ភ្នំពេញៈ គិតត្រឹមឆ្នាំ២០១៣ ការផ្តល់ឥណទាន នៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់ប្រមាណ ៤៤ភាគរយ គិតជាទឹកប្រាក់ប្រមាណជាង១,១៦ ពាន់លានដុល្លារអាមេរិក ដោយក្នុងឆ្នាំ២០១២ មានចំនួនត្រឹមតែ ៨០៤លានដុល្លារអាមេរិកប៉ុណ្ណោះ។ រយៈពេលដូចគ្នានេះ ប្រាក់បញ្ញើរ ក៏មានការកើនឡើងប្រមាណ ៦១ភាគរយ គិតជាទឹកប្រាក់ចំនួន៣៦០លានដុល្លារអាមេរិក ដែលនៅឆ្នាំ២០១២ មានត្រឹមតែ ២២៣លានដុល្លារអាមេរិក។ ដោយឡែក ទ្រព្យសកម្មសរុបក្នុងវិស័យនេះ ក៏មានការកើនឡើងប្រមាណ៤៨ភាគរយ ពីចំនួន ៩៦២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១២ ដល់ ១,៤២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។
លោកភិបាលធនាគារជាតិនៃកម្ពុជា ធ្លាប់បានលើកឡើងដែរថា ការបន្តអភិវឌ្ឍន៍រីកចម្រើនចំនួនគ្រឹះស្ថានមីក្រូហិ រញ្ញវត្ថុ ប្រភេទប្រតិបត្តិការ និងផលិតផលថ្មីៗ ជាមួយបរិយាកាស អំណោយផលទាំងផ្នែកច្បាប់ បទបញ្ញត្តិ និងគោល នយោបាយច្បាស់លាស់ ទើបធ្វើឲ្យវិស័យនេះ ទទួលបាននូវការជឿទុកចិត្តកាន់តែច្រើនឡើងពីសាធារណៈជន និង វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកជា ចាត់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបាននិយាយនៅក្នុងសន្និបាតបូកសរុបល ទ្ឋផលការងារប្រចាំឆ្នាំ២០១៣ របស់ធនាគារជាតិថា កម្ពុជានៅក្នុងឆ្នាំ២០១៣ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចជាតិមានភាពល្អប្រសើរ និងបានរក្សានូវអត្រាកំនើនជាប់ជាប្រចាំ។
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ការដែលអត្រាម៉ាក្រូសេដ្ឋកិច្ចជាតិមានកំណើនជាប់ជាប្រចាំនេះដោយសារតែ ធនាគារជាតិនៃកម្ពុជាបានរួមចំនែកបំពេញមុខងារភារកិច្ចរបស់ខ្លួនក្នុងការរក្សាស្ថេរភាពតំលៃតាមការអនុវត្តគោលនយោបាយរូបិយវត្ថុដោយមាន ភាពទន់ភ្លន់ និងប្រុងប្រយ័ត្នបំផុត។
ជាក់ស្តែងអតិផរណាត្រូវបានគ្រប់គ្រងឲ្យស្ថិតនៅកម្រិតទាបប្រមាណ៣% និងតម្លៃប្រាក់់រៀលមានស្ថិរភាពល្អប្រសើរដោយអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារ បានប្រែប្រួលបន្តិចបន្តួចជាមធ្យមក្នុងអត្រាប្រមាណ២% ពីព្រោះយើងបានខិតខំពង្រឹងប្រសិទ្ធិភាពនៃការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ និង អភិវឌ្ឍន៏ឧបករណ៍នយោបាយរូបិវត្ថុដោយផ្អែកលើទីផ្សារ ដើម្បីឆ្លើយតបនឹងការរីកចំរើននៃសេដ្ឋកិច្ចព្រមទាំងគ្រប់គ្រង ទុនបំរុងអន្តរជាតិរបស់ប្រទេសឲ្យបានកើនឡើងជាលំដាប់ដែលអាចធានា ការនាំចូលបានចំនួន៤ខែប្រកបដោយប្រសិទ្ធភាព។
គូរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០១៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា មានចំនួន៣៨ ជាមួយនឹងអ្នកដាក់ប្រាក់បញ្ញើរនៅក្នុងវិស័យនេះ មានចំនួនប្រមាណ ជាង៨២ម៉ឺននាក់៕
ដោយៈភីនរ៉ា