ភ្នំពេញៈ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សិស្ស និស្សិត យុវជនខ្មែរទាំងអស់ថា នាបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរមានមោទនភាពខ្លាំងណាស់ ដោយយុវជន យុវនារី សិស្សានុសិស្សយើង បាន គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ រក្សាបានសេចក្តីថ្លៃថ្នូរ ស្រឡាញ់កិត្តិយស មានសីលធម៌រស់នៅល្អ មានការយល់ដឹងខ្ពស់ ស័ក្តិសមជាកុលបុត្រ កុលធីតានៃមាតុភូមិដ៏បវរនៃយើង ដូច្នេះត្រូវប្រកាន់ឥរិយាបទថ្លៃថ្នូរទាំងនេះ នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ថ្ងៃ១៤ កុម្ភៈ ខាងមុខនេះ។
ជាមួយគ្នានោះ ក្រសួងអប់រំ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដោយសង្កេតឃើញយុវជន យុវនារី សិស្សានុសិស្សមួយចំនួនតូច បាននឹងកំពុងជ្រួលជ្រើមភ្លើតភ្លើនខ្លួន ទន់ទោរតាមការអូសទាញ ពីមិត្តមិនល្អ ចម្លងវប្បធម៌បរទេសដោយខ្វះការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជាការយកទិវា នៃក្តីស្រឡាញ់ ថ្ងៃទី ១៤ កុម្ភៈជាថ្ងៃដែលត្រូវបូជាខ្លួនប្រាណជូនគូសង្សារបណ្តាលឱ្យជ្រុលជ្រូស បាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារទៀតផង។
ក្រសួងអប់រំក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមជួយទប់ស្កាត់ និងអប់រំ យុវជន យុវនារី សិស្សានុសិស្ស ជាកូនចៅរបស់ខ្លួន ឲ្យប្រកាន់ឥរិយាបទថ្លៃថ្នូរប្រុងប្រយ័ត្នជានិច្ច កុំបណ្តោយខ្លួនឲ្យចាញ់បោកមិត្តមិនល្អ ជនខិលខូច ឬជនឱកាសនិយម នាំឲ្យខូចខ្លួនប្រាណបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងធ្វើឲ្យអាប់ឳនដល់ទំនៀមទម្លាប់ប្រពៃណីជាតិយើងផង។
ទោះបីជាយ៉ាងនេះក្តី បើតាមការសិក្សាស្រាវជ្រាវថ្មីរបស់លោក តុង សុប្រាជ អ្នកស្រាវជ្រាវឯករាជ្យផ្នែកសុខភាពសាធារណៈ ដោយធ្វើការស្ទង់មតិលើយុវជនជាង៧០០នាក់ នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញថា ចំនួនយុវជនដែលអាចនឹងរួមភេទនៅទិវានៃក្តីស្រឡាញ់១៤ កុម្ភៈនេះ មានការធ្លាក់ចុះតែការរួមភេទមិនប្រើស្រោមអនាម័យអាចនឹងកើនឡើងទ្វេដង បើប្រៀបធៀបនឹងការសិក្សានៅក្នុងឆ្នាំ២០០៩ ។ ហើយការស្ទង់មតិនេះ ធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៤ ក្នុងចំណោមយុវជនយុវនារី ៧១៥ នាក់នៅរាជធានីភ្នំពេញ ដែលមានទ្រព្យសម្បត្តិបង្គួរ និងមានអាយុចន្លោះពី១៥ ដល់ ២៤ឆ្នាំ។ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅទិវានៃក្តីស្រឡាញ់មានការធ្លាក់ចុះពី ១២,៤ ភាគរយ ក្នុងឆ្នាំ២០០៩ មកនៅត្រឹម ១១,៣ ភាគរយ ក្នុងឆ្នំា២០១៤។ ដោយឡែក យុវជនដែលមានគូសង្សារមានផែនការនឹងរួមភេទនៅថ្ងៃនោះមានការកើនឡើង ដោយនៅឆ្នាំ២០០៩ មាន ១៤,៣ ភាគរយ តែនៅឆ្នាំ២០១៤ មាន ១៥,៨ ភាគរយ។ នេះយោងតាមការសិក្សានៃការស្ទង់មតិនៅដើមឆ្នាំ ២០១៤នេះ។
ការស្ទង់មតិបង្ហាញទៀតថានៅក្នុងក្រុមនេះភាគរយដែលពួកគេមិនមានផែនការប្រើប្រាស់ស្រោមអនាម័យ មានការកើនឡើងពីរដង ពោលគឺនៅឆ្នាំ២០០៩ មាន ១៥,៦ ភាគរយ តែនៅឆ្នាំ២០១៤មានទៅដល់ ៣០,២ ភាគរយ។គួរបញ្ជាក់ថាការស្ទង់មតិខាងលើនេះបានបង្ហាញថាយុវវ័យមានការចាប់អារម្មណ៍តិចជាងមុនចំពោះការវិវឌ្ឍន៍នៃទិវាក្តីស្រឡាញ់ខាងមុខនេះ ជាពិសេសក្នុងចំណោមយុវវ័យ ដែលមានគូសង្សារ(នៅឆ្នាំ២០០៩មាន៨១% តែនៅឆ្នាំ២០១៤ មានតែ៥៦%ប៉ុណ្ណោះ)៕
ដោយ៖ ភីន រ៉ា