ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោក Fabio Moni តំណាងអង្គការ ACRA-CCS ទទួលបន្ទុកផ្នែកកិច្ចការច្បាប់ និងជាប្រធានគម្រោងកាត់បន្ថយសំណល់ថង់ប្លាស្ទិក ដើម្បីជួបសម្តែងការគួរសមនិងពិភាក្សាលើលទ្ធភាពអនុវត្តគម្រោងខាងលើនៅកម្ពុជា។
មានប្រសាសន៍ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានបង្ហាញនូវជំហរគាំទ្រដល់គម្រោងដែលនឹងជួយដល់ការគ្រប់គ្រងសម្រាមនៅកម្ពុជា ជាពិសេសការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមបណ្តាខេត្តធំៗ ដូចជា៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប តាមរយ:ការលើកកម្ពស់ការយល់ដឹងជាសាធារណ: ការបង្កើតជម្រើសថ្មីដែលជាផលិតផលក្នុងស្រុកជាជំនួសឱ្យថង់ប្លាស្ទិក។
ទន្ទឹមនឹងនោះលោកFabio ក៏បានបញ្ជាក់ជូននូវផែនការសកម្មភាពរបស់គម្រោង អង្គការនឹងឈានទៅរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធនឹងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ការអនុវត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា គម្រោងនេះនឹងជួយគាំទ្រដល់សកម្មភាពប្រឡងប្រណាំងទីក្រុងស្អាតនិងយុទ្ធសាស្ត្រលុបបំបាត់ភាពរាយប៉ាយសំណល់ថង់ប្លាស្ទិកនៅតាមទីប្រជុំជនរាជធានីខេត្តនៅឆ្នាំ២០១៥ខាងមុខ តាមរយ:ការរៀបចំបង្កើតឱ្យមានមូលនិធិអនាម័យបរិស្ថាន សម្រាប់ប្រើប្រាស់ក្នុងការសម្អាតសំរាមនិងទឹកលូនៅតាមទីប្រជុំជន ដោយចលនាឱ្យមានកិច្ចសហការជាមួយក្រសួងទេសចរណ៍ ជាពិសេសជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នបរិមាណសំរាម ដែលដឹកចេញពីរាជធានីភ្នំពេញ ជាមធ្យមមានចំនួន១.៤០០ តោនក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះអាចឡើងដល់ ១.៦០០ តោន ក្នុងមួយថ្ងៃ ខណៈដែលទីលានទំហំ៨ ហិកតា និងជម្រៅ ៩ ម៉ែត្រ ដែលប្តូរពីស្ទឹងមានជ័យ កាលពីឆ្នាំ ២០០៩ មានចំណុះផ្ទុកបានតែជាង១ លាន ៧ សែនតោន ត្រូវទទួលផ្ទុកសំរាមប្រមាណ១៥០០ តោន ជារៀងរាល់ថ្ងៃ៕
ដោយ៖ ភីនរ៉ា