ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក(ANSA-EAP) វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ (KIND) និងអង្គការតម្លាភាពកម្ពុជា (TI Cambodia) នាព្រឹកថ្ងៃទី២១កុម្ភៈនេះ បានរួមគ្នាធ្វើ សន្និសីទថ្នាក់ជាតិមួយ ស្តីពី “ការលើកកម្ពស់សុចរិភាព ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា” ដែលត្រូវបានបង្កើតឡើង ដើម្បីជាវេទិកាជូនដល់អ្នកអនុវត្ត អ្នកបង្កើតគោលនយោបាយ អ្នកអប់រំ និងអ្នកស្រាវជ្រាវ ចែករំលែក ក៏ដូចជា ពិភាក្សាអំពីតួនាទីដ៏សំខាន់ របស់គណនេយ្យភាព និងអភិបាលកិច្ចល្អ សម្រាប់ការលើកកម្ពស់បន្ថែមក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
ការលើកកម្ពស់និងពង្រឹង គុណភាព វិស័យអប់រំ ក្នុងប្រទេសកម្ពុជា មានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព។ បើទោះបីជាការអប់រំ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើន គួរឲ្យកត់សម្គាល់ យ៉ាងណាក៏ដោយ ក៏វិស័យនេះ នៅតែទទួលរងនូវផលប៉ះពាល់ ដោយកង្វះប្រសិទ្ធភាពជាប្រព័ន្ធ ដូចជាអត្រានៃការចុះឈ្មោះចូលរៀន និងអត្រានៃការបោះបង់ចោលការសិក្សា មានកំរិតខ្ពស់ និងកង្វះខាតនៃការផ្គត់ផ្គង់សម្ភារៈសិក្សា។ អំពើពុករលួយ គឺជាមូលហេតុមួយដ៏សំខាន់ ដែលធ្វើឲ្យកង្វះប្រសិទ្ធភាពជាប្រព័ន្ធនេះ នៅតែកើតមាននៅឡើយ។
លោក ព្រាប កុល នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា វាពិតជា សំខាន់ខ្លាំងណាស់ ដែលរាជរដ្ឋាភិបាលបានផ្តោតលើគុណភាព នៃការអប់រំ ជាអាទិភាពចំបង ព្រោះធនធានមនុស្ស ជាធាតុដ៏សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការអប់រំល្អ ត្រូវតែរួមបញ្ចូលកម្មវិធីសិក្សា ស្តីពិសុចរិតភាព និងក្រមសីលធម៌ ដើម្បីធានាបានថា អ្នកជំនាន់ក្រោយឈប់ប្រព្រឹត្តអំពើពុករលួយ។
លោកស្រី kristina Kuhnel ប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសស៊ុយអែត (SIDA) បានថ្លែងថា លើកកម្ពស់សុចរិតភាពសង្គម គឺជាកូនសោគន្លឹះ សម្រាប់រៀបចំប្រយុទ្ធប្រឆាំងអំពើពុករលួយ។ យើងដឹងហើយ អំពើពុករលួយ បានប៉ះពាល់យ៉ាងខ្លាំង ជាវិជ្ជមានដល់សង្គម ដែលវានាំឲ្យមានការរំលោភ ដល់នីតិរដ្ឋ និងរំលោភសិទ្ធិមនុស្ស និងកាត់បន្ថយ ក្នុងការផ្តល់សេវាសង្គម ដូចជា ការអប់រំ និងវិស័យផ្សេងទៀត។
