ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៤នេះ សហរដ្ឋអាម៉េរិកបានបង្កើនការផ្ដល់ជំនួយនូវទឹកប្រាក់ ២លាន ៦សែនដុល្លារក្នុងមួយឆ្នាំ ដល់អង្គភាពCMACលើវិស័យដោះមីននៅកម្ពុជា ខណៈដែលឆ្នាំមុនៗ អង្គភាពដោះមីនមួយនេះធា្លប់បានទទួលជំនួយត្រឹមតែជាង១លានដុល្លារ ក្នុងមួយឆ្នាំៗប៉ុណ្ណោះ។ជំនួបពិភាក្សាការងារមួយរវាងគណៈប្រតិភូការបរទេសសហរដ្ឋអាម៉េរិក ជាមួយ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក នៅក្នុងសាលប្រជុំរបស់ស៊ីម៉ាក់ នារសៀល ម្សិលមិញនេះបានបង្ហាញពីគោលជំហរនៃកិច្ចសហប្រតិបត្តិការ កាន់តែប្រសើឡើងជាមួយកម្ពុជា ជាពិសេសក្នុងការផ្ដល់ជំនួយលើ វិស័យដោះមីនដល់អង្គភាពស៊ីម៉ាក់ ។សហរដ្ឋអាម៉េរិកទទួលបន្ទុកផ្ដល់ជំនួយលើវិស័យមីន ទូទាំងពិភពលោក នៅក្នុងខណៈមកបំពេញទស្សនកិច្ចកម្ពុជានេះ លោកបានវាយតម្លៃខ្ពស់ចំពោះការងារដោះមីនរបស់ស៊ីម៉ាក់នាពេលកន្លងមក ហើយក៏បានសម្រេចថា នឹងផ្ដល់ជំនួយដល់អង្គភាពស៊ីម៉ាក់ ដែលមានការកើនឡើងរហូតដល់ទៅ ២លាន ៦សែនដុល្លារ ក្នុងមួយឆ្នាំ ។ លោក ហេង រតនា បានឲ្យដឹងថា ចំពោះគម្រោងថ្មីមួយនេះ លោករំពឹងថា អាចនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែមេសាខាងមុខនេះ ដោយមានរយៈពេល ១៧ខែ ហើយចំពោះ កិច្ចប្រតិបត្តិការនេះ នៅក្នុងគម្រោងគឺត្រូវបានធ្វើឡើងតែនៅតាមតំបន់ព្រំដែន នៃប្រទេសវៀតណាមតែប៉ុណ្ណោះ។
សូមញ្ជាក់ថា កន្លងមកអាម៉េរិកក៏ធ្លាប់បានផ្ដល់ជំនួយផ្សេងៗក្រៅពីនេះផងដែរដល់ដៃគូដទៃទៀតដូចជាអង្គការហេឡូត្រាស់ អង្គការម៉ែត និងអង្គការអាម៉េរិកមួយចំនួនទៀត ដែលអង្គការនេះបានមកធ្វើការនៅកម្ពុជាផងដែរ។លោកបានបញ្ជាក់ថា កន្លងមកបើពិនិត្យពីសកម្មភាពអាម៉េរិក ធ្លាប់បានជួយដល់កម្ពុជា ពោលគឺមានចាប់តាំងពីឆ្នាំ១៩៩៣ មក តែក្នុងភាពរអាក់រអួល ប៉ុន្តែសកម្មភាពនេះមានភាព ជាប់លាប់ឡើងវិញ គឺចាប់ពីឆ្នាំ២០០៣ កន្លងមក។គួររំលឹកថា បើយោងតាមប្រព័ន្ធទិន្នន័យអាម៉េរិក ដែលបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គឺមានប្រហែល២លាន ៧សែនតោន ដែលក្នុងនោះ មានគ្រាប់បែកចង្កោមប្រមាណ១៩លាន៥សែនគ្រាប់ បានផ្ទុះរួចហើយ ហើយក្នុងនោះមួយចំនួនទៀតក៏មិនទាន់ផ្ទុះនៅឡើយដែរ ៕
ដោយ៖ ស.ស្អាត