ភ្នំពេញៈ កាលពីថ្ងៃទី ១៨ កុម្ភៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវកម្ពុជា បានសេចក្តីជូនដំណឹងមួយ ព្រមមានការចុះហត្ថលេខាដោយលោក ពេជ សោភ័ន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះ កុំឱ្យមានការចាញ់កលឆបោករបស់ទីភ្នាក់ងារឯកជន រូមមាន៖ អង្គការសាសនា វិទ្យាស្ថាននិងសហគន៍សាសានា ដែលបណ្តុះបណ្តាលភាសាកូរ៉េឲ្យរួសរាន់ដាក់ពាក្យបណ្តឹងចំនួន២ច្បាប់មកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមខេត្តទាំង២៣ រឺនៅគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសដែលស្ថិតនៅវិទ្យាស្ថានជាតិ ទំនប់កប់ស្រូវ។
យោងតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងទៀតថា យោងតាមបណ្តឹងរបស់គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើអង្គការអភិវឌ្ឃន៍អតីតយុទ្ធជនកម្ពុជាកាលពីថ្ងៃទី៩ ខែមករាកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនលោកស្រី ឯម សំអឿន នាយិការអង្គការអភិវឌ្ឃន៍អតីតយុទ្ធជនកម្ពុជាពីបទឆបោកក្រុមមានការចាត់តាំង និងបង្កើតឲ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ។
ទន្ទឹមនឹងនោះដែរ ក្រសួងការងារ ក៏បានបញ្ជាក់ថា ប្រព័ន្ធនៃការបញ្ជូនពលករទៅបម្រើការងារនៃសាធារណរដ្ឋកូរ៉េ គឺមានតែមន្ត្រី២រូប នៃក្រសួងមុខរបរ និងការងារនៅសាធារណរដ្ឋកូរ៉េកំពុងប្រចាំនៅកម្ពុជាតែប៉ុណ្ណោះ ដែលជាប្រព័ន្ធបញ្ជូនរវាងរដ្ឋាភិបាល ដែលមានគណៈកម្មាធិការ បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសដោយផ្ទាល់តែម្តងទីភ្នាក់ងារឯកជន អង្គការសាលាវិទ្យាស្ថាននិងសហគមន៍សាសនាដែលបណ្តុះបណ្តាលភាសាកូរ៉េ ពុំមានសិទ្ធក្នុងការជ្រើរើស និងបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េឡើយ។
ក្រសួងបានស្នើឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត/ក្រុងទាំង២៣ ទទួលយកពាក្យបណ្តឹងពីជនរងគ្រោះ ហើយបញ្ជូនពាក្យបណ្តឹងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ដើម្បីឲ្យគណៈកម្មាធិការប្រគល់ជូនសាលារាជធានីភ្នំពេញ ដើម្បីទាមទារសំណងដល់ជនរងគ្រោះ និងដាក់ទោសចំពោះជនដែលប្រព្រឹត្តខុសច្បាប់៕
ដោយ៖ ភីន រ៉ា