កំពង់ចាម៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តកំពង់ចាមដឹកនាំដោយលោក វង សូត រដ្ឋមន្ត្រី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ក្នុងឳកាសចូលឆ្នាំថ្មីប្រពៃណីជាតិ
ដែលនឹងឈានចូលជិតមកដល់ខាងមុខនេះ ត្រូវរួមសហការជាមួយសមត្ថកិច្ចខិតខំរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព រៀបចំការចាត់តាំងលេងកំសាន្តក្នុងមូលដ្ឋានភូមិ ឃុំ ឲ្យបានល្អ ជៀសវាងមានវិបត្តិកើតឡើង។
នៅក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ខានសាលាវត្តមាគ៌ាបរិយត្តិយត្តិធម៌ ហៅវត្តក្បាលដំរីនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៣នេះ លោក វង សូត ជាមួយនឹងពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាទាំងបី គឺសម្តេចពោធិសាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំងអស់នៅក្នុងពិធីបុណ្យនេះ ក្នុងនាមតំណាងឲ្យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោកក៏បានថ្លែងកោតសរសើរដល់ប្រជាពលរដ្ឋនៅទីនេះ ដែលរួមគ្នាកសាងបានសមិទ្ធផលដ៏ល្អ គឺឧបដ្ឋានសាលាសង់ពីថ្ម សម្រាប់ជាទីសក្ការៈបូជា ដែលពីមុនឧបដ្ឋានសាលានៅវត្តនេះមានជាអាគារឈើ ហើយមានសភាពចាស់ទ្រុឌទ្រោម។ លោករដ្ឋមន្ត្រីបានលើកឡើងយោងតាមរបាយការណ៍របស់ស្រុកពញាក្រែក ខេត្តកំពង់ចាមបានឲ្យដឹងថា ស្រុកពញាក្រែកមានវត្តសរុប ៤៨វត្ត ហើយមានសមិទ្ធផលនានាជាច្រើន ដែលក្នុងនោះសំណង់សំខាន់ជាងគេ គឺព្រះវិហារ។ នេះបង្ហាញពីការរីកចម្រើនមួយគួរជាទីមោទនៈ ប្រៀបនឹងជាង៣០មុន ដែលយើងទទួលភាពសោកនាដកម្មដ៏រន្ធត់ពីរបបប៉ុលពត ដែលប្រជាពលរដ្ឋនៅលើពិភពលោកពុំដែលជួបប្រទះដូចប្រជាជនកម្ពុជានោះឡើយ។ លោករដ្ឋមន្រ្តីក៏បានសុំឲ្យព្រះសង្ឃ រួមជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី សមត្ថកិច្ច បន្តប្រពៃណីសាមគ្គីនេះតទៅទៀត ដើម្បីការរីកចម្រើនភូមិ ឃុំរបស់ខ្លួនថែមទៀត គណបក្សប្រជាជនកម្ពុជានឹងបន្តការគាំទ្រទៅតាមសំណូពររបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីបានរំលឹកទាក់ទងនឹងប្រពៃណី ទំនាមទំលាប់ ជំនឿសាសនារបស់ប្រជាពលរដ្ឋ គឺត្រូវបានបផ្លាញដោយរបបប៉ុលពតលប់បំបាត់ចោលទាំងស្រុង ទើបតែក្រោយរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលមានសម្តេចហេង សំរិន ជាប្រធានបង្កើតឡើងជាចលនារណសិរ្សថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ រហូតបច្ចុប្បន្ន យើងបានប្រែក្លាយចលនានេះ ទៅជាកម្លាំងតស៊ូផ្តួលរំលំរបបប៉ុលពត ដោយបានការជួយឧបត្ថម្ភគាំទ្រមិត្តភ័ក្តិទាំងជិត និងឆ្ងាយធ្វើឲ្យប្រទេសជាតិរបស់យើងនេះឈានដល់ការផ្តួលរំលំរបបប៉ុលពតនៅថ្ងៃ៧មករា១៩៧៩។ បើគិតមកដល់បច្ចុប្បន្ននេះយើងមានអាយុជាង៣០ឆ្នាំមកហើយ ដែលយើងបានរំដោះទឹកដីពិតប្រាកដ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីក្រោយថ្ងៃរំដោះ រហូតបច្ចុប្បន្ននេះនៅតែមានតួនាទីសារៈសំខាន់ក្នុងការបំពេញកិច្ចការសម្រាប់ការដឹកនាំប្រទេសជាតិ ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនឲ្យមានភាពល្អប្រសើរឡើងវិញដូចសព្វថ្ងៃ។ លោកបានជំរាបជូនថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ កម្ពុជានឹងមានដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ គឺជានិមិត្តរូបឲ្យការបោះឆ្នោតថ្នាក់ជាតិកំរិតកំពូលមួយ ដើម្បីរៀបចំជារដ្ឋសភា ហើយរដ្ឋសភារៀបចំរាជរដ្ឋាភិបាលថ្មី សម្រាប់គ្រប់គ្រងដឹកនាំប្រទេសជាតិបន្តសម្រាប់អាណត្តិទី៥ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកទទួលស្គាល់ហើយការអនុវត្តរបបលទ្ធិប្រធិបតេយ្យសេរីពហុបក្ស មានន័យថាមានគណបក្សច្រើនឈរឈ្មោះសម្រាប់ឲ្យប្រជាជនបោះឆ្នោតជ្រើសរើស។ ចំណែកប្រជាពលរដ្ឋក៏មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងគណបក្សណាដែលខ្លួនស្រឡាញ់ ដែលខ្លួនជឿទុកចិត្តដែរ។ លោកមិនមែនហាមឃាត់អ្វីទេ តែមុននឹងសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សណាមួយនោះ ត្រូវគិតថាគណបក្សនោះអាចជាទីទុកចិត្តសម្រាប់អានាគតប្រទេសជាតិបានទេ ហើយគណបក្សណាដែលនៅជាមួយប្រជាជនបម្រើសំណូពររបស់ប្រជាជននៅមូលដ្ឋានពិតប្រាកដនោះ។ បើសិនជាស្រឡាញ់គណបក្សប្រជាជនកម្ពុជា ត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែលមានរូបទេវតាបាចផ្កាជាសម្គាល់។ លោករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលកន្លងមកតែងគាំទ្រការពារដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក។
តាមរបាយការលោក ឡុង ធាម អភិបាលស្រុកពញាក្រែកបានឲ្យដឹងថា វត្តមាគ៌ាបរិយត្តិយត្តិធម៌ ហៅវត្តក្បាលដំរីនេះ បានកើតឡើងក្នុងឆ្នាំ១៩៩៣ ត្រូវបានដឹកនាំគ្រប់គ្រងដោយព្រះចៅអធិការ ២អង្គ គឺព្រះនាម ចាន់ ភុន និងព្រះចៅអធិការ ឆាន់ សី រួមនឹងពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយបានកសាងទីសេនាសនៈមានកុដិ ព្រះវិហារ និងសមិទ្ធផលមួយចំនួន។ ដល់ឆ្នាំ២០០៦ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ព្រះចៅអធិការ ហ៊ន់ សេងហ៊ាន រួមនឹងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត និងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានកសាងឧបដ្ឋានសាលាដ៏ល្អត្រកាល ដែលទទួលបានការចូលរួមចំណែកជួយឧបត្ថម្ភសម្ភារៈ ថវិកា ពីសម្តេចប្រមុខដឹកនាំគណបក្ស មន្ត្រីគ្រប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ដែលឧបដ្ឋានសាលានេះបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ចំណាយអស់ទឹកប្រាក់សរុប ១០៣.៤៨៦.០០០រៀល ប៉ុន្តែក្នុងទឹកប្រាក់សរុបនេះ នៅខ្វះថ្លៃឈ្នួលជាង និងសម្ភារៈសំណង់ចំនួន ៣០.២១២.០០០រៀលទៀត។
សូមបញ្ជាក់ថា នៅក្នុងពិធីនោះដែរលោករដ្ឋមន្ត្រីក្រសួងការងារ ក៏បានបំពាក់គ្រឿងឥស្សរិយយសការងារ មេដាយការងារជូនដល់អ្នកមានស្នាដៃក្នុងការកសាងភូមិ ឃុំ និងនាំយកថវិកាចំនួន១០លានរៀលប្រគេនជូនដល់វត្តសម្រាប់ពិធីបុណ្យឆ្លងឧបដ្ឋានសាលា ព្រមទាំងចែកជូនថវិកា និងអំណោយមួយចំនួនដល់សាលាស្រុក សាលាឃុំ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកំលាំងការពារផងដែរ៕