ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជា និងជប៉ុនគ្រោងនឹងធ្វើពិធីចុះកិច្ចព្រមព្រៀងមួយដែលទាក់ទងនឹងការសម្រួលដំណើរចេញ-ចូលរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងជប៉ុន ដែលក្នុងនោះរួមមានចំណុចដែលនឹងលើកលែងទិដ្ឋាការផងដែរ។ សេចក្តីប្រកាសដដែលបានបន្តថា កិច្ចព្រមព្រៀងនោះ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាដែលកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសជប៉ុនរយៈពេល៦ថ្ងៃ នាពេលនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា កិច្ចព្រមព្រៀងលើការលើកលែងទិដ្ឋាការមាន២ចំណុច៖ ទី១ កម្ពុជានិងជប៉ុនគ្រោងនឹងលើកលែងទិដ្ឋាការរយៈពេល៣០ថ្ងៃដល់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការរវាងកម្ពុជានិងជប៉ុន។ ការលើកលែងទិដ្ឋាការនេះ នឹងត្រូវប្រកាសក្នុងកំឡុងពេលកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ។ និងទី២នោះ គឺប្រទេសទាំងពីរ នឹងផ្តល់ទិដ្ឋាការចេញចូលច្រើនដងរយៈពេលវែងពីមួយឆ្នាំទៅ៣ឆ្នាំ ដល់អ្នកកាន់លិខិតឆ្លងដែន ធម្មតានៃប្រទេសទាំង២។ ការផ្តល់ទិដ្ឋាការខាងលើ នឹងចាប់អនុវត្តពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៣ ទៅ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៤០ នឹងអនុម័តលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យ ស្តីពី «មិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន» និងថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៤០ ស្តីពី«រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងសកលលោក»៕ ដោយ ៖ ភីនរ៉ា