ភ្នំពេញ៖ គណៈកម្មការទី៤នៃព្រឹទ្ធសភា សហការជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសម្ព័ន្ធភាពជាតិឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការឧបត្ថម្ភពីវិទ្យាស្ថានសភាកម្ពុជា(PIC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការវិវត្តនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្ត្រីបុគ្គលិកនៃសម្ព័ន្ធជាតិឃុំ\សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងគោលបំណងប្រមូលផ្តុំទស្សនៈ គំនិត បញ្ញាញាណ សំដៅរួមចំណែកដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោក សាយ ឈុំ បានបញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣នេះ រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការឲ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្តពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រង បន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ និងចំណេះដឹង ព្រមទាំងប្រព័ន្ធថវិកា ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញការងារដោយមានគណនេយ្យភាព និងឆ្លើយតបក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌។
លោកបន្តថា ដើម្បីឲ្យការអនុវត្តមុខងាររបស់ព្រឹទ្ធសភា បានកាន់តែរលូនល្អថែមទៀត ការយល់ដឹងអំពីការវិវត្តនៃគំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាចំណុចគន្លឹះក្នុងការចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការនិងសហវិមជ្ឈការ។ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តម្រូវឲ្យមានការរៀបចំថ្នាក់រដ្ឋបាលនីមួយៗ ជារដ្ឋបាលឯកភាព តាមគោលការណ៍នៃភាពជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ការពិគ្រោះយោបល់ ការចូលរួម ការឆ្លើយតប គណនេយ្យភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ លើកស្ទួយសមធម៌ តម្លាភាព និងសុច្ចរិតភាពព្រមទាំងវិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ហើយការបង្កើតឲ្យមានក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលនានា តាមរយៈការបោះឆ្នោតសកល និងអសកល ព្រមទាំងប្រគល់មុខងារ ធនធាន និងបុគ្គលិកចាំបាច់ សំដៅឲ្យក្រុមប្រឹក្សាទាំងនេះ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតកាលានុវត្តភាពា និងយន្តការអភិបាលកិច្ចល្អ សម្រាប់ក្រុមប្រឹក្សាទាំងនោះ ធ្វើការសម្រេចអំពីអនាគតនៅមូលដ្ឋានរបស់ខ្លួន និងទាមទារឲ្យមានការផ្តល់សេវាកម្មសាធារណៈ សម្ភារៈ មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានឲ្យកាន់តែច្រើនជាងមុន ល្អប្រសើរជាងមុន មានគុណភាពជាងមុន ឆ្លើយតបបានកាន់តែច្រើន និងឆាប់រហ័សជាងមុន។ លោក សាយ ឈុំ បានបង្ហាញថា តាមច្បាប់អង្គការបានផ្តល់នូវស្វ័យភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ភាពជាម្ចាស់ក្នុងកិច្ចការអភិវឌ្ឍមូលដ្ឋានផ្ទាល់របស់ខ្លួន ការផ្តល់សេវាសាធារណៈ និងការចាត់ចែងមូលនិធិដែលទទួលបានពីថវិការដ្ឋ និងមូលនិធិពីដៃគូអភិវឌ្ឍន៍នានា។ ប្រព័ន្ធគណនេយ្យភាពថ្មីនេះ គឺការលើកម្ពស់ការឆ្លើយតបទៅនឹងតម្រូវការនានា និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាពដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ជាពិសេស គឺការយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់ស្ត្រី កុមារ យុវជន និងក្រុមជនងាយរងគ្រោះនានា។ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ខាងមុខនេះ លោកសង្ឃឹមថា នឹងទទួលបាននូវធនធានមនុស្សថ្មីច្រើនថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋានឲ្យបានកាន់តែរីកចំរើន ឆ្លើយតបនឹងសំណូមពរពិតប្រាកដ របស់ប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។លោកប្រធានស្តីទីសង្ឃឹមថា តាមរយៈបទបង្ហាញក្នុងអង្គសិក្ខាសាលានេះ អង្គសិក្ខាសាលាប្រាកដជាទទួលបាននូវព័ត៌មាន ចំណេះដឹង ចំណេះធ្វើសម្រាប់មូលដ្ឋានក្នុងការបំពេញមុខងាររបស់ខ្លួនឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពឡើងថែមទៀត៕
ដោយ៖ ស.ស្អាត