ភ្នំពេញ៖ ច្បាប់ទទួលបានព័ត៌មាន ត្រូវបានជំរុញឲ្យក្រសួងព័ត៌មាន ពន្លឿនការចងក្រងសេចក្តីព្រាងច្បាប់នេះឲ្យឆាប់ ដើម្បីឲ្យច្បាប់នេះ លេចចេញជារូបរាង និងដំណើរការ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ។ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាសាធារណៈ រវាង លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ជាមួយលោក Jonchim Baron Von Marschall ឯកអគ្គរដ្ឋទូតអាល្លឺមង់ប្រចាំកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ។
លោក ឈាង វុន បានថ្លែងដូច្នេះថា សិទ្ធិទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋ គឺជារឿងចាំបាច់និងមានសារសំខាន់បំផុត ដើម្បីឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទទួលបានប្រសិទ្ធភាព នៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកថា ទាំងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា តុលាការជាដើមនោះ គឺជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបែបនេះហើយផ្ដល់ការងារសេវាសាធារណៈ និងល្អទាល់តែប្រជាពលរដ្ឋ គាត់មានសិទ្ធិទទួលបានព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយទើបអាចដំណើរការលទ្ធិប្រជាធិបតេយ្យរបស់យើងធ្វើទៅបានល្អ។ ដូច្នេះយើងបានអញ្ជើញរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជាស្ថាប័ននីតិប្រតិបត្តិ ដែលទទួលបានភារកិច្ចពីរាជរដ្ឋាភិបាល រៀបចំធ្វើជាគម្រោងច្បាប់ និង (សិទ្ធិទទួលបានព័ត៌មាន) មករដ្ឋសភា។
លោកបានបន្ថែមទៀតថា អស់រយៈពេលជាង១០ឆ្នាំហើយ ច្បាប់ទទួលបានព័ត៌មាន ធ្វើមិនទាន់បាន ប៉ុន្តែតាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺត្រូវការរយៈពេលបីឆ្នាំទៀត សម្រាប់បង្កើតច្បាប់ទទួលបានព័ត៌មានេះ ហើយខ្ញុំបានតបទៅវិញថា បីឆ្នាំទៀតក៏មិនយឺតដែរ ព្រោះ នៅក្នុងអាណត្តិទី៥ ប៉ុន្តែសំណូមពរខ្ញុំ គឺឲ្យបានលឿនជាងនេះ។
សូមបញ្ជាក់ថា ច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាននេះ ខាងអង្គការសង្គមស៊ីវិល បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញជាច្រើនឆ្នាំមកហើយ ប៉ុន្តែបានទទួលផ្លែផ្កាតិចតូចបំផុត ដែលស្ថាប័នរដ្ឋខ្លះហាក់ដូចជាមិនទាន់បានយល់ច្បាស់ អំពីច្បាប់នេះនៅឡើយ រហូតមានការយល់ច្រឡំច្បាប់នេះ ជាមួយនឹងច្បាប់ស្តីពី របបសារព័ត៌មាន ទៅវិញ៕
ដោយ៖ ស.ស្អាត