ភ្នំពេញ៖ មនុស្សចំនួន១០២នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០១៣នេះ បើធ្វើការប្រៀបធៀបកាលពីឆ្នាំមុនករណីស្លាប់និងរងរបួសមានចំនួនប្រហាក់ប្រហែលគ្នា។ នេះយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញផ្សាយកាលពីព្រឹកថ្ងៃពុធនេះ។
លោក កែវ វី អនុប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ឲ្យដឹងថា ឥឡូវនេះរដូវធ្លាក់ភ្លៀងបានរំលងផុតហើយ ដូច្នេះករណីរន្ទះបាញ់ក៏លែងបន្តកើតមានដែរ។ លោកបន្តថា បើទោះបីជាយ៉ាងនេះក្តីក្រុមការងារថ្នាក់ជាតិនៅតែបន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ជាប់ជានិច្ចដែរ។ លោកបញ្ជាក់ថា៖«ទោះបីជាកម្ពុជាបានរងសម្ពាធទាបខ្យល់ព្យុះពីប្រទេសក្រៅយ៉ាងណាក្តី ប៉ុន្តែបញ្ហារន្ទះបាញ់មិនសូវធ្វើឲ្យយើងបារម្ភប៉ុន្មានទេ»។
បើតាមរបាយការណ៍ដដែលនេះបានបញ្ជាក់ដែរថា គិតមកដល់រយៈពេល១១ខែ នៃដើមឆ្នាំ២០១៣នេះ ករណីរន្ទះបាញ់បានសម្លាប់មនុស្ស១០២នាក់ រឺឯអ្នករបួសមានចំនួន៧៦នាក់ និងងាប់គោក្របីចំនួន៤៩ក្បាល។ តួលេខនេះបើធៀបនិងរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ២០១២ ស្ថានភាពរងគ្រោះដោយសាររន្ទះបាញ់មានលក្ខណៈប្រហាក់ប្រហែលគ្នា គឺពេញមួយឆ្នាំ២០១២កន្លងទៅ រន្ទះបាញ់បានសម្លាប់មនុស្ស១០៣នាក់ ក្នុងនោះអ្នករបួស៧១នាក់ និងងាប់គោក្របី៣៤ក្បាល។លោកកែវ វីបានបន្ថែមថា ខេត្តដែលបានរងគ្រោះច្រើនជាងគេនៅក្នុងករណីរន្ទះបាញ់មាន ខេត្ត ពោធិ៍សាត់ បន្ទាយមានជ័យ បាត់ដំបង តាកែវជាដើម។ ដោយ៖ អភិរក្ស