បន្ទាយមានជ័យ៖ អ្នកទោសជាជនជាតិថៃចំនូន៥នាក់ ក្នុងនោះមាន២នាក់ដែលត្រូវបានដោះលែងឲ្យមានសេរីភាពរួចហើយ ត្រូវបានភាគីកម្ពុជា ធ្វើបស្យាប័ណ្ណប្រគល់ទៅឲ្យភាគីថៃកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ នៅពន្ធនាគារខេត្តបន្ទាយមានជ័យក្រោមការផ្ទេរផ្ទូពីសំណាក់លោក ឈុំ វណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ត្រី ស៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះរាជអាជ្ញារងខេត្ត និងមន្រ្តីស្ថានអគ្គរាជទូតថៃនិងមន្រ្តីពន្ធនាគារថៃចំនួនប្រហែល១០នាក់។
លោក ស៊ិន សុផល ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការប្រគល់អ្នកទោសជាជនជាតិថៃឲ្យភាគីថៃនេះ ធ្វើឡើងតាមការស្នើសុំពីស្ថានអគ្គរាជទូតថៃ ចំនួន៥នាក់ពីពន្ធនាគារខេត្តបន្ទាយមានជ័យទៅឃុំបន្តនៅប្រទេសថៃ ក្នុងនោះមាន២នាក់មានឈ្មោះ ភី លីតប៊ុននី ភេទប្រុស កើតឆ្នាំ១៩៩០ ចាប់ឃាត់ខ្លួនថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ពីបទលក់គ្រឿងញៀនជាប់គុករយៈពេល៣ឆ្នាំហើយត្រូវដោះលែងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ ២. ថាក់ លឿនសាក់ខែនកាត់ ភេទប្រុស កើតនៅឆ្នាំ១៩៩០ ចាប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១១ពីបទលក់គ្រឿងញៀនជាប់គុក៣ឆ្នាំដោះលែងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤។
ដោយឡែក៣នាក់ទៀតដែលត្រូវប្រគល់ជូននេះមានឈ្មោះ ១មានឈ្មោះ ភិន អនណា ភេទប្រុស កើតនៅឆ្នាំ១៩៦៤ ចាប់ខ្លួនថ្ងៃទី៥ ខែមិនា ឆ្នាំ២០១០ បទល្មើសឆ្លងដែននិងប្រើប្រាស់អាវុធគ្រឿងផ្ទុះចូលមកស្រុកខ្មែរដោយគ្មានការអនុញ្ញាតកំនត់ទោស៥ឆ្នាំ ២មានឈ្មោះ ថងដែនយ៉ាក់ក្លា ភេទប្រុស កើតនៅឆ្នាំ១៩៦០ ចាប់ខ្លួនថ្ងៃទី៥ ខែមិនា ឆ្នាំ២០១០ បទល្មើសឆ្លងដែននិងប្រើអាវុធគ្រឿងផ្ទុះនិងចូលមកស្រុកខ្មែរគ្មានការអនុញ្ញាតចំនួនទោសជាប់គុក៥ឆ្នាំ ៣ឈ្មោះ ស៊ុតចៃ វ៉ាន់ប្រាក់ស៊ុម កើត១៩៧៩ ចាប់ខ្លួនថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៦ ពីបទសមគំនិតទិញដូរគ្រឿងញៀន ជាប់គុកចំនួន២០ឆ្នាំ។
លោកឈុំ វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យដែលមានវត្តមានក្នុងការផ្ទេរផ្ទូនេះបាន និយាយថា ការប្រគល់អ្នកទោសចំនួន៣នាក់ខាងទៅឲ្យភាគីថៃ គឺធ្វើឡើងទៅបាន ដោយកម្ពុជានិងថៃបានចុះ អនុស្សារណៈ យោគយល់គ្នា ក្នុងការផ្ទេរផ្ទូអ្នកទោសរវាងអ្នកទោសនៃប្រទេសទាំង២ ហើយនេះជាលើកទី២ហើយ ដែលប្រទេសថៃ និងប្រទេសកម្ពុជាបានប្រគល់អ្នកទោសជាជនជាតិថៃ ពីកម្ពុជា បញ្ជូនទៅដាក់ពន្ធនាគារនៅប្រទេសថៃ៕
ដោយ៖ ស.ស្អាត