ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានក្រសួងព័ត៌មាន ដែលមានការសហការគ្នាជាមួយស្ថាប័នពាក់ ព័ន្ធជាតិ និងអន្តរជាតិគ្រោងនឹងធ្វើឲ្យហើយក្នុងរយៈពេលបីឆ្នាំដើម្បីរៀបចំតាក់តែងច្បាប់មួយនេះឲ្យបានរួចរាល់នៅឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ក្រោយពីបញ្ចប់កិច្ចជំនួបរវាងក្រុមការងារក្រសួងព័ត៌មាន និងគណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២០កុម្ភៈ។
លោករដ្ឋមន្រ្តីបានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានត្រូវបានគណៈកម្មការ របស់ក្រសួងព័ត៌មានកំពុងធ្វើការរៀបចំដែលនៅក្នុងនោះមានគណៈកម្មការ តាក់តែងសេចក្តី គណៈកម្មការខាងផ្នែកហិរញ្ញវត្ថុ និងគណៈកម្មការរៀបចំសិក្ខាសាលាដែលយើងគ្រោងនឹងរៀបចំតាក់តែងច្បាប់នេះឲ្យហើយនៅឆ្នាំ២០១៧ខាងមុខនេះ ដោយយើងនឹងធ្វើជាសិក្ខាសាលារវាងអន្តរក្រសួង អន្តរវិស័យ ថ្នាក់ជាតិ ថ្នាក់ក្រោយជាតិ ពីព្រោះច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះគឺជាច្បាប់ធំដែល គ្របដណ្តប់លើច្បាប់ដទៃទៀតដូច្នេះវាទាមទារ ឲ្យអ្នកចូលរួមមានការយល់ដឹងឲ្យបានច្បាស់។
បើការបញ្ជាក់របស់លោករដ្ឋមន្រ្តីបានឱ្យដឹងថា អ្វីដែលជាការលំបាករបស់ក្រសួងព័ត៌មាននៅក្នុងការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់មួយនេះពីព្រោះច្បាប់មួយនេះវាថ្មី ហើយបញ្ញាត្តិ និងទស្សនៈទានស្តីពីបញ្ហាច្បាប់នេះនៅមានកម្រិតនៅក្នុងចំណោម មន្ត្រីរបស់យើង ដែលយើងក៏នឹងត្រូវធ្វើការបែងចែកផងដែរថា ព័ត៌មានណាដែលអាចឲ្យបាន និងព័ត៌មានណាដែលមិនអាចឲ្យបានឧទាហរណ៍ដូចជា៖ នៅក្នុងវិស័យធនាគារអ្វីខ្លះឲ្យគេដឹង និងអ្វីខ្លះមិនឲ្យគេដឹង, វិស័យយោធាអ្វីខ្លះឲ្យគេដឹង និងអ្វីខ្លះដែលមិនអាចឲ្យគេដឹង និងវិស័យផ្សេងៗទៀត ដែលត្រូវឲ្យមានការសហការនិងមានការយល់ដឹងមួយឲ្យបានស៊ីជម្រៅ។
លោកបន្ថែមថា ក្រោយពេលដែលសេចក្តីព្រាងច្បាប់មួយនេះធ្វើរួចរាល់ហើយនោះ យើងនឹងរៀបចំធ្វើសិក្ខាសាលាមួយដើម្បីពន្យល់ដល់ក្រុមអ្នក សារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋ ឲ្យពួកគេយល់ពីសិទ្ធិ និងរបៀបក្នុងការទទួលបានសិទ្ធិមួយនេះប្រសិនបើពួកគេចង់បាននោះ។
យ៉ាងនេះក្តី នៅថ្ងៃទី២១ កុម្ភៈ នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «ឡើងជ្រុញមួយល្ងាចនៅរដ្ឋសភា។ គេរិះគន់រឿង អ្នកសារព័ត៌មាន (កាសែត ទូរទស្សន៍ វិទ្យុ) ដែលចុះរឿងខ្លះខ្វះការពិត គ្មានសីលធម៌ ... ខ្ញុំជំរាបទៅសមាជិកសភាវិញថា កុំបន្ទោសអ្នកកាសែត តែបន្ទោសមន្ត្រីសមត្ថកិច្ចដែលមិនឆ្លើយបំភ្លឺអោយទាន់ពេល។ គេមិនដែលសម្លាប់អ្នកនាំសារទេ។ Do not kill the messengers.»។
នៅក្នុងសាររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ ហាក់បីដូចជាចង់បង្ហាញថា ក្នុងកិច្ចប្រជុំសមាជិកសភារិះគន់អ្នកសារព័ត៌មាន និងបណ្តាញសារព័ត៌មានមួយចំនួន ដែលផ្សាយខុសពីការពិត គ្មានសីលធម៌ ប៉ុន្តែលោកខៀវ កាញារីទ្ធ ឆ្លើយបកទៅវិញថា កុំបន្ទោសអ្នក កាសែត តែបន្ទោសមន្ត្រីសមត្ថកិច្ចដែលមិនឆ្លើយបំភ្លឺអោយទាន់ពេល។ លោកខៀវ កាញារីទ្ធក៏បញ្ជាក់ថា គេមិនដែលសម្លាប់អ្នកនាំសារទេ។
គួររំលឹកថា កន្លងមកមន្ត្រីរដ្ឋាភិបាល និងរដ្ឋាភិបាល តែងតែរិះគន់បណ្តាញសារព័ត៌មានមួយចំនួនផ្សាយខុសពីការពិត និងមានភាពលម្អៀងទៅរកគណបក្សប្រឆាំង។ បញ្ហានេះធ្លាប់ត្រូវបានអ្នកសារព័ត៌មាន និងបណ្តាញសារព័ត៌មានមួយចំនួនលើកឡើងថា សារព័ត៌មានគ្មានបំណងអោយសម្លេងទៅខាងគណបក្សប្រឆាំងច្រើននោះទេ ប៉ុន្តែរាល់ការសុំស្រាយបំភ្លឺបញ្ហាពាក់ព័ន្ធនានាពីមន្ត្រីរដ្ឋាភិបាល ភាគច្រើនបានបដិសេធ និងមិនទទួលទូរស័ព្ទ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថានឹងរៀបចំអោយមានអ្នកនាំពាក្យនៅតាមបណ្តាស្ថាប័ន និងក្រសួងនានា សម្រាប់ផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន៕
ដោយ៖ ភីន រ៉ា