ភ្នំពេញ៖ គ្រោះអគ្គីភ័យដ៏រន្ធត់មួយដែលបានកើតឡើង កាលពីវេលាម៉ោង៩ និង ៤៥នាទីព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលស្ថិតនៅផ្ទះលេខ ១៥៨១ ផ្លូវជាតិលេខ២ ក្រុមទី២ ភូមិទួលរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។
ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុជាក់លាក់ ក្នុងករណីដែលបង្កឲ្យមានអគ្គីភ័យឆាប ឆេះឡើងប៉ុន្តែបើតាមការសន្និដ្ឋានជាបឋមរបស់មន្ត្រីនគរបាលផ្នែកបង្ការនិងពន្លត់អគ្គីភ័យបានឲ្យដឹងថា គឺអាច បណ្តាលមកពីជាងផ្សារដែរមិនប្រុងប្រយត្ន័ ទើបបណ្តាលឲ្យមានការឆាបឆេះឡើង បង្កឲ្យមានមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែងហេតុកើត (ស្រី២ និងប្រុស១នាក់) ១- ឈ្មោះ យឹម វណ្ណដេត ភេទស្រី អាយុ៣០ឆ្នាំ ជាប្រពន្ធរបស់ថៅកែក្លឹប, ២- ឈ្មោះ ធឿន ភេទប្រុស ជាប្អូនប្រុសរបស់ថៅកែ, ៣- ជាអ្នកកាន់ឃ្លាំង ភេទស្រី មិនទាន់ដឹងឈ្មោះ និងអាយុនៅឡើយ ។
ក្រោយទទួលបានព័ត៌មានភ្លាមតាមប្រព័ន្ធទូរស័ព្ទ ៦៦៦ ការិយាល័យបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួន ០៥ គ្រឿង ដើម្បីធ្វើអន្តរាគមពន្លត់បានទាន់ពេលដែលពុំបណ្តាលឲ្យរាលដាលដល់ផ្ទះជិតខាង ដោយប្រើប្រាស់អស់ទឹកចំនួន ១០ឡាន ស្មើនឹង ៤០ ម៉ែត្រគូប ទើបពន្លត់ឲ្យរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក៕
បើតាមប្រភពសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ដែរថា មុនពេលកើតហេតុក្លិបកម្សាន្តឃីក្លឹប ត្រូវបានរងការឆាបឆេះតែបន្ទប់មួយប៉ុណ្ណោះ ក្នុងអាគារដែលមានទំហំ៣០m ×១៥m ហើយក៏ចាប់ផ្តើមរាលដាលកាន់តែខ្លាំងឡើង បណ្តាលឆាបឆេះអស់សម្ភារប្រើប្រាស់និងទ្រព្យសម្បត្តិក្នុងក្លឹបមួយចំនួនធំផងដែរ។ ដោយ៖ អភិរក្ស