមកហើយ ដោយបានសម្រេចលើការងារប្រតិបត្តិល្អក្នុងការបញ្ចូលភាសាសញ្ញាទៅក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍បាយ័ន។
នាយកប្រតិបត្តិអង្គការជនពិការរូបនេះ បានបន្ថែមថា តាមរយៈកិច្ចការទាំងនេះ អង្គការជនពិការកម្ពុជាបានស្នើដល់ក្រសួងព័ត៌មានជួយជំរុញបន្ថែមដល់បណ្ដាស្ថានីយទូរទស្សន៍ក្នុង ស្រុកដទៃទៀត ដើម្បីដាក់បញ្ចូលភាសាសញ្ញានៅក្នុងកម្មវិធីព័ត៌មាន និងបានស្នើដល់បណ្ដាស្ថានីយទាំងអស់នោះពិនិត្យលទ្ធភាពក្នុងការបញ្ចូលភាសាសញ្ញានៅកម្មវិធីផ្សាយទូរទស្សន៍របស់ខ្លួន ដើម្បីអាចឲ្យជនពិការគថ្លង់ទទួលបានព័ត៌មានគ្រប់គ្រាន់ផងដែរ។
ទន្ទឹមនឹងនោះដែរ លោកក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានឯកភាពក្នុងការបង្កើតគណៈកម្មការពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីសកម្មភាពជនពិការកម្ពុជា ដោយមានការចូលរួមយ៉ាងសកម្ម ពីក្រសួងសង្គមកិច្ច សមាគមទូរទស្សន៍ សមាគមវិទ្យុ សមាគមអ្នកកាសែត និងអង្គការពាក់ ព័ន្ធនានាជាច្រើន ហើយគណៈកម្មការនេះបានសហការជាមួយប្រទេសថៃ និងឡាវ ដើម្បីជួយលើកកម្ពស់ការងាររបស់ជនពិការនៅកម្ពុជា ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលការងារ ដែលអង្គការជនពិការកម្ពុជាសម្រេចបានកន្លងមកក្នុងការលើកកម្ពស់ជនពិការកម្ពុជាឲ្យមានសមត្ថភាព និងសិទ្ធិគ្រប់គ្រាន់ក្នុងសង្គមដូចប្រជាពលរដ្ឋទូទៅ។ លោករដ្ឋមន្ត្រីបានបន្តគាំទ្រដល់គ្រប់សកម្មភាពរបស់ជនពិការ ពិសេសសម្រាប់អង្គការជនពិការកម្ពុជា ដែលធ្វើកិច្ចការងារយ៉ាងច្រើន ដើម្បីជួយដល់បងប្អូនពិការ ៕
សូមជម្រាបថា ជនពិការទាំងអស់ ដែលមានសមត្ថភាពខាងផ្នែកដេរម៉ាស៊ីន ឬដេរដោយដៃអាចមកដាក់ពាក្យ ធ្វើការនៅអង្គការជនពិការកម្ពុជា ផ្នែកដេរតុក្កតាឲ្យក្រុមហ៊ុនកូរ៉េ ដើម្បីនាំចេញទៅប្រទេសចិន ដោយទទួលបានប្រាក់ខែពី១៨០ ទៅ ១៩០ ដុល្លារអាមេរិក ហើយចំពោះអ្នកជំនាញផ្នែកគ្រប់គ្រងអាចទទួលបានប្រាក់ខែដល់ទៅ៣០០ ដុល្លារអាមេរិក ដែលទីតាំងរបស់អង្គការជនពិការ កម្ពុជាមានអាសយដ្ឋាននៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
ដោយ៖ ភីនរ៉ា