ភ្នំពេញ៖ «ស្តាប់ចម្រៀងរបស់ខ្ញុំ» ជាកម្មវិធីប្រកួតប្រជែងជាលក្ខណះសិល្បះមួយក្នុងគោលបំណងស្វែងរកយុវវ័យដែលមានទេពកោសល្យច្នៃប្រឌិតបទភ្លេងចម្រៀងថ្មី ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបានបង្ហាញទេពកោសល្យឈានទៅជម្រុញយន្តការ អភិវឌ្ឍវិស័យតន្ត្រីសម័យខ្មែរឲ្យកាន់តែមានភាពរីកចម្រើនឡើង។
សន្និសីទសារព័ត៌មាននៃកម្មវិធីមួយនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា ជប៉ុន ក្រោមវត្តមានរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាទីប្រឹក្សាសិល្បះនៃក្រុមហ៊ុនSabay លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនSabay ព្រមទាំងសិល្បះករ តន្ត្រីករនិងនិស្សិតជាច្រើនរូប។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា ក្រោយពីក្រសួងព័ត៌មានបានរៀបចំមហោស្រពប្រឡងតន្ត្រីចម្រៀងសម័យ ថ្នាក់ជាតិចំនួន២លើករួចមកហើយនោះ គឺយើងនៅមិនទាន់បានរកឃើញស្នាដៃនិពន្ធសម្រាប់យុវវ័យនៅឡើយទេ។ លោក បញ្ជាក់ថា កក្តានេះហើយបានជាយើងត្រូវមានគំនិតមួយថាត្រូវតែរកវិធីធ្វើយ៉ាងណា ឲ្យមានអ្នកនិពន្ធយុវវ័យ ដែលពួកគាត់តាក់តែងនិពន្ធឡើងសម្រាប់ក្រុមយុវវ័យ។ ដើម្បីឲ្យឆន្ទះ និងគំនិតដ៏ខ្ពង់ខ្ពស់ក្រសួងព័ត៌មានលេចចេញជាផ្លែផ្កាហើយក៍ស្របគ្នា និងកម្មវិធីរបស់ក្រុមហ៊ុនសប្បាយដែរនោះទើបបង្កើតឲ្យមានកម្មវិធី នេះឡើងដើម្បីសហការគ្នាក្នុងគោលបំណងបំផុស និងលើកទឹកចិត្តដល់យុវអ្នកនិពន្ធជំនាន់ថ្មី។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុនSabay បានឲ្យដឹងថា ប្រទេសកម្ពុជាលោកជឿថា មិនខ្វះយុវវ័យដែលមានទេពកោលស្យនោះទេ គ្រាន់តែពេលខ្លះមិនមានឱកាសឬជួនកាលទម្លាប់ និងបរិបទសង្គមមួយចំនួនរាំងស្ទះគំនិតឆ្នៃប្រឌិតបង្កើតថ្មីរបស់ ពួកគាត់។ លោកបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី“ស្តាប់ចម្រៀងរបស់ខ្ញុំ”និងក្លាយជាទីរំលេចចេញនូវស្នាដៃ បង្កើតថ្មីរបស់យុវវ័យខ្មែរពិតៗនិងមិនរីងស្ងួត៕
ដោយ៖ ស.ស្អាត