ភ្នំពេញ៖ ពិព័រណ៍សំខាន់ៗនៃពាណិជ្ជកម្មរបស់ប្រទេសថៃ នៅក្នុងប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១ ៤នេះនឹងត្រូវ ផ្តើមឡើងចាប់ពីថ្ងៃទី៦ខែកុម្ភៈខាងមុខនេះហើយដែលនឹងស្តង់ទំនិញ៣៦៤ស្តង់ត្រូវដាក់តាំងបង្ហាញនិងលក់ផលិត ផលពីរោងចក្រប្រទេសថៃ។ពិព័រណ៍ពាណិជ្ជកម្មថៃលើកដំបូងសម្រាប់ឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី៦ដល់ ថ្ងៃទី៩ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ក្នុងឆ្នាំនេះស្ថានទូតថៃប្រចាំកម្ពុជាសហការជាមួយក្រសួងពាណិជ្ជកម្មនឹងរៀបចំឲ្យមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា ៖ រៀបចំសិក្ខាសាលា ដើម្បីផ្តល់ចំណេះដឹងដល់ពាណិជ្ជករថៃ, កម្មវិធីចាប់ដៃគូពាណិជ្ជកម្ម, រាត្រីសមោសថៃឡង់ដ៍, ការរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មថៃ, ការបង្ហាញពីរបៀបធ្វើម្ហូប និងនំថៃ ព្រមជាមួយការលក់ម្ហូបអាហារ, រៀបចំ ស្តង់សម្រាប់ក្រុមហ៊ុនលក់រាយ និងរកតំណាងចែកចាយទំនិញ, ការប្រគុំតន្ត្រីដើម្បីផ្តល់ភាពសប្បាយ រីករាយជូន អតិថិជន ជាដើម។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល (Jiranun Wongmongkol) អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅប្រទេសកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៩ខែមករាបានឲ្យដឹងថា ពិព័រណ៍ ពាណិជ្ជកម្ម ថៃសម្រាប់ឆ្នាំ២០១៤នេះ គឺមានលក្ខណៈខុសប្លែកពីបណ្តាឆ្នាំកន្លងទៅ។
លោកស្រីបញ្ជាក់ថា ពិព័រណ៍ដែលត្រូវ ចាប់ផ្តើមនៅដើមខែកុម្ភៈ នឹងមានការដាក់តាំងបង្ហាញ នូវស្តង់ទំនិញ ៣៦៤ ស្តង់ មានផលិតផលទំនិញដូចជា៖ សម្ភារៈសំណង់ គ្រឿងបន្លាស់ម៉ាស៊ីន អាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងវាយ នភ័ណ្ឌ ទំនិញផ្នែកសុខភាព និង សម្ផស្សសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផ្ទះបាយ វត្ថុអនុស្សាវរីយ៍ សម្ភារៈតុបតែងផ្ទះ គ្រឿងបន្លាស់រថយន្ត និងឧបករណ៍ សម្ភារៈធ្វើពីស្បែក និងស្បែកជើង ជាដើម។ ទន្ទឹមការដាក់តាំងនេះ ក៏នឹងមាន ពាណិជ្ជករប្រហែល២០០នាក់ ចូលរួមសម្រាប់ចាប់ដៃគូពាណិជ្ជកម្ម(Business Matching)។
លោក Touchayoot Pakdi ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្ម នាពេលខាងមុខនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងគោលបំណងដើម្បីជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃ មានឱកាសបានទិញទំនិញពីម្ចាស់រោងចក្រ ដោយផ្ទាល់ក្នុងតម្លៃដែលអាចធានាបានថា ថោកជាងនៅលើទីផ្សារយ៉ាងពិតប្រាកដ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់ឲ្យដឹងបន្ថែមថា នៅឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងកម្ពុជា មានតួលេខប្រហាក់ប្រហែលនឹងកាលពីឆ្នាំ២០១២។ ក្នុងឆ្នាំ២០១២ ទំហំពាណិជ្ជកម្មទ្វេភាគីនេះ មានទឹកប្រាក់ចំនួន៣,៨០០លានដុល្លារអាមេរិក គឺបានការកើនឡើង៤០ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១១។ ពាណិជ្ជកម្មទ្វេភាគីនេះ ខាងប្រទេសថៃបាននាំចូលមកកាន់កម្ពុជា មានទឹកប្រាក់៣,៥០០លានដុល្លារ ហើយកម្ពុជាវិញបាននាំចេញទៅកាន់ថៃ មានទឹកប្រាក់៣០០លានដុល្លារ។
ទំនិញដែលកម្ពុជា បាននាំចូលពីប្រទេសថៃមានសម្ភារៈកសិកម្ម ជីកសិកម្ម ចំណីសត្វ ប្រេងសាំង ម្ហូបអាហារភេសជ្ជៈ សម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយ ជាដើម។ដោយឡែក កម្ពុជាបាននាំចេញទៅប្រទេសថៃវិញ មានដូចជា ផលិតផលកសិកម្ម មានដូចជា៖ ស្រូវ អង្ករ ពោត ដំឡូងមី ជាដើម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានថ្លែងថា បញ្ហានយោបាយនៅប្រទេសថៃ មិនបានធ្វើ ឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃនោះឡើយ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការឡើងថ្លៃនៃពន្ធគយ៕ ដោយ៖ រតនា