ភ្នំពេញៈកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីសិទ្ធិទទួលបានយុត្តិធម៌នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤នេះនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានកិច្ចសហការពីសហព័ន្ធគណៈមេធាវីជប៉ុន និងអង្គការ(JICA)ជប៉ុន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សន្និសីទទទួលបានយុត្តិធម៌ គឺជាសន្និសីទសេរីភាពជាមូលដ្ឋានដ៏សំខាន់បំផុតមួយដែលមានន័យថា ជាលទ្ធភាពបុគ្គលគ្រប់រូបអាចទទួលបាននូវការការពារ ដោះស្រាយវិវាទតាមរយៈមធ្យោបាយមួយដែលមានប្រសិទ្ធភាព បើទោះបីជាបុគ្គលនោះស្ថិតក្នុងវណ្ណៈសង្គមបែបណាក៏ដោយ។
លោកបន្តទៀតថាសន្និសីទប្រភេទនេះធ្លាប់ត្រូវបានធ្វើឡើង២ដងរួចមកហើយ គឺនៅឆ្នាំ២០០៨នៅប្រទេសម៉ាឡេស៊ី និងនៅឆ្នាំ២០១០ នៅប្រទេសអូស្ត្រាលី។ នៅខែវិច្ឆិកា ឆ្នាំ២០០៣ កន្លងទៅនេះ គណៈមេធាវីកម្ពុជាធ្លាប់បានរៀបចំសន្និសីទប្រភេទនេះម្តងដែរ តែកាលនោះប្រធានបទនៃសន្និសីទគឺ«ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌កម្ពុជា សហព័ន្ធគណៈមេធាវីជប៉ុន មូលនិធិជំនួយផ្នែកច្បាប់របស់ប្រទេសជប៉ុន ក្រោមជំនួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
លោកប្រធានគណៈមេធាវីកម្ពុជា បញ្ជាក់ថា សន្និសីទនាពេលនោះគឺជាសន្និសីទដំបូងមួយសម្រាប់កម្ពុជាដោយបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្តល់សេវាជំនួយផ្នែក ច្បាប់ដល់ជនក្រីក្រដែលបានអញ្ជើញវាគ្មិន និងអ្នកចូលរួមជាច្រើន ហើយបានផ្តល់អនុសាសន៍ល្អសម្រាប់កម្ពុជា ជាពិសេសសម្រាប់គណៈមេធាវីកម្ពុជាក្នុងការរៀបចំ និងអភិវឌ្ឍន៍សេវាជំនួយផ្នែកច្បាប់ដល់ជនក្រីក្រនៅទូទាំងប្រទេស។
លោកប្រធានគណៈមេធាវីក៏បានបញ្ជាក់ដែរថា មាត្រាឮ៤ នៃក្រមសីលធម៌មេធាវីនៃគណៈមេធាវីកម្ពុជាបានកំណត់ពីមេសកកម្មរបស់មេធាវីគ្រប់រូបក្នុងការចូលរួមរៀបចំ នីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការការពារសិទ្ធិមនុស្ស។ នេះគឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងវិជ្ជាជីវៈមេធាវី និងសិទ្ធិទទួលបានយុត្តិធម៌។ហើយការការពារ ឬការតំណាងកូនក្តីនៅចំពោះមុខតុលាការដែលជាអ្នកស្វែងរកយុត្តិធម៌ គឺជាសកម្មភាពមួយដែលមេធាវីអាចការពារផលប្រយោជន៍ស្របច្បាប់របស់កូន ក្តី ដែលជាកត្តាជំរុញឲ្យពួកគេទទួលបានភាពស្មើគ្នាចំពោះមុខច្បាប់។
គួរបញ្ជាក់ដែរថា សន្និសទីស្តីពី «សិទ្ធិទទួលបានយុត្តិធម៌នៅអាស៊ីនេះ» គឺធ្លាប់បានប្រារព្ធធ្វើ ឡើងចំនួន២ដងរួចមកហើយ ដោយនៅឆ្នាំ២០០៨ នៅប្រទេសម៉ាឡេស៊ី និងឆ្នាំ២០០៣ នៅអូស្រ្តាលី៕
ដោយ៖ ភីន រ៉ា