ជីវិតអ្នកកាសែត (ពាក្យប្រាំពីរ)
( ដោយ៖ អ្នកនិពន្ធសំរែ)
-ព្រលឹមព្រលប់យប់ស្ងប់ស្ងាត់ ខំប្រឹងឆ្វែលឆ្វាត់ស្កាត់ដំណឹង
ផ្សព្វផ្សាយហេតុការណ៍ឱ្យគេដឹង ជួនត្រូវគេខឹងញ៉ឹងសង្ខា។
-ទោះជួបភ្លៀងផ្គរញ័រធរណី តក់ស្លុតជីវីព្រួយវាសនា
នៅតែពុះពារដោយហានក្លា ដើម្បីខេមរាសាសនារដ្ឋ។
-ជួនគេគំរាមឆក់ជីវិត ចងរឹតដេរផ្ជឹតបបូរមាត់
មិនឱ្យចុះផ្សាយរឿងធ្លោយភ្លាត់ អាស្រូវមុខមាត់របស់គេ។
-គេនឹងរីករាយពេលផ្សាយល្អ ដំណឹងបវរកាន់ជើងមេ
បើហ៊ានរិះគន់គេនឹងជេរ មិនឱ្យសុខទេទ្វេរទុក្ខា។
-អាជីពគ្រាន់តែជួយសង្គម គេគុំបំផ្លាញឱ្យខ្លោចផ្សា
គេវាយគេប្តឹងតុលាការ គេថាអាចម៍អីកាសែតហ្នឹង?។
-ឱះឱ ជីវិតអ្នកកាសែត ផ្សាយហេតុទាំងចិត្តភ័យស្លុតស្លឹង
សសើរគេអរ បង្អាប់ខឹង ចោទថាដំណឹងដឹងក្លែងក្លាយ។
-ជីវិតស្ថិតក្នុងភាពភ័យខ្លាច រស់គ្មានអំណាចការពារកាយ
គេកៀបគេរឹតឱ្យអន្តរាយ គេឆ្កឹះកម្ចាយឱ្យវេទនា។
-នេះឬជីវិតអ្នកកាសែត? រស់មួយចម្អែតបែរជាប់ពារ
តាមចងដោយមនុស្សមានចិត្តមារ ផ្តន្ទាឱ្យរស់ស្ទើដូចស្លាប់។
-គិតទៅជីវិតអ្នកកាសែត ប្រៀបបាននឹងប្រែតជាប់ដង្កាប់
ត្រូវគេធ្វើទោសស្រុះចាក់កាប់ ចងចាប់ដោយឬទ្ធីចេស្តា។
-តើថ្ងៃណាទៅទើបប្រពៃ? រស់គ្មានព្រួយភ័យរឿងសង្ខា
ស្រណុកសុខស្រួលជុំគ្រួសារ ឱរ៉ាធូរស្បើយល្ហើយអារម្មណ៍?៕