លោកស្រីបានបន្តថា យើងគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង អំពើពុករលួយ និងលើកកម្ពស់សុចរិតភាព តម្លាភាព និងគណនេយ្យភាព នៅក្នុងប្រទេស។ ព្រោះថាប្រទេសស៊ុយអែត ជាដៃគូជាយូរមកហើយរបស់កម្ពុជា ក្នុងវិស័យអប់រំ និង វិស័យមួយចំនួនទៀត។ យើងមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូសំខាន់ដទៃទៀត ក្នុងវិស័យអប់រំ ដើម្បីធ្វើការកែលម្អ នូវលទ្ធផលនៃការអប់រំ ធ្វើឲ្យកុមារកម្ពុជា និងយុវជនកម្ពុជា មានចំណេះដឹងជំនាញ និងតម្លៃដែលធ្វើឲ្យពួកគេ រួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជាបន្តនិងសម្រេចសេចក្តីប្រាថ្នារបស់ពួកគេ។
លោក សន ជ័យ អ្នកសម្របសម្រួលសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅកម្ពុជា បានចាត់ទុកថា គណនេយ្យភាពសង្គម គឺជាឧបករណ៍មួយដ៏សំខាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវ គុណភាពនៃសេវាសាធារណៈ សុខុមាលភាពសង្គម និងសិទ្ធិបុគ្គល។ នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងអង្គការក្រៅរដ្ឋាភិបាល ដែលជាដៃគូរបស់ខ្លួន បានបង្កើតឧបករណ៍ជាច្រើន ដើម្បីរួមចំណែកក្នុងការកែទម្រង់ គុណភាពវិស័យអប់រំ នៅប្រទេសកម្ពុជា។
ចំណែក លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៥ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការណ៍ រយៈពេលខ្លី និងរយៈមធ្យម ចំនួន៨ សម្រាប់កំណែទម្រង់ នៅអាណត្តិឆ្នាំ ២០១៣-២០១៨ ក្នុងនោះការបង្កើនគុណភាពវិស័យអប់រំ និងពង្រឹងសមត្ថភាពស្ថាប័ន និងដាក់ចេញវិធានការ កំណែទម្រង់វិស័យអប់រំ ការពង្រឹងគុណភាព នៃការសិក្សា នៅគ្រប់កំរិតសិក្សា និងការបណ្តុះបណ្តាល មុខជំនាញបច្ចេកទេស ស្របតាមតម្រូវការអភិវឌ្ឍន៍របស់ប្រទេស និងសិក្សា ក្របខ័ណ្ឌធានាគុណភាពអប់រំ ចំណេះទូទៅ ជាដើម។
លោកបនតថា កុមារគ្រប់រូប ត្រូវតែបានចូលរៀនសូត្រ និងការបណ្តុះបណ្តាលគ្រូបង្រៀនបានល្អ។ កុមារនិងយុវជនគ្រប់រូប ជាពិសេសកុមារងាយរងគ្រោះ ទទួលបាននូវការអប់រំ ប្រកបដោយគុណភាព និងមានភាពជឿជាក់លើខ្លួនឯងដើម្បីដឹកនាំការងាររបស់ខ្លួន ពេញមួយជីវិត។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់គុណភាពអប់រំ (EEQP) របស់ធនាគារអភិវឌ្ឍ៍អាស៊ី ADB ក្នុងកិច្ចសហការ ជាមួយក្រសួងអប់រំ បានចំណាយថវិកាសរុប ១.៣៤៦.០០០ ដុល្លារ ដើម្បីទិញសៀវភៅសិក្សាគោល សម្រាប់សិស្ស-គ្រូ និងសម្ភារៈសិក្សាផ្សេងៗ ក្នុងឆ្នាំសិក្សា ២០១២-២០១៣។ ប៉ុន្តែសិស្សានុសិស្ស និងគ្រូ នៅកំរិតមធ្យមសិក្សាទុតិយភូមិ នៅតែខ្វះសៀវភៅសិក្សាគោល ដើម្បីរៀន និងបង្រៀន ខណៈដែលសៀវភៅសិក្សាគោល ជាច្រើនលានក្បាល ត្រូវបានបោះពុម្ភជារៀងរាល់ឆ្នាំ សម្រាប់បំពេញចេសក្តីត្រូវការ៕ ដោយ៖ ស ស្អាត