ភ្នំពេញៈ សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានចេញព្រះរាជសារមួយដើម្បីអបអរសាទរខួបលើកទី១០៣ នៃទិវានារីអន្តរជាតិ ៨ មីនា ខាងមុខនេះ ក្រោមប្រធានបទ «សមភាពនៃការអប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម» ។
សម្តេចម៉ែ បានមានព្រះរាជចំណារថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ដែលបានបង្ហាញឲ្យឃើញអំពី សកម្មភាពរបស់ជនរួមជាតិខ្មែរដែលចូលរួមជំរុញឲ្យមានការគិតគូរធ្វើ សកម្មភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងចំពោះស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គម រួមទាំងការលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស។
ក្នុងនោះដែរ សម្តេចម៉ែ បានកោតសរសើរចំពោះរដ្ឋាភិបាលដែលមានគោលនយោបាយ និងយុទ្ធសាស្ត្រផ្តោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ បន្ថែមពីលើនេះ ព្រះអង្គបានមានព្រះរាជបន្ទូលថា ការបង្កើតគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានព្រះអង្គជាព្រះរាជប្រធានកិត្តិយសនោះ គឺជាចំណែកមួយក្នុងការលើកកម្ពស់ស្ថានភាពស្ត្រី តម្លៃស្ត្រី រួមទាំងសីលធម៌សង្គម និងវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា។
ស្ថិតក្នុងប្រធានស្តីពី «សមភាពនៃការអប់រំមានសារសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម» សម្តេចព្រះវររាជមាតា បានលើកឡើងថា ការគោរពឲ្យតម្លៃ និងការគិតគូរដល់ផលប្រយោជន៍រួម ជាពិសេសចំពោះស្ត្រីក្នុងឋានៈជាសមាជិកដ៏សំខាន់មួយក្នុងគ្រួសារ និងសង្គម នឹងធ្វើឲ្យស្ថានភាពគ្រួសារ និងប្រទេសជាតិ មានដំណើរការឈានឡើងឆ្ពោះទៅកាន់សេចក្តីសុខ និងសេចក្តីចម្រើនរុងរឿងបាន៕
ដោយ៖ ភីនរ៉ា